Connect with us

Hi, what are you looking for?

អន្តរជាតិ

មហាសេដ្ឋីអាម៉ាហ្ស៊ូនជិះយានអវកាសឡើងទៅកាន់លំហរអាកាសផែនដីហើយចុះចតវិញដោយជោគជ័យ

គម្រោងឡើងទៅកាន់លំហរអាកាសរបស់មហាសេដ្ឋិ​ពិភពលោក ទទួលបានជោគជ័យ ដោយកាលពីថ្ងៃទី ២០ខែកក្កដា លោក Jeff Bezos មហាសេដ្ឋីអាម៉ាហ្ស៊ូន បានឡើងទៅកាន់លំហរអាកាសផែនដី​ ក្លាយទៅជាមហាសេដ្ឋីទីពីរហើយនៅលើពិភពលោក ដែលបានធ្វើដំណើរទៅទីអវកាសដោយប្រើយានផ្ទាល់ខ្លួន។

សារព័ត៌មាន​ AP ​បានផ្សាយថា លោក​ Jeff Bezos ធ្វើដំណើរទៅកាន់ទីអវកាស​ជាមួយសមាជិកដែលបានជ្រើសរើស ក្នុងនោះមាន បងប្រុសរបស់លោក Mark Bezos​ និស្សិតអាយុ​១៨ឆ្នាំជនជាតិហុល្លង់ Oliver Daemen​ និងលោក​ Wally Funkអាយុ​៨២ឆ្នាំរស់នៅរដ្ឋតិចសាស ។ អ្នកឡើងទៅពេលនេះមានមនុស្សវ័យក្មេងបំផុតនិងចាស់បំផុត។ និស្សិតវ័យ​១៨ឆ្នំា​ជាអាតិថជនដំបូង ដែលបានបង់លុយទៅឲ្យក្រុមហ៊ុនដើម្បីឡើងទៅកាន់ទីអវកាស។

ក្រោយរយៈពេលធ្វើដំណើរ ១០ នាទីហើយចុះចតដល់ផែនដីវិញ  មហាសេដ្ឋី  Jeff Bezos ​បានលើកឡើងថា «ជាពេលវេលាអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមក»។

គូប្រជែង​របស់មហាសេដ្ឋីអាម៉ាហ្ស៊ូន គឺ​មហាសេដ្ឋី Richard Branson របស់ក្រុមហ៊ុន Virgin Galactic បានទៅកាន់ទីអវកាស​ដោយជោគជ័យមុនមហាសេដ្ឋីអាម៉ាហ្ស៊ូន ៩ថ្ងៃ។ លោក​ Jeff Bezos  បញ្ជាក់ថា នេះមិនមែនជាការប្រកួតប្រជែងនោះឡើយ គឺជាការកសាងផ្លូវឡើងទៅកាន់ទីអវកាសដើម្បីជំនន់ក្រោយ ធ្វើបានល្អជាងនេះ។

យានអវកាស Blue Origin បានឡើងកម្ពស់ពីផែនដី ១០៦ គីឡូម៉ែត្រ គឺខ្ពស់ជាង ដំណើរទៅទីអវកាសរបស់លោក Branson កាលពីថ្ងៃទី​១១ខែកក្កដា ។ រ៉ុក្កែតរ៉ុញ កម្ពស់​១៨ម៉ែត្រ​បញ្ជូនយានអវកាស ក្នុងល្បឿនលឿនជាងសំលែង​៣ដង​ ហើយក៏ផ្តាច់ខ្លួនចេញពីយាន ចុះចតនៅផែនដោយជោគជ័យ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន