Connect with us

Hi, what are you looking for?

កម្សាន្ត

ជ្រូកពោន ជា​ប្រភេទ​សត្វ​កម្រនៅលើពីភពលោក បង្ហាញ​វត្តមាន នៅ​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​

​ជ្រូកពោន ឬ​ជ្រូកព្រុល ដែលជា​ប្រភេទ​សត្វ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ​ស្ថិតក្នុង​បញ្ជី​ក្រហម IUCN ថា ជា​ប្រភេទ​ងាយ​រងគ្រោះ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយ ប្រភេទ​សត្វ​កម្រៗ​ផ្សេងទៀត​ដូចជា​សត្វ​ដំរី ខ្ទីង ទន្សោង ឈ្លូស​យក្ស ខ្លារខិន ខ្លា​ពពក​ជាដើម​។ កម្ពុជា​ដែល​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា​ជា​ប្រទេស​ដែល​សម្បូណ៌​ដោយ​ជីវៈចម្រុះ​ក្នុងនោះ សរុប​ប្រមាណ ៣៩៩៣ ប្រភេទ​ដែល​រួ​មាន​មាន​រុក្ខ​ជាតិប្រមាណ ២ ៣០០​ប្រភេទ និង​ប្រភេទ​សត្វ​ដូចជា ថនិកសត្វ ១២៣​ប្រភេទ​, សត្វ​ស្លាប​ប្រមាណ​, ៥៤៥​ប្រភេទ ឧរង្គសត្វ​, ៨៨​ប្រភេទ​, ត្រី ៨៧៤​ប្រភេទ និង​ថលជលិក ៦៣​ប្រភេទ​។ ចំនួន​នេះ​អាច​កើនឡើង​បន្ថែមទៀត​ដោយសារតែ​នៅមាន​ជីវៈចម្រុះ​ជាច្រើន​ទៀត​ដែល​មិនទាន់បាន​សិក្សា​អស់​នៅឡើយ​។

​រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា​ក្រុមការងារ​ជំនាញ​របស់​ក្រសួងបរិស្ថាន បាន​រកឃើញ​វត្ត​មាននៃ​ប្រភេទ​ជ្រូកពោន ឬ​ជ្រូកព្រុល នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា​តាមរយៈ​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​គឺជា​មោទកភាព​របស់​កម្ពុជា​និង​ស័ក្តិសម ដែល​ពិភពលោក​ទទួលស្គាល់ថា ជា​ប្រទេស​ដែល​សម្បូណ៌​ដោយ​ធនធាន​ជីវៈចម្រុះ​។

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែងថា មិនមាន​ការសិក្សា​ឱ្យបាន​លម្អិត​ពី​ចំនួន​សត្វ​ជ្រូកពោន នៅលើ​ពិភពលោក​និង​នៅ​កម្ពុជា​នោះទេ តែ​អ្វីដែល​កត់សម្គាល់​ជ្រូកពោន​មាននៅ​តាម​តំបន់​ព្រៃ ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ពិសេស​នៅ​ភាគ​និរតី ភាគ​ឥសាន និង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ របាយ​ប្រជាសាស្ត្រ​របស់​សត្វ​ជ្រូកពោន​ក៏មាន​ផងដែរ​នៅ​ប្រទេស​ចិន កម្ពុជា ភូមា វៀតណាម និង​កោះ​ស៊ូ​មាត្រា​ប្រទេស​ឥណ្ឌូនេស៊ី​។ ជ្រូកពោន​បច្ចុប្បន្នកំពុង​រងគ្រោះ​ដោយសារតែ​ការ​បរបាញ់ ការដាក់​អន្ទាក់ ដើម្បី​យក​សាច់​និង​យក​សំណាក​ធ្វើ​អាជីវកម្ម​ដោយ សារ​តែ​ពលរដ្ឋ​មួយចំនួន​មាន​ជឿថា​ខ្លាញ់​ជ្រូកពោន​អាច​យកទៅ​ធ្វើ​ថ្នាំបុរាណ​ជាដើម​។​

​គួរ​បញ្ជាក់ថា កាលពីដើម​ខែមិថុនា ឆ្នាំ​២០២១ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​និង​បុគ្គលិក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (WA) បាន​ជួយសង្គ្រោះ​សត្វ​ជ្រូកពោន​ឬ​ជ្រូកព្រុល​មួយ​ក្បាល​។ វា​ត្រូវបាន​ជាប់​នៅក្នុង​អន្ទាក់ ប៉ុន្តែ​សំណាងល្អ​ដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ឃើញ​ទាន់ពេល​ហើយក៏​បាន​ដោះ​អន្ទាក់​ចេញ​ដើម្បីឱ្យ​វា​មាន​សេរីភាព​វិញ​។ សត្វ​ជ្រូកព្រុល​មួយ​ក្បាល​នេះ​មិនមាន​រងរបួស​អ្វី​ទេ ដូចនេះ​វា​ក៏ត្រូវ​បាន​ដោះ​លែងអោយ​ត្រលប់​ចូលទៅ​ក្នុងព្រៃ​វិញ​។ សត្វព្រៃ​នេះ​ពិតជា​មានសំណាង​។ កាលពី​ខែ​មុន មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បានធ្វើ​ការដកហូត​សាច់ជ្រូក​ព្រុល​មួយចំនួន​ពី​ជំរុំ​បរបាញ់​មួយកន្លែង​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​។ សត្វ​ប្រភេទ​នេះ​ងាយ​នឹងរង​គ្រោះ​ខ្លាំងណាស់ ហើយ​វា​ក៏បាន​ទទួលរង​ការគំរាមកំហែង​ដោយ​ការ​បរបាញ់​ផងដែរ ជាពិសេស​គឺ​អន្ទាក់​ដែល​អាច​ចាប់​គ្រប់​ប្រភេទ​ទាំងអស់​ដែល​បាន​ឆ្លងកាត់​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែងថា​ក​ករសួងបរិស្ថាន​បាន​សហការ​យ៉ាងរ​មួ​ត​ជាមួយ​អង្គការ​ដៃគូ​ដែលមាន​ជំនាញ​ខាង​អភិរក្ស​ដើម្បី អភិរក្ស​ព្រៃឈើ​និង​សត្វព្រៃ​ទាំង​ការពង្រឹង​ការអនុវត្ត​ច្បាប់​និង​អនុវត្ត​គម្រោង​អភិរក្ស​នានា​។ ជាមួយគ្នានេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​បន្តសកម្មភាព​ដោ​អ​អន្ទាក់​គ្រប់​ប្រភេទ ចេញពី​ក្នុង​តំបន់ការពារធម្មជាតិ​ដើម្បី​សង្គ្រោះ​សត្វព្រៃ គ្រប់​ប្រភេទ​។ ក្នុង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ ២០២១​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដោះ​អន្ទាក់​បាន​ចំនួន​ជិត ២​ម៉ឺន​អន្ទាក់​ពី​ក្នុង តំបន់ការពារធម្មជាតិ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​ដៃគូ​នឹង​បន្ត​កិច្ច ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​បន្តទៀត​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ដែលជា​ទីជម្រក​ដ៏​សំខាន់​របស់​សត្វព្រៃ និង​ការ​ដោះ​អន្ទាក់​ដើម្បី​សុវត្ថិភាព​សត្វព្រៃ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ ដែល​សុទ្ធសឹង​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​មនុស្ស ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​របស់​កម្ពុជា​ឲ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត​យើង និង​កូនចៅ​យើង​ទាំងអស់​៕


Advertisement

Facebook

អ្វីដែល​គេកំពុងអាន