Connect with us

Hi, what are you looking for?

កម្សាន្ត

ក្រសួងបរិស្ថាន អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​នានា និង​កុំ​បេះ​ប្រភេទ​ផ្កា​រុក្ខជាតិ​ព្រៃ ដែល​កំពុង​រងគ្រោះ​

ខណៈ​ប្រពល​រដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​បានធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង​ការកម្សាន្ត​ធម្មតា និង​ទាំង​លក្ខណៈ​ផ្សងព្រេង មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ដោយ​វេច​ខ្ចប់​និង​ទុកដាក់​សំណល់​រឹង​សំរាម​ឱ្យ បាន​ត្រឹមត្រូវ និង​ជាពិសេស​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​នានា​ជាពិសេស​គួរ​កុំ​បេះ​ប្រភេទ​ផ្កា​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​ដើម្បី​រក្សា​ពូជ​និង​សោភ័ណភាព​រមណីយដ្ឋាន​ឱ្យបាន​ស្អាត​សម្រាប់ ការ​ទស្សនា​កម្សាន្ត​រប​ស់​ភ្ញៀវទេសចរ​ដទៃទៀត​ដែល ចូលចិត្ត​និង​ស្រឡាញ់​ធម្មជាតិ​។



ការអំពាវនាវ​របស់​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​នេះ​ធ្វើឡើង​ក្រោយពី​សង្កេតឃើញថា​នៅមាន​ភ្ញៀវទេសចរ​មួយចំនួន​តូច​មិនទាន់បាន​គោរព​ត្រឹមត្រូវ​នូវ​វិធាន​អនាម័យ​បរិស្ថាន និង​ពេលខ្លះ​បាន​បេះ​ផ្កា​មួយចំនួន​ដូចជា​ប្រភេទ​ផ្កា​បំពង់​ក្រ​ឡោម​ជាដើម​ដែលជា​ប្រភេទ​រុក្ខជាតិ​ដែល​កំពុង​រងគ្រោះ​បាត់បង់​ពូជ​ដើម្បី​ថតរូប​បង្ហាញ​ពី សេចក្តីស្រឡាញ់​របស់ខ្លួន​។ ​មន្ត្រីជាន់ខ្ពស់​ក្រសួង​បរិ ស្ថាន​រូបនេះ​ថ្លែងថា ប្រសិនបើ​ស្រឡាញ់ និង​សរសើរ​ថា រុក្ខជាតិ​ទាំងនេះ​ស្អាត​គួរ​ថែរក្សា​វា​នៅលើ​ដើម​ដើម្បី​ទុកឱ្យ​ភ្ញៀវទេសចរ​ផ្សេងទៀត​បានឃើញ​សម្រាប់​ដ៏​ស្អាត​នៃ​ជីវៈចម្រុះ​ទាំងនេះ​ផង​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា យោងតាម​ការសិក្សា​រប​ស់​អ្នកជំនាញ ផ្កា​បំពង់​ក្រ​ឡោម​, បំពង់​ស្រមោច ឬ​អ្នកខ្លះ​ហៅថា «​ផ្កា​បំពង់​លុក​» ឬ «​ផ្កា​ក្រឡូម​ពារ​» ភាសា​បច្ចេកទេស Pitcher plants (Nepenthes) គឺជា​ពួក​រុក្ខជាតិ​ស៊ីសាច់ ដែល​គេ​បានដឹង​តិចតួច​ណាស់​នៅ​កម្ពុជា​។ គេ​ហៅ​វា​ថា​ជា​រុក្ខជាតិ​ស៊ីសាច់​ព្រោះ​វា​អាច​ចាប់ សម្លាប់ និង​រំលាយ​សត្វ​ដែល​ចូលទៅក្នុង​ទម្រង់​ស្លឹក​ពិសេស​របស់​វា​។

​រុក្ខជាតិ​នេះ​មាន​ដុះ​នៅតាម​តំបន់ការពារធម្មជាតិ​នានា នៅ​កម្ពុជា​ហើយ​ទីតាំង​ដែលមាន​ឈ្មោះ​ល្បី​គឺ​ដូចជា​នៅ លើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ នៅ​តំបន់​ខ្នង​ផ្សារ ក្នុង​ឧទ្យាន​ជាតិ​ជួរ​ក្រវ៉ា​ញ​កណ្តាល​ជាដើម​។ ផ្កា​បំពង់​ក្រ​ឡោម​ជា ប្រភេទ​រុក្ខជាតិ​ម្យ៉ាង​មាន​រាង​ដូច​បំពង់ ហើយ​ផ្ទុក​សារធាតុ ម្យ៉ាងដែ​លអាច​ទាក់ទាញ​សត្វល្អិត​ឱ្យ​ធ្លាក់ចូល​ទៅក្នុង​បំពង់​របស់​វា ហើយក៏​លង់ទឹក​ក្នុង​បំពង់​នោះ​រហូតដល់​ស្លាប់​។ នៅពេល​សត្វល្អិត​ងាប់​ហើយ​នោះ សរីរាង្គ​ពិសេស​របស់​វា​ក៏​ចាប់ផ្ដើម​បំបែក​រំលាយ​សាកសព​សត្វល្អិត​ទៅជា​សារធាតុចិញ្ចឹម ធ្វើឱ្យ​រុក្ខជាតិ​ប្រភេទ​នេះ​លូតលាស់​បានល្អ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​ថ្លែងថា នៅលើ​ពិភពលោក ផ្កា​បំពង់​ក្រ​ឡោម​នេះ​មាន​ដល់​ទៅ ១២៩ ប្រភេទ​ក្នុងនោះ​មាន ៥​ប្រភេទ បាននិងកំពុង​ដុះ​លូតលាស់​នៅ​ប្រទេស​កម្ពុជា​ដែល​រួមមាន​៖ ទី​១៖ Nepenthes bokorensis ជា​ប្រភេទ​ដែលមាន​វត្ត​មាននៅ​តំបន់ភ្នំ​ពពក​វិល វាលស្រែ​៥០០ វាលស្រែ​១០០ នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​»​។ ទី​២៖ Nepenthes holdenii មាន​ដុះ​នៅតាម​តំបន់ភ្នំ​នៃ​ភាគ​និរតី​ប្រទេស​កម្ពុជា ដូចជា​នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ​ជាដើម​។ ទី​៣៖ Nepenthes kampotiana Lecomte មាន​ដុះ​នៅក្នុង​ខេត្តកំពត ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​នៅតាម​តំបន់​ជួរ​ភ្នំក្រវាញ​។ ទី​៤៖ Nepenthes mirabilis (Loureiro) Druce មាន​ដុះ​នៅ​ខេត្តកំពត ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ​។ ទី​៥៖ Nepenthes smilesii Hemsley មាននៅ​ដុះ​ខេត្តកំពត និង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ «​គិរី​រម្យ​» នៃ​ខេត្តកំពង់ស្ពឺ​។

​បើតាម​ឯកឧត្តម​រដ្ឋលេខាធិកា​រ នេត្រ ភក្ត្រា រាល់​រុក្ខជាតិ​បំពង់​ក្រ​ឡោម​ទាំងអស់នេះ ត្រូវ​បានដាក់​ក្នុង​ឧបសម្ព័ន្ធ​ទី​២ (Appendix II) នៃ​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រងគ្រោះ (CITES) ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការជួញដូ​រ នោះឡើយ​។

​ឯកឧត្តម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​ជីវៈចម្រុះ​ក្នុងនោះ​មាន​ផ្កា​បំពង់​ក្រ​ឡោម​ជាដើម​ដើម្បី​ការពារ​ថែរក្សា​ពូជ​ឱ្យបាន​នៅ​គង់វង្ស​និង​ចូលរួម​ថែរក្សា​សោភ័ណភាព​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​ឱ្យនៅ​ស្រស់ស្អាត ទាក់ទាញ​ភ្ញៀវទេសចរ ដទៃទៀត​ឱ្យមក​ទស្សនា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ឱ្យបាន​ច្រើន បង្កើត​ការងារ​ជូន​សហគមន៍ និង​ផ្តល់​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន