Connect with us

Hi, what are you looking for?

កម្សាន្ត

អាជ្ញាធរ​ជាតិ​អប្សរា កំពុងដំណើរការ​ជួស​ជុល​ប្រាសាទត្រពាំងផុង​ផ្នែក​ខាងលិច​សម្រេចបាន​ជិត​៤០​ភាគរយ​

ខេត្តសៀមរាប​៖ ប្រាសាទត្រពាំងផុង ជា​ប្រាសាទ​ទោល សាងសង់​អំពី​ឥដ្ឋ ស្ថិតនៅ​ក្នុងភូមិ​គោក​ស្រុក ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ប្រាសាទ​នេះ​ត្រូវបាន​សាងសង់ឡើង នៅ​ពាក់កណ្តាល​សតវត្ស​ទី​៩ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៣ ឧទ្ទិស​ដល់​ព្រហ្ម​សាសនា​។ ដោយសារ​កត្តា​អាកាសធាតុ អាយុកាល និង​កត្តា​មនុស្ស ធ្វើឱ្យ​ប្រាសាទ​នេះ មាន​សភាព​ទ្រុឌទ្រោម​ជាខ្លាំង​។​

​លោក​សារាយ គឹម​ហួល បុរាណ​វិទូ និង​ជា​ប្រធាន​អភិរក្ស​តំបន់​រលួស នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ដោយ​មើលឃើញ​អំពី​ស្ថានភាព​នៃ​ការខូចខាត របស់​ប្រាសាទត្រពាំងផុង ទើប​នៅ​ដើមឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បានធ្វើ​ការជួសជុល ដើម្បី​លើក​តម្លៃ សំណង់​បុរាណ​មួយ​នេះ​ឡើងវិញ​។

​លោក​បន្តថា ក្នុង​ដំណើរការ​ជួសជុល ត្រូវ​បន្ថែម​ឥដ្ឋ​ថ្មី​ប្រមាណ​ពី​២០​ទៅ​៣០​ភាគរយ ជំនួស​ឥដ្ឋ​ចាស់​ដែល​ខូចខាត​។ ដូច្នេះ​ក្រុម​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ បាន​សិក្សា​ស្វែងយល់​អំពី​លក្ខណៈ​របស់​ឥដ្ឋ ដែល​ត្រូវ​យកមក​ជំនួស​ឥដ្ឋ​ចាស់ ធ្វើយ៉ាងណា​ឱ្យ​គុណភាព​ឥដ្ឋ​ថ្មី មាន​លក្ខណៈ​ស្រដៀង​និង​ឥដ្ឋ​ចាស់​។​

​លោក​បន្តថា នៅក្នុង​គម្រោង​ជួស​ជួល​ប្រាសាទត្រពាំងផុង​ផ្នែក​ខាងលិច ត្រូវ​ចំណាយ​ពេលវេលា​ចំនួន​១​ឆ្នាំ ទើប​រួចរាល់ ដែល​មកដល់ពេលនេះ​ដំណើរការ​ជួសជុល​សម្រេច​បាន​ប្រមាណ​៤០​ភាគរយ​ហើយ​។ ដោយ​ការងារ​នេះ ជួបប្រទះ​បញ្ហា​ប្រឈម​ខ្លះៗ ដូចជា​ផ្លូវ​តូចចង្អៀត​ពិបាកធ្វើ​ដំណើរ ការដឹកជញ្ជូន​សម្ភារ​ចេញចូល ខែវស្សា​ត្រូវធ្វើ​ដំណើរ​ដោយ​ទូក​ជាដើម​។​

​លោក​បាន​ឱ្យដឹងទៀតថា ប្រាសាទត្រពាំងផុង​នេះ ធ្លាប់មាន​ការជួសជុល និង​ធ្វើ​កំណាយ​ស្រាវជ្រាវ​ម្តង​រួចមកហើយ កាលពី​អំឡុង​១៩៣៦ ដោយ​សាលា​បារាំង​ចុង​បូ​ពា៍ ដោយបាន​ធ្វើការ​ជួសជុល​រៀបចំ​ខឿន នៅ​បរិវេណ​ជុំវិញ​តួរ​កណ្តាល​នៃ​ប្រាសាទ​និង​បាន​រកឃើញ​រូបចំលាក់​មួយចំនួន យកទៅ​រក្សាទុក​នៅ​អភិ​ក្ស​ដ្ឋា​ន​អង្គរ​។​

​សូមបញ្ជាក់ថា ប្រាសាទត្រពាំងផុង មាន​ទំហំ​ខឿន​០៧​ម៉ែត្រ​បួន​ជ្រុង និង​កម្ពស់​១៦​ម៉ែត្រ ជា​ប្រាសាទ​ទោល ធ្វើ​អំពី​ឥដ្ឋ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន