Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩

​ខេត្តកំពង់ស្ពឺ​៖ មន្ត្រី​គយ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាសេ​ចំនួន ៣​កុងតឺន័រ ដែលមាន​ផ្ទុក​វីរុស​កូ​វីដ​-១៩ និង​ត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ខាងមុខ​។​

​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែ​នាំទៅ​អភិបាលស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​ខាង​មន្ត្រី​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម វ៉ី សំណាង បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់ ពី​ប្រភព​នៃ​សាច់​ទាំងនោះ ព្រោះ ខ្លាច​ទិញ​ប៉ះចំ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដូច​អ្វីដែល​មន្ត្រី​គយ ចាប់បាន​នៅពេលនេះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​-១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​មន្ត្រី​គយ ចាប់បាន​នៅពេលនេះ​។​

​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ហាមឃាត់​មិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុកថា ជា «​ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយសារតែ​ប្រទេស​ឥណ្ឌា បន្ត​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ធ្ងន់ធ្ងរ​ជាថ្មីទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន