Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​សាធារណការ ចាប់​រថយន្ត ១៤៣​គ្រឿង យកមក​ទុក​រយៈពេល​មួយឆ្នាំ ដោយសារ​ដឹក​ធ្ងន់​ពេក​

​ភ្នំពេញ​៖ ដោយ​អនុលោម​តាមច្បាប់ និង​តាម​សេចក្ដីជូនដំណឹង ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ នឹង​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចាប់ពី​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១ បាន​ផាកពិន័យ និង​ឃាត់​រក្សាទុក​រថយន្ត​រយៈ​ពេល​មួយឆ្នាំ​ចំនួន ១៤៣​គ្រឿង ដែលជា​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ លើសពី​២០% នៃ​ទម្ងន់​អនុញ្ញាត​។

​រថយន្ត​ដឹក​លើស​ទម្ងន់​ទាំងនោះ​ត្រូវបាន​ឃាត់ទុក​ដោយ​ក្រុមការងារ​ក្រសួង​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​លើស​ទម្ងន់​ដែល​ចុះ​តាម​បណ្តា​ខេត្ត​នានា និង​គោលដៅ​ដើមទី​នៅ​ខេត្តបាត់ដំបង និង​ស្ថានីយ​ជញ្ជីង​អចល័ត​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​គួរ​បញ្ជាក់ថា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍​ក្នុងពេល​ចុះ​ពិនិត្យ​វឌ្ឍនភាព​ផ្លូវជាតិ​លេខ​៣ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១ នោះ​ថា ក្រសួង​នឹង​ចាត់​វិធានការណ៍​តាម​នីតិវិធី​ដោយ​គ្មាន​យោគយល់​ខ្សែ​នរណា​ឡើយ ហើយ​សកម្មភាព​នៃ​ការចុះ​ប្រតិបត្តិការ​នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​ទូទាំងប្រទេស​ដូច​ភ្លៀងរលឹម ដើម្បី​រឹតបន្តឹង​ការដឹកជញ្ជូន​ឲ្យ​ស្របតាម​ច្បាប់ ការពារ​មិន​ឲ្យ​មាន​ជនខិលខូច​ដឹក​លើស​ទម្ងន់​ឡើយ​។

​ក្រសួង​នៅតែ​បន្ត​អនុវត្ត​វិធានការ​នេះ​បន្តទៀត ដោយ​មិន​យោគយល់​ចំពោះ​ឡាន​អ្នកក្រ ឡាន​អ្នកមាន អ្នកមាន​ខ្នង ឬ​ឡាន​អ្នក​អត់​ខ្នង​អ្វី​ឡើយ ព្រោះ​រថយន្ត​ដឹក​លើស​ទាំ​នោះ​ធ្វើឱ្យ​ខូច​ផ្លូវ​ដូចគ្នា​។

​ជាថ្មី​ម្តងទៀត ក្រសួង​សូម​រំលឹក​ជូន​ដល់​ម្ចាស់​រោងចក្រ​ស៊ីម៉ង​ដូចជា រោច​ចក្រ​ស៊ីម៉ង់ CONCH ការដ្ឋាន​ផលិត​ថ្ម ដេប៉ូ​ខ្សាច់ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ថា​៖ ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ​ដូចនេះ​សូម​ម្ចាស់​រោងចក្រ​ស៊ីម៉ង ការដ្ឋាន​ផលិត​ថ្ម ដេប៉ូ​ខ្សាច់ ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​គោរព​ច្បាប់ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ខាងលើ​៕​

 

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន