Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០២៣ នៅ​កម្ពុជា ក្លាយ​ជា​យុទ្ធនាការ​ទាក់ទាញ​ទេសចរ​អន្តរជាតិ មក​អាស៊ាន​ឡើងវិញ​

​ភ្នំពេញ​៖ ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ឯកភាពគ្នា​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​សហការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ឱ្យ​ក្លាយជា​យុទ្ធនាការ​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យមក​ទស្សនា​នៅក្នុង​តំបន់​អាស៊ាន​ឡើងវិញ ក្រោយ​មានការ​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ចូលមក​រំខាន​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​អន្តរជាតិ​ចូលមកក្នុង​តំបន់​នេះ​។​ ​ការឯកភាព​គ្នា​នេះ​ធ្វើឡើង ក្នុង​កិច្ចប្រជុំ​ស្ថាប័ន​ទេសចរណ៍​ជាតិ​អាស៊ាន​លើក​ទី​៥៤ តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ដឹកនាំ​ដោយ​កម្ពុជា​។​

​នាឱកាស​នោះដែរ តំណាង​ប្រទេស​សមាជិក​អាស៊ាន​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម និង​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន​នៅពេល​ខាងមុខ ជាពិសេស​បានសម្រេច​រៀប​ចំ​សកម្មភាព​ផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន ដោយ​យក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ២០២៣ (SEA Game 2023) ជា​ព្រឹត្តិការណ៍​ទាក់ទាញ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​តំបន់​របស់ខ្លួន​។​

​ក្រសួងទេសចរណ៍​កម្ពុជា​បាន​បញ្ជាក់ថា ការរៀបចំ​ផែនការ​ផ្សព្វផ្សាយ​នេះ​នឹង​ពិភាក្សា​លម្អិត​ក្នុង​កម្រិត​គណៈកម្មាការ​ទេសចរណ៍​អាស៊ាន​។​ ​ស្រប​នឹង​គំនិត​ផ្តួចផ្តើម​នេះ អាស៊ាន​ក៏បាន​ឯកភាព​លើ​ការដាក់​ឲ្យ​អនុវត្ត​នៅពេល​ខាងមុខ​នូវ​ផែនការ​ស្តារ​វិស័យ​ទេសចរណ៍​អាស៊ាន អមដោយ​ការរៀបចំ​គោលការណ៍​អាស៊ាន​រួម​ស្តីពី អនាម័យ និង​សុវត្ថិភាព​ដែល​នឹងដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២១​នេះ​។​

​លើសពីនេះ​ទៀត អាស៊ាន​ក៏បាន​ឯកភាព​ដាក់ចុះ​កម្មវិធី​ស្តារ​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង (Intra-ASEAN Travel Program) អាស៊ាន​ដែល​នឹងត្រូវ​អនុវត្ត​នៅពេល​ខាងមុខ​។​ សូម​រំលឹកថា ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ រួមទាំង​កម្ពុជា​ផងដែរ បាននិងកំពុង​រៀបចំ​បើកទទួល​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​អន្តរជាតិ​របស់ខ្លួន​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...