Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

គ​ម្រោ​ង​ឧបត្ថម្ភ​របស់​អាមេរិក ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​

​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ព្រឹក ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោកស្រី Veena Reddy ជា​នាយក​ទីភ្នាក់ងារ USAID ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ដើម្បី​សម្តែង​ការគួរសម និង​ជម្រាបលា​បន្ទាប់ពី​បញ្ចប់​បេសកកម្ម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​តាមរយ​:​លោកស្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក តាមរយ​:​ទីភ្នាក់ងារ USAID ដែល​បាន​ជួយ​អភិវឌ្ឍ​កម្ពុជា​រហូតមកទល់​ប​ច្ចុ​ប្បន្ន ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ​។


​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​លោកស្រី​ថា​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ទាន់ សម័យ ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល នា​ឆ្នាំ​២០៣០ និង ២០៥០ និង​ជាពិសេស​ឈាន​ជា​ជំហានៗ ឆ្ពោះ​ទៅជា​ប្រទេស​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​នាឱកាស​នេះ ក្នុងនាម​ឲ្យ​ទីភ្នាក់ងារ USAID លោកស្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាតឱ្យ​ក្រុមការងារ​ចូលជួប​ជម្រាបលា​ក្រោយ​បញ្ចប់​បេសកកម្ម​រយ​:​ពេល ០៤​ឆ្នាំ​នៅ​កម្ពុជា​។ ០៤​ឆ្នាំ​ត្រូវ​បានបញ្ចប់ បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​យ៉ាងច្រើន​មិនអាច​បំភ្លេចបាន​នៅលើ​ទឹកដី​អង្គរ​ដ៏​បវរ និង​ជាពិសេស​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​តាមរយ​:​ការអនុវត្ត​គម្រោង​កម្មវិធី​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

​លោកស្រី​សង្ឃឹមថា​សមិទ្ធផល​នេះ និង​គម្រោង​កម្មវិធី​ប​ន្ត​បន្ទាប់​ទៀត​ដែល​ទីភ្នាក់ងារ USAID គ្រោង​នឹង​ជួយ​ដល់​កម្ពុជា ប្រាកដជា​ចូលរួមចំណែក​ធ្វើការ​អភិវឌ្ឍ​ប្រទេសមួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព​នាពេល​អនាគត​។ តាមរយ​:​សមិទ្ធផល​នេះ ជាថ្មី​ម្តងទៀត លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ​ក្រសួង សហការី និង​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​យកចិត្ត​ទុក​ដាល់​សហការ ជ្រោមជ្រែង​គ្រប់បែប យ៉ាង​ធ្វើ​ឲ្យ​ការ អនុវត្ត​គម្រោង​នានា​សម្រេច​ទទួលបាន​ផ្លែផ្កា​គួរ​ជាទី​មោទន​។

​ឆ្លៀត​យក​ឱកាស​នេះ លោកស្រី​ក៏បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ​ថា ទីភ្នាក់ងារ USAID បានរៀបចំ​ស្នើសុំ​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ចំនួន​ទឹកប្រាក់ ៣​លាន​ដុល្លារ យកមកអនុវត្ត​គម្រោង​ស្តីពី ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ត្រជាក់ Cold Chain Logistic System ដោយ​ប្រើ​ប្រព័ន្ធ​សូ​ឡា ដើម្បី​ជួយ​ដល់​ការដាំដុះ និង​ការដឹកជញ្ជូន​បន្លែ ផ្លែឈើ ត្រី សាច់​មកកាន់​ទីផ្សារ ឲ្យ​កាន់តែ​ល្អប្រសើរ ធានាបាន​គុណភាព សុវត្ថិភាព និង​តម្លៃ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​គម្រោង Cold Chain Logistic System ព្រោះ​លោក​បញ្ជាក់ថា​វា​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម​បន្លែ ផ្លែឈើ ត្រី សាច់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជា​ជំហានៗ​ផ្អែកទៅលើ​ក​ស្តង់ដារ​ផលិត វេច​ខ្ចប់ ថែ​ក្សា​រ ដឹកជញ្ជូន និង​ដាក់តាំង​បង្ហាញ​ពិតប្រាកដ​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។

​លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​កសិផល សុខមាលភាព​សម្រាប់​អ្នក​បរិភោគ និង​កំណើន​តម្លៃបន្ថែម​។ ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ​ទៅ​ទីភ្នាក់ងារ USAID ថា​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​គួរ​គិតពិចារណា​លើ​គោលបំណង​របស់​គម្រោង​ធ្វើយ៉ាងណា​ឲ្យ​ស្របទៅតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម ពិសេស​ស្របតាម​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្ក​ង​កូ​វិដ​-១៩​។​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន