Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ១​លាន​ដូ​ស​ថ្មី​ទៀត ​ដឹក​មកដល់​កម្ពុជា​ហើយ​

​ភ្នំពេញ​៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​របស់​ចិន​ចំនួន ១​លាន​ដូ​ស​បន្ថែមទៀត ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​ពី​ភាគី​ចិន ត្រូវបាន​ដឹក​តាម​យន្តហោះ​មកដល់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែកក្កដា ឆ្នាំ​២០២១​នេះ​។​

​ក្នុង​ខែកក្កដា​នេះ វ៉ាក់សាំង​ពី​ប្រទេស​ចិន នឹង​មកដល់​កម្ពុជា​ចំនួន ៥​លាន​ដូ​ស​។ ក្នុងនោះ​នៅ​ថ្ងៃទី​៦ ខែកក្កដា ចំនួន ១​លាន​ដូ​ស​។ នៅ​ថ្ងៃទី​១០ ខែកក្កដា មកដល់​ចំនួន ៤​លាន​ដូ​ស ក្នុងនោះ ១​លាន​ដូ​ស ជា​ស៊ី​ណូ​ហ្វា​ម ហើយ ៣​លាន​ដូ​ស​ជា​ស៊ី​ណូ​វ៉ា​ក់​។

ដោយឡែក​នៅ​ខែសីហា ខាងមុខនេះ កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ចំនួន ៤​លាន​ដូ​ស​បន្ថែមទៀត​។ វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន​ក្នុង​ខែកក្កដា និង​ខែសីហា នេះ គឺជា​ចំនួន​វ៉ាក់សាំង​គម្រប់ ២០​លាន​ដូ​ស ដែល​បានកំណត់​ក្នុង​ផែនការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការរក​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​។​

​វ៉ាក់សាំង គឺ​យុទ្ធសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​ការពារ​សុខ​ភាព​របស់​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូ​វីដ​១៩​។ តាមរយៈ​វ៉ាក់សាំង ដែល​កម្ពុជា​ទទួលបាន​ជា​បន្តបន្ទាប់ ជួយ​ឱ្យ​កម្ពុជា​សម្រេច​ផែនការ​លើ​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​គិត​ត្រឹម​ថ្ងៃទី​០៤ ខែកក្កដា កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ជនបរទេស​នៅ​កម្ពុជា បាន​ចំនួន​ជាង ៤.៥​លាន​នាក់​ហើយ ស្មើនឹង​ជាង ៤៥​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចាក់​ក្នុង​ផែនការ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន