Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ ប្រកាស​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​កូ​វីដ​-១៩ ពី​កូរ៉េ និង​ចែកចាយ​បន្ត​ក្នុងតម្លៃ​ដើម​

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រកាស​ឱ្យដឹងថា ក្រសួង នឹង​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ (Covid-19 Rapid Antigen Test) ពី​ប្រទេស​កូរ៉េ ដើម្បី​ចែកចាយ​បន្ត​ក្នុងតម្លៃ​ដើម ៣,៧ ដុល្លារ​អាម៉េរិក ក្នុង​មួយ​ឧបករណ៍​។ ឧបករណ៍​តេស្ត​រហ័ស​នេះ នឹងត្រូវ​លក់​ជូន​ក្នុង​គោលដៅ​យកទៅ​ប្រើប្រាស់​តែប៉ុណ្ណោះ ដោយ​មិនត្រូវ​យកទៅលក់​បន្ត​ឡើយ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ព្រលប់​ថ្ងៃទី​១ ខែកក្កដា​នេះ បានឱ្យដឹងថា ការនាំ​ចូល និង​ចែកចាយ​បន្ត​នូវ​ឧបករណ៍​តេស្ត​រហ័ស​នេះ គឺ​ដោយ​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​រួមចំណែក​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា​។​

​ក្រសួង​ប្រៃសណីយ៍ ក៏បាន​ប្រាប់​ដល់​ថ្នាក់ដឹកនាំ ឬ​ម្ចាស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន​ពាក់ព័ន្ធ ដូចជា គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ទីតាំង​ប្រមូលផ្តុំ​ដែលមាន​ការគ្រប់គ្រង​ទាំងអស់ ដែលមាន​បំណង​ចង់យក​សំណាក​លើ​បុគ្គលិក និយោជិត កម្មករ​របស់ខ្លួន អាច​ទំនាក់ទំនង​មក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​។​

​ជាមួយគ្នានេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​បណ្តុះបណ្តាល​លើ​ការយក​សំណាក​នេះ​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព មុននឹង​ប្រគល់​ឧបករណ៍​តេស្ត​រហ័ស​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន