Connect with us

Hi, what are you looking for?

កម្សាន្ត

ក្រសួងបរិស្ថាន រកឃើញ​វត្តមាន​សត្វ​កែះ នៅក្នុង​តំបន់ការពារធម្មជាតិ​កម្ពុជា

​សត្វ​កែះ ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះថ្នាក់​ជាស​កល និង​ជាស​ត្វ​ស្ថិតក្នុង​ឧបសម្ព័ន្ធ​ទី​១ របស់​អនុសញ្ញា​សាយ​តេស​។ ថ្មីៗ​នេះ ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​បាន​រកឃើញ​វត្តមាន​សត្វ​កែះ​នៅក្នុង​តំបន់ការពារធម្មជាតិ​និង​កម្ពុជា​តាមរយៈ​ការដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ស្ថិតក្នុង​ក្របខណ្ឌ​នៃ​ការសិក្សា​ចងក្រង​ទិន្នន័យ​ប្រភេទ​សត្វ​កម្រៗ​នៅ​កម្ពុជា​។



ប្រភេទ​សត្វ​កម្រ​នៅលើ​ពិភពលោក​នេះ​ត្រូវបាន​កត់សម្គាល់ថា​មាន​វត្តមាន​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ​នៅ​កម្ពុជា ដែល​នេះ​គឺជា​ការផ្តល់​នូវ​ទិន្នន័យ​មួយ​យ៉ាងសំខាន់​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​នៅ​កម្ពុជា ក៏ដូចជា​សម្រាប់​ពិភពលោក​ទាំងមូល​។ ​គេ​មិនទាន់មាន​ទិន្នន័យ​ពិតប្រាកដ​ថា​មាន​សត្វ​កែះ​ប៉ុន្មាន​ក្បាល​រស់នៅ ក្នុងប្រទេស​កម្ពុជា​ទេ តែ​ប្រភេទ​សត្វ​នេះ​មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប​បំផុត​ដោយសារតែ​ជាស​ត្វ​កម្រ​។
​បច្ចុប្បន្ននេះ សត្វ​កែះ​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ពូជ​ដោយសារ​ការ​បរបាញ់ ការដាក់​អន្ទាក់​និង​ការបាត់បង់​ជី​ជម្រក​។ អ្វីដែល​ធ្វើឱ្យ​សត្វ​កែះ​រងគ្រោះ​ខ្លាំង​ដោយសារតែ​ការ​ប្រមាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឺ​ង​ក្នុងការ​ជួញដូរ​ដោយសារតែ​ជំនឿ​។

​យោងតាម​ការសិក្សា កែះ​មាន​សម្បុរ​ខ្មៅ​ប្រផេះ និង​រោម​វែង​ស្តើ​ង៊ វា​មាន​ដងខ្លួន​ខ្លី ហើយ​ជើង​ទាំង ៤​របស់​វា​វែង​។ ផ្នែក​ខាងលើ​ដងខ្លួន​សម្បុរ​ខ្មៅ និង​ផ្នែក​ក្រោម​នៃ​ជើង​ចាប់ពី​ក្បាលជង្គង់​ចុះ​មាន​ពណ៌​ចម្រុះ​ខ្មៅ ប្រផេះ លឿង​។ នៅលើ​ពំនូក​ក្បាល​រហូតដល់​ស្មា​របស់​វា​មាន​រោម​រឹង​វែងៗ​សណ្ឋាន ដូចជា​ប្រែង​។ ​វា​មាន​ស្នែង​ដូច​សត្វ​ពពែ ដុះ​កោង​ទៅក្រោយ​បន្តិច ប្រវែង​ប្រហែល ២៨០​ម​ម ពណ៌​ខ្មៅ និង​មាន​គន្លាក់ៗ​ជា​រង្វង់​នៅ​ផ្នែក​គល់​។ កន្ទុយ​ខ្លី ហើយ​មាន​រោម​សំពោង​ពណ៌​ខ្មៅ​ប្រផេះ​។

​តាម​ការសិក្សា ចំពោះ​ជីវសាស្ត្រ​វិញ សត្វ​កែះ​ចូលចិត្ត​រស់នៅ​តំបន់​ព្រៃភ្នំ ជ្រលង ផ្ទាំង​ថ្ម​ខ្ពស់ៗ​ដែល​មា​គម្រប​ព្រៃ និង​មាន​ស្រទាប់​រុក្ខជាតិ​ថ្នាក់ក្រោម​ច្រើន​។ កែះ​មាន​ជើង​យ៉ាង​ចំណាប់​ក្នុង​ការដើរ​ឡើង​តាម​ផ្ទាំង​ថ្ម​ចោតៗ​។ នៅពេល​ថ្ងៃ​វា​ចូលចិត្ត​សម្រាក​តាម​គម្ពោត​ព្រៃ​ក្រាស់ ហើយ​ចេញ​រកស៊ី​នៅពេល​ព្រលឹម ឬ​ក្បាល​ព្រលប់​។ វា​ចូលចិត្ត​ស៊ី​ស្លឹក​រុក្ខជាតិ និង​ល្បះ​គ្រប់​ប្រភេទ​។ សត្វ​កែះ​ចូលចិត្ត​យក​រូងភ្នំ​រាក់ៗ​ធ្វើជា​ទីជម្រក​របស់​វា ហើយ​គេ​អាច​សម្គាល់​វត្តមាន​វា​ដោយសារ​គំនរ​លាមក​។

ដោយសារតែ​កែះ​ជាស​ត្វ​មាន​ភាពរហ័សរហួន និង​ពូកែ​ស្រង់ក្លិន ភ្នែក​ពូកែ និង​រស់​នៅតាម​ទីជម្រក​ស្ងាត់​ដូច្នេះ​គេ​កម្រ​នឹង​ជួបប្រទះ​វា​ណាស់​។ រដូវ​បន្ត​ពូជ​សត្វ​កែះ​មាននៅ​ខែតុលា និង​ខែធ្នូ ហើយ​កើត​បានកូន ១ ជួនកាល​ភ្លោះ​មាន​ដោយ​កម្រ បន្ទាប់ពី​ពពោះ ៧ ខែ​។ កូន​រស់នៅ​ជាមួយ​មេ​វា​ស្ទើរ​ពេញ​មួយឆ្នាំ ទើប​ចាកចេញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...