Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម បំភ្លឺ​ពី​ករណី​ឡើងថ្លៃ​ទំនិញ​លើ​ទីផ្សារ និង​ទំនិញ​នាំចេញ​-​នាំចូល

​ភ្នំពេញ​៖ នាពេល​ថ្មីៗ​នេះ ក្រសួងពាណិជ្ជកម្ម​សង្កេត​ឃើញថា មាន មតិ​មួយ ចំនួន លើក ទ្បើង​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម​លើ​ថ្លៃ ទំនិញ​លើ​ទីផ្សារ និង​ទំនិញ​នាំចេញ​-​នាំចូល ជាពិសេស​បញ្ហា​ថ្លៃ​សាច់ជ្រូក​នាំចូល ធៀប​នឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក និង​ថ្លៃ​នៅ​ប្រទេសជិតខាង​ប្រទេស​កម្ពុជា​។
​ដោយហេតុថា មតិសាធារណៈ​មួយចំនួន​មិនបាន​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ភារកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ដែល​កំណត់ដោយ​រដ្ឋធម្មនុញ្ញ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ក្រសួងពាណិជ្ជកម្ម​សូម​បំភ្លឺ​ជូន​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ ដូចខាងក្រោម​៖

១. រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកំណត់​ឱ្យ​រដ្ឋ​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ដែលមាន​កំណត់​ក្នុង​ច្បាប់ ហើយ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិតកម្ម ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​។ ផ្អែក​តាម គោល ការណ៍​គ្រឹះ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ចរចា បើក ច្រក ទីផ្សារ ក្រៅ ប្រទេស ដោយ មិន ចាំបាច់ បង់ពន្ធ បាន​ជួយ​សម្រួល​ដល់​យន្តការ​ទីផ្សារ ឱ្យ មាន ការនាំចេញ​-​នាំចូល​នូវ​មធ្យោបាយ​ផលិតកម្ម និង ទំនិញ នានា ដោយ​សេរី និង​គ្មាន​ដាក់​វិធាន​ការរំខាន​ណាមួយ​ដែល​គ្មាន​កំណត់​ក្នុង​ច្បាប់​នោះ ឡើយ​។ ជាទូទៅ ការអនុវត្ត យន្តការ​ផ្សារសេរី​នេះ ក៏មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​អាស៊ាន​ផងដែរ​។ ក្នុងករណី ប្រទេស​ណាមួយ​ដាក់​វិធានការ​រិត​ត្បិត​លើ​ការ​នាំចូល​ណាមួយ ប្រទេស​នោះ​ត្រូវ​កំណត់ នៅក្នុង​លិខិតបទដ្ឋាន​ច្បាប់​ក្នុងស្រុក ហើយ​ជូនដំណឹង​អំពី​វិធានការ​នោះ​ដោយមាន​តម្លាភាព និង​កំណត់ នីតិវិធី ច្បាស់ លាស់​។​

២. ដោយឡែក​ការនាំ​ចូល​សាច់ជ្រូក និង​ជ្រូក​រស់ គឺ​ត្រូវ​ស្ថិតក្រោម​ការធ្វើ​និយ័តកម្ម​ស្របតាម​ច្បាប់ និង​អនុក្រឹត្យ លេខ​១៧ អនក្រ​.​បក ចុះ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់ និង ទំនិញ ជាប់ កម្រិត កំណត់ ដែល​តម្រូវឱ្យ​សុំ​អាជ្ញាប័ណ្ណ អនុញ្ញាត ការ​នាំចូល​ជ្រូក ពី​អង្គភាព​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​កិច្ចការ​នេះ​មិន​ស្ថិតក្រោម​សមត្ថកិច្ច​របស់ ក្រសួង ពាណិជ្ជកម្ម​ទ្បើ​យ​។ ការធ្វើ​តុល្យភាព នៃ​សេចក្តីត្រូវការ​ក្នុងស្រុក ជាមួយនឹង​ផលិតកម្ម​ក្នុងស្រុក ព្រមទាំង​ការអនុញ្ញាតឱ្យ​នាំចូល ក្នុង​បរិមាណ​ណាមួយ គឺជា​សិទ្ធិ​សម្រេច​របស់​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដូច​មានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៧ អនក្រ​.​បក​។​

៣. ក្រសួងពាណិជ្ជកម្ម​ដែលជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល មិនដែល​បាន​អនុវត្ត ឬ​ដាក់ចេញ​នូវ​យន្តការ និង​វិធានការ​ណាមួយ​សម្រាប់​គ្រប់គ្រង​តម្លៃ​ទំនិញ (price control) នាំចូល ឬ​ទំនិញ​ដែល​ធ្វើចរាចរ ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ទ្បើ​យ តែ​បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ នៅលើ​ទីផ្សារ​ទេ ដែលជា​កត្តា​កំណត់​តម្លៃ​ទំនិញ​។ លើកលែងតែ ក្នុង ករណី មាន របាយការណ៍ ស៊ើបអង្កេត​ដែល​អាច បញ្ជាក់បាន​ថា មានមុខ​ទំនិញ នាំចូល ជាក់លាក់​ណាមួយ ត្រូវបាន​លក់​បង្ខូច​ថ្លៃ (​លក់ ទាប ជាង​ថ្លៃដើម​ផលិតកម្ម​) ឬ​មាន​ការធ្វើ​ឧបត្ថម្ភ​ធន​ដោយ​ប្រទេស​នាំចេញ ឬ​ទំនិញ​នាំចូល​នោះ​ត្រូវបាន​នាំចូល ដោយមាន​ការ​កើន​ទ្បើង ដោយ​គំហុក​នោះ ក្រសួងពាណិជ្ជកម្ម​នឹងធ្វើ​ការស៊ើបអង្កេត និង​ឈានទៅ​អនុវត្ត​វិធានការ​នានា រួមទាំង​ការ​កំហិត​បរិមាណ និង​ដំឡើង ពន្ធ​នាំចូល​ផងដែរ ដូច​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន សំដៅ​ការពារ និង​ដោះស្រាយ​ផលប៉ះពាល់ ជា​អវិជ្ជមាន​មកលើ​កសិក​រ ឬ​ឧស្សាហកម្ម​កម្ពុជា​។​

៤. សូមបញ្ជាក់​ជូន​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ការបោះ​ផ្សាយ​នូវ​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ ប្រេងឥន្ធនៈ នៅតាម​បណ្តា​ស្ថានីយ៍​នានា ដែល​ក្រសួងពាណិជ្ជកម្ម​បាន​និង​អនុវត្ត​កន្លងមក មិនមែនជា​ការកំណត់​ថ្លៃ​លក់រាយ នៃ​ប្រេងឥន្ធនៈ នៅ​កម្ពុជា​នោះទេ តែ​នេះ​គឺជា​យន្តការ​មួយ ដែល​ជួយ​ផ្សព្វផ្សាយ​ដោយ តម្លាភាព​នូវ​ការឡើង​ចុះ នៃ​ថ្លៃ​ប្រេង​ឥន្ទ​នៈ ដែលមាន​ការប្រែប្រួល រត់តាម​ការប្រែប្រួល​ថ្លៃ​នៃ​ប្រេង​ឥន្ទ​នៈ​នៅក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​ក្រសួង​គ្រាន់តែ​យក​កត្តា​នានា ទាក់ទង​នឹង​ថ្លៃ​មក​គណនា​តាម​រូប​បម​ន្ត​ទូទៅ ហើយ​បញ្ចេញ​ឱ្យ​សាធារណជន ជ្រាប​អំពី​ថ្លៃ​ប្រេង​ឥន្ទ​នៈ ដែល​ក្រុមហ៊ុន​ប្រេង ក្នុងស្រុក​កំពុង​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។​

៥. ចំពោះ​ការធ្វើ​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា​ជាប្រចាំ ក្រសួងពាណិជ្ជកម្ម​មាន​ភារកិច្ច សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម ជាតិ ត្រឹមតែ​ស្រង់​ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ទូទៅ ដើម្បី​ប្រើប្រាស់​ជា​ស្ថិតិ​សម្រាប់​ការងារ​ស្រាវជ្រាវ ការវិភាគ និង​តាមដាន​អត្រា​អតិផរណា សំដៅដាក់ ចេញ​នូវ​វិធានការ​ណាមួយ ដែល​អាចជួយ សម្រួល ដល់​លំហូរ ទំនិញ នៅក្នុង ស្រុក និង​នាំចេញ​-​នាំចូល តាម​យន្តការ​ទីផ្សារសេរី តែប៉ុណ្ណោះ​។​

៦. ពាក់ព័ន្ធ​នឹង​សំណូមពរ​ឱ្យមាន​យន្តការ​សម្រាប់​ស្រង់ និង​សម្របសម្រួល​លើ​បរិមាណ និង​ថ្លៃ​លក់​មុខ ទំនិញ យុទ្ធសាស្ត្រ ណាមួយ​នៅលើ​ទីផ្សារ នោះ​ក្រសួងពាណិជ្ជកម្ម​នឹង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំឱ្យ មាន កិច្ចប្រជុំ​ពិភាក្សា ក្រោម​ក្របខ័ណ្ឌ គណៈ ក​ម្មា ធិ​ការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មុននឹង គោរព​ស្នើ សុំ អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល លើ​បញ្ហា​នេះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...