Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀន សាងសង​សម្រេចបាន​ជាង ២១%​ហើយ​

​ខេត្តបន្ទាយមានជ័យ​៖ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព និង​បច្ចេកទេស​នៃ​ការសាងសង់​អគារ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង តំណាង ស្ថានទូត​ជប៉ុន តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA) មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស​ផងដែរ​។​

​បេសកកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព បច្ចេកទេស​នៃ​ការសាងសង់ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា រួមទាំង​អគារ​រដ្ឋបាល​នៅ​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​-​បាន​ណង​អៀន ឱ្យមាន​គុណភាព​ខ្ពស់ ស្របតាម​បទដ្ឋាន បច្ចេកទេស​ដូច​មានចែង​ក្នុង​កិច្ចសន្យា ឬ​សៀវភៅ​បន្ទុក ក៏ដូចជា​ដើម្បី​ព​ន្លឿ​ន​ការងារ​សាងសង់​ឱ្យបាន​រួច រាល់​តាម​កិច្ចសន្យា​ដែល​បានកំណត់​។​

​សូម​បញ្ជក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន​៖ អគារ​ច្រក​ត្រួតពិនិត្យ​ព្រំដែន សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ ‌​​”​ឃ្លាំង និង​ទីលាន​កុង​ទី​ន័​រ​” និង​អគារ​រដ្ឋបាល​ជាដើម សាងសង់​ដោយ​ក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយ​ថវិកា​ប្រមាណ ៨៣៥ ២៥០ ១៦៨ បាត ក្រោម​គម្រោង​ឥណទាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសជិតខាង​(NEDA) ចំណាយពេល​២៤​ខែ គិត​រហូតមកដល់​ចុងខែ​មិថុនា ឆ្នាំ​២០២១ នេះ គម្រោង​នេះ​សម្រេចបាន​ប្រមាណ​២១,០៥%​ហើយ​។

​គួរ​កត់សម្គាល់ថា ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ស្ទឹង​បត់​-​បាន​ណង​អៀន​នេះ នឹង​បើកឱកាស​យ៉ាង ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ដែន ការបង្កើត​ការងារ​ធ្វើ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ សំដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​នៃ​ប្រជាជាតិ​ទាំងពីរ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន