Connect with us

Hi, what are you looking for?

កម្សាន្ត

ពេញ​១​ខែមិថុនា​! ភ្ញៀវ​ជាង ៣​សែន​នាក់ ចេញ​ដើរ​កម្សាន្ត​ទូទាំងប្រទេស

​ភ្នំពេញ​៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ពេញ​១​ខែមិថុនា មាន​ភ្ញៀវទេសចរ​ជាង ៣​សែន​នាក់ បាន​ដើរ​កម្សាន្ត​ទូទាំងប្រទេស ដែល​ចំនួន​នេះ​កើនឡើង ៧៨,៥៩% បើ​ធៀប​នឹង​ខែឧសភា​។​

​ឯកឧត្តម ថោង ខុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ភ្ញៀវ​សរុប​ដែល​ដើរ​កម្សាន្ត មាន​ចំនួន ៣៤៦.៥១៨ នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ ៣៤២.១០៩ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៤.៤០៩ នាក់​»​។​ ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​, ស្ថិតិ​ភ្ញៀវ​ដែល​បាន​ដើរ​កម្សាន្ត ក្នុង​ខែមិថុនា ប្រចាំ​សប្តាហ៍​នីមួយៗ រួមមាន​៖
* សប្តាហ​ទី​១ ភ្ញៀវ​ប្រមាណ ៧៦.៦៩៨ នាក់​
* សប្តាហ​ទី​២ ភ្ញៀវ​ប្រមាណ ៧០.៨៧១ នាក់​
* សប្តាហ​ទី​៣ ភ្ញៀវ​ប្រមាណ ១០៩.០៩៥ នាក់​
* សប្តាហ​ទី​៤ ភ្ញៀវ​ប្រមាណ ៨៩.៨៥៤ នាក់​។​

គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដែលមាន​សកម្មភាព​ទេសចរណ៍​ច្រើនជាងគេ​ក្នុង​ខែមិថុនា​នេះ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ៦០.២៧៧ នាក់
* ខេត្តកំពត​៖ ៥០.៦៥១ នាក់​
* ខេត្តកំពង់ស្ពឺ​៖ ៣៩.៣០០​នាក់​
* ខេត្តបាត់ដំបង​៖ ៣៥.១៤២ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៣២.៩៥៣ នាក់​
* ខេត្ត​កែប​៖ ២០.៧៤៨ នាក់​
* ខេត្តសៀមរាប​៖ ២០.២២៦ នាក់​។​
«​ចំនួន​នេះ​មានការ​កើនឡើង​ប្រមាណ ៧៨,៥៩% ធៀប​នឹង​ខែឧសភា​កន្លងមក ប៉ុន្តែ​ក៏​នៅ​ថយចុះ​ប្រមាណ ៤៣,៤% ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២០»​។

​ឯកឧត្តម​បន្តថា គោលដៅ​ទេសចរណ៍​តំបន់ឆ្នេរ (​ពិសេស​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​) រួមជាមួយ​គោលដៅ​អេកូ​ទេសចរណ៍ ទេសចរណ៍ធម្មជាតិ និង​ក​សិ​ទេសចរណ៍ គឺជា​គោលដៅ​សំខាន់​ដែល​បាន​ស្រូប​ទាញ​ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​ច្រើន​។​

​ទន្ទឹមនឹងនេះ ក៏មាន​គោលដៅ​ទេសចរណ៍​មួយចំនួន​តូច​បានទទួល​ភ្ញៀវ​លើស​សមត្ថភាព​ផ្ទុក (Carrying Capacity) ដោយសារតែ​ភ្ញៀវ បាន​សម្រុក​ទៅលេង​ច្រើន ក្នុងពេល​ដំណាលគ្នា ពិសេស​ក្នុង​ថ្ងៃ​ឈប់សម្រាក​ចុង​សប្តាហ៍ ប៉ុន្តែ​ក្រសួងទេសចរណ៍ ដែលមាន​មន្ទីរ​ទេសចរណ៍​ជា​សេនា និង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​ចុះ​ពិនិត្យ និង​ណែនាំ​ឲ្យ​គោរព​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មានការ​កកកុញ មនុស្ស​អ៊ូរ​អរ​ច្រើន​បន្តទៀត​។​

​ជារួម ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​បន្ត​កើន​ឡើងជា​បណ្តើរៗ បន្ទាប់ពី​រាជរដ្ឋាភិបាល បាន​បើក​ដំណើរការ​រមណីយដ្ឋាន​ទេសចរណ៍​ឡើងវិញ រហូតដល់​បំណាច់​ចុងខែ​មិថុនា​នេះ ប៉ុន្តែ​មិនទាន់មាន​សន្ទុះ​ខ្លាំងក្លា​នៅឡើយ បើ​ធៀប​នឹង​ឆ្នាំ​២០២០​កន្លងមក ដោយសារ​តំបន់​ខ្លះ​នៃ​រាជធានី​ខេត្ត​មួយចំនួន មានការ​កើនឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​ចាត់​វិធាន​ដាច់ដោយឡែក និង​ដោយ​កន្លែង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន