Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​កម្ពុជា អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១!

​ព្រះករុណា ព្រះបាទ​នរោត្តម សីហមុនី ព្រះមហា​ក្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​អបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២១ ដោយ​បញ្ជាក់ថា ពិធីបុណ្យ « រុក្ខទិវា » គឺជា​ចលនា​បំផុសបំផុល​ការដាំដុះ​ដើមឈើ​ដ៏​ធំ​មួយ និង​ជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ឧត្តុង្គឧត្តម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​ចលនា​នេះ​ចាប់​មាន​តាំងពី « សម័យ​សង្គមរាស្ត្រនិយម » ក្រោម​ព្រះរាជ​បូជនីយកិច្ច​ផ្ដួចផ្ដើម និង​ដឹកនាំ​ដោយ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ពិធី​នេះ​បាន​ចាប់​កកើត​តាំងពី​ទសវត្ស​៣០ មកម្ល៉េះ ដោយមាន​ការចូលរួម​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ និង​បាន​ក្លាយទៅជា​សកម្មភាព​យ៉ាង​ធំ​ទូលំទូលាយ ក្នុង​ចលនា​ទិវា​ពលកម្ម​ដាំ​ដើមឈើ​នៅក្នុង​សង្គម ដែល​ទីបំផុត​ត្រូវបាន​ទទួលស្គាល់​ជា​ពិធី​ប្រពៃណីជាតិ​មួយ​ហៅថា «​ពិធី​រុក្ខទិវា​» ដែល​បាន​កំណត់ដោយ​ព្រះរាជកិច្ច លេខ​៧៣៨ នស​.​រកត ចុះ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៥២​។​

​ម្យ៉ាងទៀត​បច្ចុប្បន្ន « រុក្ខទិវា » ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយមាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ព្រៃឈើ នា​ឆ្នាំ​២០០២ ជំពូក​ទី​១២ មាត្រា​ទី​៦០ បាន​ចែងថា​៖ ដើម្បី​ជម្រុញ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​សារសំខាន់​និង​ផលប្រយោជន៍​ព្រៃឈើ ទិវា​ពលកម្ម​ដាំ​កូនឈើ ជា​ប្រពៃណីជាតិ​ហៅថា «​រុក្ខទិវា​» ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែកក្កដា ជា​រៀងរាល់ឆ្នាំ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ព្រះរាជតំណាង​។​

​ទិវា​នេះ​ពិត​ជាមាន​អត្ថន័យ​ដ៏​ឧដុង្គឧត្តម និង​ឧ​ត្ត​ម​ប្រយោជន៍​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រទេសជាតិ បាន​ឆ្លុះបញ្ចាំង​ពី​ភាពរឹងមាំ​នៃ​ការកសាង​គ្រឹះ​សេដ្ឋកិច្ចជាតិ ក្រោម​កិច្ច​រួបរួម​ជា​ធ្លុង​មួយ​បង្ហាញ​ពី​សក្ខីកម្ម​នៃ សាមគ្គីភាព រវាង​ប្រជារាស្ត្រ​និង​មន្ត្រីរាជការ​ទូទាំងប្រទេស​ក្នុងការ​ជម្រុញ​លើកទឹកចិត្ត​ចូលរួម​ចលនា​ដាំ​ដើមឈើ​ដើម្បី​ផ្ដល់​ជា​សារប្រយោជន៍​ធនធាន​ទ្រទ្រង់​វិស័យ​កសិកម្ម​បង្កើន​សុខុមាលភាព​គ្រួសារ និង​ជីវភាព​សង្គម ព្រមទាំង​កិច្ច​គាំពារ​បរិស្ថាន ស្របតាម​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថា​« ព្រៃឈើ​គឺជា​សរសៃឈាម ក្នុង​វិស័យ​កសិកម្ម​ជាតិ ជា​អាយុជីវិត​ប្រជាកសិករ និង​ជា​ខឿន​នៃ​សេដ្ឋកិច្ចជាតិ ដូច្នេះ​យើង​ត្រូវតែ​រួបរួមគ្នា ថែរក្សា​ការពារ​ព្រៃឈើ និង​ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់ៗ​គ្នា »៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន