Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត​ដឹក​លើស​ទម្ងន់ ២០​គ្រឿង ត្រូវ​សមត្ថកិច្ច​ចាប់​ផាក​ពី​ន័យ ក្នុងខេត្តចំនួន៣

ក្នុង​ប្រតិបត្តិការ​ចល័ត​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១២-១៣ ខែកក្កដា ឆ្នាំ​២០២១ ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ត្រួតពិនិត្យ និង​ឃាត់​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន ២០​គ្រឿងក្នុង​ខេត្តសៀមរាប កណ្តាល និង​ខេត្តកំពង់ស្ពឺ​។

​ចំពោះ​ប្រតិបត្តិការ​នៅ​ខេត្តសៀមរាប ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ចំនួន ១៣​គ្រឿង ដោយ​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់ពី ៥​តោន ដល់ ២៨​តោន ចំនួន ៧​គ្រឿង ក្នុងនោះ​យានយន្ត​ចំនួន ០៣​គ្រឿង​ដែល​លើស​ចាប់ពី ២០%​នៃ​ទម្ងន់​អនុញ្ញាត​ត្រូវ​ឃាត់ទុក​រយៈពេល ១​ឆ្នាំ​។

​ដោយឡែក​នៅ​ខេត្តកណ្តាល លើផ្លូវ​ជាតិ​លេខ​២០ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ចំនួន ៧​គ្រឿង ដោយ​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់ពី ១០​តោន ដល់​២២​តោន​ទាំង ០៧​គ្រឿង ដែល​លើស​ទម្ងន់​ចាប់ពី ២០% នៃ​ទម្ងន់​អនុញ្ញាត​ត្រូវ​ឃាត់ទុក​រយៈពេល ១​ឆ្នាំ​។ ក្នុង​ប្រតិបត្តិការ​ចុងក្រោយ​លើផ្លូវ​ជាតិ​លេខ​៤១ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ក្រុមការងារ​បាន​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​ចំនួន ០៦​គ្រឿង ដោយ​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចាប់ពី ១៥​តោន ដល់​២០​តោន ចំនួន ០៦​គ្រឿង ក្នុងនោះ​យានយន្ត​ចំនួន ០៤​គ្រឿង ដែល​ដឹក​លើស​ទម្ងន់​ចាប់ពី ២០% នៃ​ទម្ងន់​អនុញ្ញាត​ត្រូវ​ឃាត់ទុក ១​ឆ្នាំ​។​

​យោងតាម​ទិន្នន័យ​ខាងលើ​យានយន្ត​ចំនួន ២០​គ្រឿង​ត្រូវបាន​ពិន័យ ក្នុងនោះ​យានយន្ត​ចំនួន ១៤​គ្រឿង​ត្រូវ​ឃាត់ទុក​ចំនួន ១​ឆ្នាំ​ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​។

​ក្រសួង​សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ជាថ្មី​ម្តង​ទៀតថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់ និង​សេចក្ដីជូនដំណឹង​ខាងលើ​យ៉ាង​តឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន