Connect with us

Hi, what are you looking for?

អន្តរជាតិ

ម៉ាឡេស៊ីនិងថៃមានករណីឆ្លងកូវីដ​១៩ កើនឡើងខ្ពស់

នេះជាថ្ងៃទី២ហើយ ដែលម៉ាឡេស៊ីនបានបំបែកកំណត់ត្រា នៃការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដោយកាលពីថ្ងៃសុក្រម្សិលមិញ ចំនួនអ្នកឆ្លងរហូតដល់ ៩,១៨០នាក់ផងដែរ ត្រូវបានរាយការណ៍។ នៅក្នុងតំបន់ Klang Valley ដែលកំពុងរងការរាតត្បាតជំងឺ COVID-19 ខ្លាំងបំផុតនោះ បាននិងកំពុងបង្កើនការធ្វើតេស្ត និងរឹតត្បិតការធ្វើចរាចរណ៍ជារួម។

 

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីត្រូវបានបិទខ្ទប់ (lockdown) ទាំងស្រុងជាលើកទី ៣ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា បន្ទាប់ពីករណីឆ្លង COVID-19 ក្នុងមួយថ្ងៃជាង ៩,០០០នាក់ ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។ គិតត្រឹមពេលនេះ ម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ៨២០,០០០ករណី ក្នុងនោះស្លាប់ជាង ៦,០០០នាក់ និងជាសះស្បើយវិញជាង ៧៣០,០០០នាក់។

ដោយឡែកនៅក្នុងប្រទេសថៃវិញ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩,៣២៦នាក់ និងស្លាប់ ៩១នាក់ (ជាចំនួនករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត) នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈមន្ទីរពេទ្យមួយចំនួន ជាពិសេសនៅក្នុងទីក្រុងបាងកក កំពុងប្រឈមមុខនឹងការខ្វះខាតគ្រែសម្រាប់អ្នកជំងឺ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ (ICU)។

បើតាមក្រសួងសុខាភិបាលថៃ នៅក្នុងករណីឆ្លងទាំងអស់ខាងលើនេះមាន ៩,១៣៤នាក់ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ និង ១៩២ករណីនៅលើអ្នកទោសនៅតាមពន្ធនាគារ។ ចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសថៃ បានកើនឡើងដល់ ៣៣៦,១៥៨នាក់ ក្នុងនោះស្លាប់ ២,៦២៥នាក់ និងជាសះស្បើយឡើងវិញ ២៤៣,៩១៨នាក់។

ប្រឈមមុខនឹងរលកទី៣នៃ COVID-19 នាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ទីក្រុងបាងកក និងខេត្តចំនួន ០៩ ទៀតឲ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់ (lockdown) រយៈពេលយ៉ាងហោច ១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយទៅ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន