Connect with us

Hi, what are you looking for?

កម្សាន្ត

ការជួសជុល​តួ​កណ្តាល​ប្រាសាទតុប​ខាងលិច​ សម្រេចបាន​៦០​ភាគរយ​ហើយ

ក្រុម​អ្នកបច្ចេកទេស​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា​ប្រទេស​ជប៉ុន​កំពុងដំណើរការ​ជួសជុល​តួ​កណ្តាល​នៃ​ប្រាសាទតុប​ខាងលិច ដែល​ទទួលរង​ការខូចខាត​ដួលរលំ​ស្ទើរ​ទាំងស្រុង ដោយសារ​កត្តា​អាយុកាល មនុស្ស និង​កត្តា​ធម្មជាតិ​។ រហូតមកដល់​ពេលនេះ​សម្រេចបាន​លទ្ធផល​ជាង ៦០​ភាគរយ​ហើយ​។​

​លោក ឡាំ សុ​ភ័​ក្រ អ្នកសម្របសម្រួល​គម្រោង​ជួសជុល​របស់​វិទ្យាស្ថាន​ជាតិ​ណា​រ៉ា បានឱ្យដឹងថា ចាប់ពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ជួសជុល​តួ​កណ្តាល​ប្រាសាទតុប​ខាងលិច​ពី​ឆ្នាំ​២០១៧ រហូតដល់​ពេលនេះ យើង​បានធ្វើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៅតាម​បច្ចេកទេស​អាណា​ស្ទី​ឡូ (Anastylosis) ដោយ​រុះរើ​ទាំងស្រុង​តួ​ប៉ម​កណ្តាល​ចាប់ពី​ដំបូល​ចុះមក​គ្រឹះ​ថ្មបាយក្រៀម​ចាស់ រួច​ធ្វើការ​បង្ហាប់​ពង្រឹង​បណ្តា​ទីតាំង​ចន្លោះប្រហោង​នៅ​ផ្នែក​ខាងក្រោម ដែលជា​ចំណុច​បង្កឱ្យមាន​ការស្រុត​រលំ​តួ​ប្រាសាទ ហើយ​ធ្វើ​ការរៀប​ផ្គុំ​តួ​ប៉ម​ឡើងវិញ​ទៅតាម​លំនាំ​ដើម​ទាំងស្រុង​។

ក្នុង​ការរៀប​ផ្គុំ​ឡើងវិញ​នេះ យើង​បាន​ប្រើប្រាស់​ថ្ម​ថ្មី​ប្រហែល​ពី ២០ ទៅ​២៥​ភាគរយ​ជំនួស​ថ្ម​ចាស់​ដែល​ពុកផុយ និង​បាត់បង់​(​ថ្ម​ថ្មី​ដែល​យក​ជំនួស​យើង​មិនបាន​ឆ្លាក់​ក្បាច់​ឱ្យ​ដូច​ថ្ម​ដើម​វិញ​ទេ គឺ​គ្រាន់តែ​ឆ្លាក់​ជាហេតុៗ​ប៉ុណ្ណោះ​)​។ គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​នា​អំឡុង​ខែ​មិនា​ឆ្នាំ​២០២២​ខាងមុខ​។

​លោក​បន្តទៀតថា មុន​ឈានដល់​ការជួសជុល​តួ​កណ្តាល​នេះ វិទ្យាស្ថាន​ជាតិ​ណា​រ៉ា ធ្លាប់បាន​ចូលរួម​ជួសជុល​តួ​ខាងត្បូង និង​ខាងជើង​របស់​ប្រាសាទតុប​នេះ នា​ចន្លោះ​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៧​។ ជា​បន្តបន្ទាប់​ទៀត​ក្រោយពី​បញ្ចប់​គម្រោង​នេះ វិទ្យាស្ថាន​ជាតិ​ណា​រ៉ា នឹង​បន្តធ្វើ​ការជួសជុល​កែលម្អ​រចនា​សម្ពន្ធ​ជុំវិញ​ព្រមទាំង​ខឿន​មុខ​ប្រាសាទ​បន្តទៀត​។​

​ប្រាសាទតុប​ខាងលិច ស្ថិតនៅក្នុង​បរិវេណ​ក្រុង​អង្គរធំ​(​ទិសនិរតី​នៃ​ប្រាសាទ​បា​យ័ន្ត​) ជា​ប្រាសាទ​បែប​ព្រះពុទ្ធសាសនា មាន​តួ​ប៉ម​៣​នៅលើ​ខឿន​តែមួយ​បែរមុខ​ទៅ​ទិសខាងកើត​។ ប្រាសាទ​នេះ​គេ​យល់ថា​សម័យ​ដែល​សាង​នោះ​គឺ​សតវត្សរ៍​ទី​១០​។ ប៉ុន្តែ​ប្រាសាទ​ទាំងមូល​ដែល​យើង​ឃើញ​សព្វថ្ងៃ​គជា​ការកែ​បន្ថែមបន្ថយ​ដែល​ធ្វើឡើង​ចាប់ពី​សតវត្សរ៍​ទី​១៣ ដល់​សតវត្សរ៍​ទី​១៧៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន