Connect with us

Hi, what are you looking for?

កម្សាន្ត

រួមគ្នា​ផ្សព្វផ្សាយ និង​លើក​តម្លៃ សក្តានុពល​ធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ​នៅក្នុង​តំបន់ការពារធម្មជាតិ​

​ក្រសួងបរិស្ថាន និង Cambodia Amazing Trip Planner បាន​សហការគ្នា​ផ្សព្វផ្សាយ និង​លើក​តម្លៃ សក្តានុពល​ធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ​នៅ​ដែន​ការពារ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន និង​បង្កើន​គោលដៅ​ទេសចរណ៍ធម្មជាតិ​។​

​នេះ​ជា​ដំណាក់កាល​ទី​១ ដែល​ក្រសួងបរិស្ថាន​និង Cambodia Amazing Trip Planner បាន​ចាប់ដៃគ្នា​សិក្សា ស្រាវជ្រាវ និង​កំណត់​ទិសដៅ​ទស្សនាចរ នៅ​ដែន​ការពារ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​នរោត្តម​ភ្នំ​គូលែន តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង​ដែនជម្រកសត្វព្រៃ គូលែន​ព្រហ្ម​ទេព ក្នុង​គោលបំណង​លើកស្ទួយ​សេដ្ឋកិច្ច​ជីវភាព​ប្រជាជន​ក្នុង​តំបន់ និង​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ វប្បធម៌ សាសនា និង​ប្រវត្តិសាស្ត្រ តាមរយៈ​វិស័យ​ទេសចរណ៍ធម្មជាតិ នៅក្នុង​តំបន់​ការពារ​ទាំង​០៣​ខាងលើនេះ​។

​ការសិក្សា និង​ការអនុវត្ត​គម្រោង​នេះ បាន​ចូលរួម​ពី​ក្រុមការងារ​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​របស់​ក្រសួងបរិស្ថាន ឧ​ទ្យា​នុ​រក្ស ក្រុមការងារ​បច្ចេកទេស​របស់ Cambodia Amazing Trip Planner តំណាង​សហគមន៍​មូលដ្ឋាន និង​ក្រុមយុវជន​ស្ម័គ្រចិត្ត សរុប​ចំនួន ២០​នាក់ ដោយ​ប្រើប្រាស់​ថវិកា​បានមកពី​ការចូលរួម​បដិភាគ ពី​មូលនិធិ​បរិស្ថាន និង​សង្គម​នៃ​ក្រសួងបរិស្ថាន និង​ថវិកា​របស់ Cambodia Amazing Trip Planner​។​

​ជា​លទ្ធផល​ជំហាន​ដំបូង ក្រុមការងារ​បានកំណត់​នូវ​សក្តានុពល​ដែល​មាននៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន កំណត់​បាន​គោលដៅ​ទស្សនាចរ និង​បាន​កត់ត្រា​ឯកសារ​កំណត់​ទីតាំង កំណត់​អត្តសញ្ញាណ​តំបន់ ដើម្បី​រៀបចំ​ជា​ទិសដៅ​ទស្សនាចរ និង​ដើម្បី​លើក​ស្លាក​សញ្ញា​សម្គាល់​គោលដៅ​ទេសចរណ៍​សំខាន់ៗ និង​ស្លាក​សញ្ញា​អប់រំ​បរិស្ថាន​។ ទន្ទឹមនឹងនេះ ក្រុមការងារ​ផលិត​បាន​នូវ​រូបភាព និង​វីដេអូ ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​តំបន់ កញ្ចប់​សេវាកម្ម​របស់​សហគម​ន៍ និង​សក្តានុពល​ទេសចរណ៍ វប្បធម៌ និង ធម្មជាតិ​ដែលមាន​នៅលើ​ភ្នំ​គូលែន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន