Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍ ចាត់វិធានការ​ចំពោះ​ជន​ឆ្លៀតឱកាស យក​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ទៅធ្វើ​អាជីវកម្ម​បន្ត​

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានប្រកាស​ឱ្យដឹង​នៅថ្ងៃនេះ​ថា កន្លងមក ក្រសួង​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ចំពោះ​ជន​ឆ្លៀតឱកាស ដែល​បាន​យក​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​កូ​វីដ​-១៩ ទៅធ្វើ​អាជីវកម្ម​បន្ត ដែល​ខុសពី​គោលការណ៍​កំណត់ថា ឧបករណ៍​នេះ​អាច​ទិញ​បានតែ​ក្នុង​គោលដៅ​ប្រើប្រាស់​ប៉ុណ្ណោះ​។​

​ជាក់ស្តែង ក្រោយពី​បាន​ស៊ើបអង្កេត​យ៉ាង​ជាក់លាក់​រួចមក ក្រសួង បានកំណត់​មុខសញ្ញា​ជន​ឆ្លៀតឱកាស​ទាំងនោះ ហើយ​បាន​ចុះទៅ​ចាត់វិធានការ​ភ្លាមៗ នៅ​ទីតាំង​ចំនួន ៥ និង​រឹបអូស​បាន​ឧបករណ៍​តេស្ត​ចំនួន ៤.២៥០​គ្រឿង ដែល​ឧបករណ៍​តេស្ត​ទាំង​នោះបាន​បញ្ជា​ទិញ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​

​ការទិញ​ឧបករណ៍​តេស្ត​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​យកទៅ​ធ្វើ​អាជីវកម្ម​បន្ត​នេះ ពុំបាន​ផ្តល់​ផលប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ ក៏ប៉ុន្តែ​បែរជា​នាំឱ្យ​ប្រជាពលរដ្ឋ​ខាតបង់​ថវិកា ស្រប​ពេលដែល​កំពុង​ជួប​ការលំបាក​ពី​ជំងឺ​កូ​វីដ​-១៩​។​

​បច្ចុប្បន្ន ក្រសួង​កំពុង​បន្ត​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​នេះ មក​ចែកចាយ​ក្នុងតម្លៃ​ដើម​ត្រឹមតែ ៣,៧​ដុល្លារ​អាម៉េរិក ហើយ​ធ្វើការ​ចែកចាយ​បន្ត​ពីថ្ងៃ​ចន្ទ ដល់ ថ្ងៃអាទិត្យ ជា​មធ្យម​ក្នុង​មួយថ្ងៃ​ចំនួន ៣៥០ ប្រតិបត្តិ​ការបញ្ជាទិញ​របស់​ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័ន ដោយ​ផ្តល់​អាទិភាព​លើ​ទីតាំង​ដែល​កំពុង​ជួប​ហានិភ័យ​ខ្ពស់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អះអាងថា នឹង​បន្ត​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កំណត់​មុខសញ្ញា​ជន​ឆ្លៀតឱកាស ហើយ​ចាត់វិធានការ​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដោយ​មិន​បណ្តោយឱ្យ​ជន​ឆ្លៀតឱកាស​ទាំងនោះ នៅ​បង្កបញ្ហា និង​រំលោភបំពាន​លើ​គោលការណ៍​កំណត់​របស់​ក្រសួង​។ ក្នុងករណី មាន​បុគ្គល​ណា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​នេះ​យកទៅលក់​បន្ត សូម​រាយការណ៍​មក​លេខ ០១៧ ៨៤៨ ១០៨ ឬ ០៦៧ ៨១៨ ៧៨២ ឬ​០៧៧ ៨៦៧ ៩៥៧ ដើម្បី​ចូលរួមចំណែក​ទប់ស្កាត់​ជន​ឆ្លៀតឱកាស និង​ចាត់វិធានការ​ទាន់ពេល​វេលា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន