Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា បន្ដ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មករ​-​និយោជិត​វិស័យ​កាត់ដេរ​-​ទេសចរណ៍ រយៈពេល​៣​ខែ​ទៀត​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បន្ដ​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មករ​-​និយោជិត ដែល​បាន​បម្រើ​ការងារ​ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ និង​កាបូប​ចំនួន​៤០​ដុល្លារ ក្នុង​រយៈពេល​៣​ខែ​បន្ថែមទៀត​។​

​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី «​សេចក្តីណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​» អំពី​វិធាន​ការបន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​នៃ​វិបត្តិ​, ការស្តារ និង​ជំរុញ​កំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ (​ជុំ​ទី​៩, ថ្ងៃទី​២៩ ខែកក្កដា ២០២១) នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​

​យោងតាម​សេចក្ដីប្រកាស​ព័​ត៌​ឲ្យ​ដឹងថា ក្រោម​ស្មារតី​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ និង​ការទទួលខុសត្រូវ​ខ្ពស់ រាជរដ្ឋាភិបាល​បានសម្រេច​ដាក់ចេញ វិធានការ​ចាំបាច់​នានា ជា​បន្តបន្ទាប់​ក្នុង​គោលបំណង​គ្រប់គ្រង ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បន្ត​ជំរុញ លំនឹង​អាជីវកម្ម​-​ធុរកិច្ច ក្នុង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​។​

​ក្នុងនោះ​រាជរដ្ឋាភិបាល បានសម្រេច​វិធានការ​បន្ត​ជួយ​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍​។​ បន្ទាប់ពី​រោងចក្រ​-​សហគ្រាស និង​អាជីវកម្ម ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ​, កាបូប និង​វិស័យ​ទេសចរណ៍ ទទួលបាន​លិខិតអនុញ្ញាត ឱ្យ​ព្យួរ​កិច្ចសន្យាការងារ និង​/​ឬ​លិខិត​អនុញ្ញាតឱ្យ​ពន្យារ​ការព្យួរ​កិច្ចសន្យាការងារ ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោយពី​បាន​បំពេញ តាម​លក្ខណៈវិនិច្ឆ័យ និង​លក្ខខណ្ឌ​នៃ​ការព្យួរ​កិច្ចសន្យាការងារ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​៖
* រាជរដ្ឋាភិបាល​បន្ត ផ្តល់ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​សម្រាប់​កម្មករ និយោជិត​១​នាក់ ដែល​បំពេញការងារ ក្នុង​វិស័យ​កាត់ដេរ​-​វាយ​ន​ភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ និង​កាបូប សម្រាប់​រយៈពេល​៣​ខែ​បន្ថែមទៀត ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០២១​។​
* ម្ចាស់​រោងចក្រ​-​សហគ្រាស ក្នុង​វិស័យនេះ​ត្រូវ​បន្ថែមចំនួន​៣០​ដុល្លារ​អាមេរិក សម្រាប់​កម្មករ​-​និយោជិត​១​នាក់ (​ជា​សរុប​កម្មករ​-​និយោជិត​១​នាក់ ទទួលបាន​៧០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​)​។​
* បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​៤០​ដុល្លារ​អាមេរិក ក្នុង​មួយខែ​ជូន​កម្មករ​-​និយោជិត​១​នាក់ ដែល​បំពេញការងារ ក្នុង​វិស័យ​ទេសចរណ៍​ដូចជា​៖ សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍ សម្រាប់​រយៈពេល​៣​ខែ​បន្ថែមទៀត ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០២១​។​
* សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង បន្ថែម​លើ​អ្វីដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​។​
* បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ​, ផ្ទះសំណាក់​, ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះបញ្ជី ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅក្នុង​រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប​, ខេត្ត​ព្រះសីហនុ​, ខេត្ត​កែប​, ខេត្តកំពត​, ក្រុង​បាវិត និង​ក្រុង​ប៉ោយប៉ែត សម្រាប់​រយៈពេល​៣​ខែ​បន្ថែមទៀត ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០២១​។​
​អាជីវកម្ម​ទាំងនេះ នៅតែមាន​កាតព្វកិច្ច ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម (E-VAT) ជា​រៀងរាល់ខែ ក្នុងអំឡុងពេល​នៃ​ការលើកលែង​នេះ​។​
* បន្ត​លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុងអំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម​។​
* បន្ត​ពន្យារ​ការចាប់ផ្តើម​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន រយៈពេល​៦​ខែ​បន្តទៀត គឺ​រហូតដល់​ដំណាច់ ខែធ្នូ ឆ្នាំ​២០២១​។​
​ការពន្យារ​ពេលនេះ នឹងត្រូវ​ផ្អែកលើ​ការវាយតម្លៃ​ជា​បន្តបន្ទាប់​នូវ ស្ថានភាព​សង្គម សេដ្ឋកិច្ច​ជាក់ស្តែង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន