Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាស៊ាន ពិភាក្សា​លើ​ផែនការ​ជំរុញ​ការបើក​ទេសចរណ៍​តំបន់​ឡើងវិញ​

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ទេសចរ​ណ៍​ជាតិ​អាស៊ាន​លើក​ទី​៥៤ កាលពី​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ The 54th ASEAN National Tourism Organizations (NTOs) Meeting) តាមរយៈ​ប្រព័ន្ធ​វី​ឌី​អូ​ខន​ហ្វើ​រេ​ន​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ ឯកឧត្ដម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍ ដោយបាន​ពិភាក្សា​អំពី​គម្រោង​បើក​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ឡើងវិញ ប្រកបដោយ​ការទទួលខុសត្រូវ និង​សុវត្ថិភាព​។

​កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​ការងារ​ទេសចរណ៍​អាស៊ាន​ដែល​បាន​អនុវត្ត​កន្លងមក និង​បន្ត​ពិនិត្យ​លើ​ការងារ​មួយចំនួន​បន្ថែមទៀត សំដៅ​ត្រៀម​រៀបចំខ្លួន​បើក​វិស័យ​ទេសចរណ៍​ឡើងវិញ រួមមាន​ជាអាទិ៍​៖

១៖ ការអនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​ទេសចរណ៍​អាស៊ាន ២០២១-២០២៥ សំដៅ​ផ្សព្វផ្សាយ​ពី​ការ​រៀបចំខ្លួន​រួចរាល់​ក្នុង​ការទទួល​ទេសចរណ៍​អន្តរជាតិ និង​បង្កើន​ទំនុកចិត្ត​ដល់​ភ្ញៀវទេសចរ​។​
២៖ ផែនការមេ​ស្តីពី​ការតភ្ជាប់​តំបន់​អាស៊ាន ២០២៥ លើ​ការអនុវត្ត​គម្រោង​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំរង់ការ​ទេសចរណ៍​ឌីជីថល​អាស៊ាន (Enhance ASEAN Tourism Digital Platforms)​។​
៣៖ គោលការណ៍​ណែនាំ​ស្តីពី​អនាម័យ និង​សុវត្ថិភាព​សម្រាប់​អ្នកធ្វើការ និង​សហគមន៍​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។​
៤៖ ការសិក្សា​លើ​ផលប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ​-១៩ គោលនយោបាយ និង​ការអនុវត្ត​ល្អ​បំផុត អនុសាសន៍​សម្រាប់​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ សម្រាប់​ទេសចរណ៍​អាស៊ាន​។​
៥៖ ផែនការ​សកម្មភាព​ស្តី​ពី​សេចក្តីថ្លែងការណ៍​ភ្នំពេញ ស្តីពី​ទេសចរណ៍​អាស៊ាន​ប្រកបដោយ​និរន្ត​ភាព បរិ​យាប​ន្ន និង​ភាពរឹងមាំ​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទេសចរណ៍​ជាតិ​អាស៊ាន​លើក​ទី​៥៤​នេះ នឹង​ប្រព្រឹត្តទៅ​ពេញ​មួយ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ ភ្ជាប់​ជាមួយ​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទេសចរណ៍​ជាតិ​អាស៊ាន​បូក​បី និង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ទេសចរណ៍​ជាតិ​អាស៊ាន​បូក​បី​បូក​ឥណ្ឌា នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២១៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន