Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

តំបន់​អាទិភាព​ចំនួន​៦ ត្រូវបាន​កំណត់​ក្នុង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល បានកំណត់​យក​តំបន់​អាទិភាព​សំខាន់ៗ​ចំនួន​៦ សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ ដើម្បី​ពិភាក្សា​លើ​របាយការណ៍ បូកសរុប​លទ្ធផល​នៃ​ការរៀបចំ​ផែនការ មេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២១​។​

​សូមជម្រាបថា តំបន់​អាទិភាព​សំខាន់ៗ​ទាំង​៦ រួមមាន​៖
​ទី​១៖ តំបន់​របៀង​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ទាំង ៥ (​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ណា​ម​លៀរ លំផាត់ កែវ​សីមា និង​ស្រែ​ពក​) ដែល​អនុញ្ញាត​ឲ្យ​មានតែ​ការវិនិយោគ និង​អភិវឌ្ឍន៍​សកម្មភាព​ទេសចរណ៍ ដែលមាន​ការគិតគូរ​ច្បាស់លាស់​អំពី​បរិស្ថាន​។​
​ទី​២៖ តំបន់​របៀង​ទេសចរណ៍វប្បធម៌ និង​អេកូ​ទេសចរណ៍ ប៊ូ​ស្រា​-​ដាក់​ដាំ ដែល​លើកទឹកចិត្ត​ឲ្យ​មានការ​អភិវឌ្ឍ​តែ​សកម្មភាព​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ ភ្ជាប់​ជាមួយ​ទេសចរណ៍វប្បធម៌​ជនជាតិដើម​ភាគតិច​។​
​ទី​៣៖ ក្រុង​សែន​មនោ​រម្យ ដែលជា​បណ្តុំ​សកម្មភាព​ទេសចរណ៍​ពហុ​បំណង​។​
​ទី​៤៖ តំបន់​ស្រុក​អូររាំង ភ្ជាប់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ខេត្តមណ្ឌលគិរី ដែល​អាច​អភិវឌ្ឍន៍​ជា​តំបន់​ប្រជុំជន​រណប ភ្ជាប់​ជាមួយ​ក្រុង​សែន​មនោ​រម្យ​។​
​ទី​៥៖ តំបន់​ប្រជុំជន​នៃ​ស្រុក​កោះ​ញែក ដែលមាន​សក្តានុពល​ក្នុងការ​រៀបចំ​អភិវឌ្ឍន៍​ជា​មណ្ឌល​ទេសចរណ៍​នាពេល​អនាគត ហើយ​ដែល​ការអភិវឌ្ឍ​មាន​វិសាលភាព ទូលំទូលាយ​ជាង​ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​។​
​ទី​៦៖ តំបន់​ទេសចរណ៍​សមា​ហរ​ណ​តាម​ច្រកព្រំដែន ដែល​អនុញ្ញាត​ឲ្យ​មានការ​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​សមា​ហរ​ណ​។​

​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២១-២០៣៥) នេះ កំណត់​ចក្ខុវិស័យ​សំខាន់ៗ ដូចខាងក្រោម​៖
* ខេត្តមណ្ឌលគិរី ត្រូវ​កំណត់​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​ផ្កា បន្លែ និង​ផ្លែឈើ សម្រាប់​បំពេញតម្រូវការ​ក្នុងប្រទេស និង​ឈានដល់​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​។​
* ឆ្នាំ​២០៣៥ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មកកាន់​ខេត្តមណ្ឌលគិរី​នឹង​កើន​ឡើងដល់​ប្រមាណ ៩០ ម៉ឺន​នាក់ ខណៈដែល​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​នឹង​កើន​ឡើងដល់​ប្រមាណ ២ លាន​នាក់ បង្កើត​ការងារ​ប្រមាណ ៨ ម៉ឺន​កន្លែង និង​បង្កើត​ចំណូល​ដោយផ្ទាល់​ប្រមាណ ៥០០ លាន​ដុល្លារ និង​ដោយ​ប្រយោល​ប្រមាណ ១,០០០ លាន​ដុល្លារ ជាមួយ​មេគុណ​ប្រសិទ្ធភាព (Multiplier Coefficient) ចំនួន ២ ដង ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ខេត្តមណ្ឌលគិរី​។​
* រួមចំណែក​ធ្វើ​ឲ្យ​ភូមិភាគ​ឦសាន​ដែលមាន​ខេត្តមណ្ឌលគិរី​ជា​ស្នូល ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ បន្ទាប់ពី​តំបន់​រាជធានី​ភ្នំពេញ តំបន់ឆ្នេរ និង​តំបន់​សៀមរាប និង​ធ្វើ​សមាហរណកម្ម​ខេត្តមណ្ឌលគិរី​ជាមួយ​តំបន់​ផ្សេងៗ​ក្នុងប្រទេស និង​ក្នុង​តំបន់​។​
* រក្សា​តុល្យភាព​ឲ្យ​បាន​ម៉ឺងម៉ាត់​រវាង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ទេសចរណ៍ និង​អន្តរ​វិស័យ​គាំទ្រ ជាមួយ​ការអភិរក្ស​ធនធានធម្មជាតិ បេតិកភណ្ឌ​វប្បធម៌ ជនជាតិដើម​ភាគតិច ធានាបាន​ផ្លែផ្កា​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ជា​អតិបរមា ឈរលើ​គោលការណ៍​នៃ​ការបែងចែក​ផលប្រយោជន៍​ប្រកប ដោយ​សមធម៌​ទៅដល់​ភាគី​ពាក់ព័ន្ធ​។​

​ផែនការ​មេនេះ​មាន​លក្ខណៈ​ជា​ផែនការ​សមាហរណកម្ម​ជាមួយ​អន្តរ​វិស័យ​គាំទ្រ​សំខាន់ៗ​មួយចំនួន ដើម្បី​ជា​ត្រីវិស័យ​ដ៏​សំខាន់​ចង្អុលបង្ហាញ​យន្តការ និង​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ ដើម្បី​ឆ្លើយតប​នឹង​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល ៥​ឆ្នាំ (២០២១-២០៣៥) និង​បណ្តា​ឆ្នាំ​ខាងមុខ ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន និង​ការប្តេជ្ញាចិត្ត​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល ដោយ​ផ្តោតលើ​គោលបំណង​សំខាន់ ៣​គឺ​៖
​ទី​១៖ ខេត្តមណ្ឌលគិរី ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ប្រកបដោយ​ឧ​ត្ត​មា​នុ​វត្ត​ន៍​។​
​ទី​២៖ ខេត្តមណ្ឌលគិរី ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​ច្នៃប្រឌិត និង​ជា​មជ្ឈមណ្ឌល​សម្រាប់​តំបន់​ភាគ​ឦសាន​។​
​ទី​៣៖ ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែលមាន​ការគិតគូរ​ច្បាស់លាស់​នូវ​ទស្សនទាន «​ការអភិរក្ស​ដើម្បី​ការអភិវឌ្ឍ ហើយ​ការអភិវឌ្ឍ​ទ្រទ្រង់​ដល់​ការអភិរក្ស​» ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន