Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រុ​ស្ស៉ី សន្យា​ជួយ​ជំរុញ​ទេសចរ​ខ្លួន​ឱ្យមក​កម្ពុជា​បន្ថែមទៀត ពេល​ស្ថានភាព​កូ​វីដ​ធូរស្រាល​

​ភ្នំពេញ​៖ ភាគី​រុ​ស្ស៉ី​បាន​ទទួលយក​សំណើ​របស់​ភាគី​កម្ពុជា ក្នុង​ការបន្ត​កិច្ចសហការ​ជំរុញ​ទេសចរ​ពី​ប្រទេស​របស់ខ្លួន ឱ្យមក​ទស្សនា​ប្រទេស​កម្ពុជា​បន្ថែមទៀត ពិសេស​គឺ​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា​បើក​ទទួលយក «​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​» បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ បាន​ធូរស្រាល នាពេលខាងមុខ​។​

​ការបញ្ជាក់​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​អន​ឡាញរ​វាង​ក្រសួងទេសចរណ៍ ដឹកនាំ​ដោយ​ឯកឧត្តម ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​ទីភ្នាក់ងារ​ទេសចរ​ណ៍ស​ហ​ព័ន្ធ​រុ​ស្ស៉ី ដឹកនាំ​ដោយ​លោក ឌី​មី​យាន ស្ម៉ី​ឡេ​វៀត​ស៍ (Demyan Smilevets) ប្រធាន​ផ្នែក​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ទីភ្នាក់ងារ​ទេសចរ​ណ៍ស​ហ​ព័ន្ធ​រុ​ស្ស៉ី កាលពី​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១​។​

​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម ទ្រី ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍ បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា លោក ឌី​មី​យាន ស្ម៉ី​ឡេ​វៀត​ស៍ ដែលជា​តំណាង​ភាគី​រុ​ស្ស៉ី បាន​ទទួលយក​សំណើ​របស់​ភាគី​កម្ពុជា ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ក្នុងដំណាក់កាល​ដែល​កម្ពុ​ជា​នឹង​បើក​ទទួលយក «​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​» បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ បាន​ធូរស្រាល​នាពេលខាងមុខ​។​

​ឯកឧត្តម ទ្រី ឈី​វ បាន​បន្តថា ការត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​មកពី​ប្រទេស​រុ​ស្ស៉ី​នេះ​នឹង​ប្រព្រឹត្តទៅបាន នៅពេលដែល​ភាគី​កម្ពុជា​មានការ​ត្រៀមខ្លួន​ឱ្យបាន​ស្រេចបាច់​ជាមុនសិន ខណៈ​ការងារ​ទាំងនោះ​ក៏ត្រូវ​បាន​ភាគី​ទាំង​ពីរលើក​យកមក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ រួមមាន​៖
* ការបណ្ដុះបណ្ដាល​បំប៉ន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​រុ​ស្ស៉ី​
* ការរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ Road show តាម​ប្រព័ន្ធ​អន​ឡាញ និង​ការចូលរួម​ផ្ទាល់​ដល់​ក្រុមហ៊ុន​ទេសចរណ៍​រុ​ស្ស៉ី​
* ការរៀបចំ​ទស្សនកិច្ច​សិក្សា​ផ្សព្វផ្សាយ ពិសេស​លើ​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​ពី​ក្រុមហ៊ុន​ទេសចរណ៍ និង​សារព័ត៌មាន (Tailormade Farm Trip)
* ការគាំទ្រ​របស់​រុ​ស្ស៉ី​ដល់​ការអនុវត្ត «​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ផែនការ​ស្ដារ​លើកស្ទួយ និង​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩»
* សហការ​ជំរុញ​ការហោះហើរ​ត្រង់​រវាង​កម្ពុជា​-​រុ​ស្ស៉ី​
* គំនិត​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​មជ្ឈមណ្ឌល​ទេសចរណ៍​អាស៊ាន​-​រុ​ស្ស៉ី​ជាដើម​។​
​ក្នុងន័យនេះ ឯកឧត្តម ទ្រី ឈី​វ បាន​បញ្ជាក់ថា «​ភាគី​ទាំងពីរ​នឹង​រៀបចំ​ជា​ផែនការ​ការងារ សម្រាប់​ឆ្នាំ​២០២២-២០២៥ ដើម្បី​អនុវត្ត​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ខាងលើ​»​។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ថោង រដ្ឋ​សក្ដិ ក៏បាន​ជម្រាប​ដល់​ភាគី​រុ​ស្ស៉ី​ដែរ​ថា ក្រោម​ការសម្របសម្រួល​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រទេស​សមាជិក​អាស៊ាន​បាន​អបអរសាទរ​ចំពោះ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​-​រុ​ស្ស៉ី ជាពិសេស​ការជំរុញ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​អាស៊ាន​-​រុ​ស្ស៉ី លើ​វិស័យ​ទេសចរណ៍​រហូត​ដល់ក​ម្រិ​ត​រដ្ឋមន្ត្រី​លើក​ទី​១ ដែល​គ្រោង​នឹង​រៀបចំ​នៅ​អំលុង​នៃ​កិច្ចប្រជុំ​នានា នាឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ATF 2022) លើ​ប្រធានបទ​មួយចំនួនទៀត ដូចជា ទេសចរណ៍​សមុទ្រ (Marine Tourism) កីឡា​ទេសចរណ៍ (Sports Tourism) សំដៅ​ជំរុញ​បន្ថែមទៀត​ក្នុងការ​វិនិយោគ​ទេសចរណ៍​តំបន់ឆ្នេរ និង​គាំទ្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេលខាងមុខ​។​

​គួររំលឹកថា កន្លងមក ភាគី​រុ​ស្ស៉ី​បាន​ជួយ​បណ្ដុះបណ្ដាល​ដល់​មន្ត្រីរាជកា​រ​នៃ​ក្រសួងទេសចរណ៍ ជាពិសេស​បណ្ដុះបណ្ដាល​បំប៉ន​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​និយាយ​ភាសា​រុ​ស្ស៉ី​បាន​ច្រើន​។ ទេសចរ​រុ​ស្ស៉ី​មក​ទស្សនា​នៅ​កម្ពុជា​នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏មាន​ការកើនឡើង​គួរកត់សម្គាល់ ជាពិសេស​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលជា​គោលដៅ​ប្រកបដោយ​ភាព​ទាក់ទាញ​សម្រាប់​ទេសចរ​រុ​ស្ស៉ី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន