Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អំណោយ​ជា​ថវិកា និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​របស់​កម្ពុជា ត្រូវបាន​ផ្ដល់ជូន​ប្រទេស​វៀតណាម​ហើយ

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០២១​នេះ អំណោយ​ជា​សម្ភារ​:​បរិក្ខារ​ពេទ្យ​ប្រើប្រាស់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ផ្ដល់ជូន​ប្រទេស​វៀតណាម ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។

​ដើម្បី​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​វៀតណាម ដែល​កំពុង​រង​ការវាយលុក​ខ្លាំង​នាពេល​បច្ចុប្បន្ននេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ ម៉ាស​ធម្មតា​ចំនួន ១​លាន​បន្ទះ និង​ម៉ាស​វេជ្ជសាស្ត្រ (N95) ចំនួន ១០​ម៉ឺន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០​គ្រឿង ជូន​ប្រទេស​វៀតណាម​។

​ជាមួយគ្នា​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទក្រហម​ប្រទេស​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។​

​ចំណែក​លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម ក៏បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​៥​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​មិត្តភាព វៀតណាម​-​កម្ពុជា តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​ ​ដូចនេះ អំណោយ​ដែល​ផ្តល់ជូន​ប្រទេស​វៀតណាម ដើម្បី​រួមចំណែក​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ មាន​ថវិកា​សរុប ៣៥​ម៉ឺន​ដុល្លារ​, ម៉ាស​ធម្មតា​១​លាន និង​ម៉ាស N95 ១០​ម៉ឺន ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន​១០០​គ្រឿង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន