Connect with us

Hi, what are you looking for?

កម្សាន្ត

អណ្តើក​ហ្លួង ៨​ក្បាល ប្រគល់​ទៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង ក្រោយ​ចិញ្ចឹម​ថែទាំ​អស់​ជិត ៦​ឆ្នាំ​

​ខេត្តកោះកុង​៖ កាលពី​សប្តាហ៍​កន្លងទៅ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ សហការ​ជាមួយ​អង្គការ WCS និង​ដោយមាន​ការអនុញ្ញាតិ​និង​គាំទ្រ​ពី​រដ្ឋបាល​ជលផល បាន​បញ្ជូន​អណ្តើក​ហ្លួង​(​ឬ​អណ្តើក​សរសៃ​)​ជំទង់​ឈ្មោល​ចំនួន​៨​ក្បាល​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​របស់​អង្គការ​WCS ក្រោយពី​អណ្តើក​ហ្លួង​ទាំងនោះ បានទទួល​ការចិញ្ចឹម​ថែទាំ​អស់​រយៈពេល​ជិត ៦​ឆ្នាំ​។​

​អណ្តើក​ហ្លួង​ឈ្មោល​ទាំង ៨​ក្បាល​នោះ ស្ថិតក្នុង​ចំណោម​អណ្តើក​ហ្លួង​២៥​ក្បាល ដែល​ក្រុម​ការពារ​សម្បុក​អណ្តើក​នៃ​អង្គការ WCS បាន​ប្រមូលយក​ពី​ឆ្នេរ​ខ្សាច់​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្រោយពេល​ញាស់ និង​បាន​បញ្ជូន​ទៅកាន់​មណ្ឌល​ថែទាំ​អណ្តើក​ហ្លួង​របស់​អង្គការ WCS មួយរយៈ​ពេល​ខ្លី បន្ទាប់មក​ក៏បាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​ដើម្បី​ចិញ្ចឹម​ថែទាំ​បន្ត​ក្នុង​គោលបំណង​ការពារ​និង​អភិរក្ស​ប្រភេទ​អណ្តើក​នេះ​កុំឱ្យ​ផុត​ពូជ​។​

​ក្រុមការងារ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​បានធ្វើការ​តាមដាន​និង​ពិនិត្យ​សុខភាព​សត្វ​ប្រចាំឆមាស​ដើម្បី​ពិនិត្យ​តាមដាន​ភាព​ចម្រើន​វ័យ​របស់​អណ្តើក​ទាំងនេះ​កាលពីដើម​សប្តាហ៍​កន្លងទៅ​។ អណ្តើក​ទាំងនេះ​ឈានដល់​វ័យ​អាច​បង្ក​កំណើត​បាន​ហើយ​។ ចំនួន​អណ្តើក​ហ្លួង​សរុប​នៅក្នុង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​មាន ២៦​ក្បាល ក្នុងនោះ​មាន​ឈ្មោល​ចំនួន ១៩​ក្បាល​។

​ដើម្បីឱ្យ​ចំនួន​អណ្តើ​កញី និង​ឈ្មោល​សម​មាត្រ​គ្នា​សម្រាប់​ការបន្ត​ពូជ ក្រុមការងារ​បានសម្រេច​ដក​អណ្តើក​ហ្លួង​ឈ្មោល​ចំនួន ៨​ក្បាល​ចេញ​និង​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​ដើម្បី​បន្ត​ពូជ​នៅ​ទីនោះ​និង​គ្រោង​លែង​វា​ចូលទៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​វិញ​នៅ​ចុង​ឆ្នាំនេះ​។​ ​អណ្តើក​ហ្លួង​ត្រូវ​ចាត់ថ្នាក់​ក្នុងចំណោម​អណ្តើក​ទឹកសាប​និង​អណ្តើក​គោក​ចំនួន ២៥​ប្រភេទ​ដែល​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។

​ប្រភេទ​អណ្តើក​នេះ ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត និង​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​ឆ្នាំ ២០០៥​។  ​សកម្មភាព​មួយចំនួន​មានដូចជា​ការនេសាទ​ខុសច្បាប់ ការធ្វើ​អាជីវកម្ម​ហួសប្រមាណ ការបាត់បង់​ទីជម្រក និង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៅក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​និង​ការបង្ក​កំណើត​របស់​សត្វ​អណ្តើក​ប្រភេទ​នេះ ដែល​គេ​រកឃើញថា​មាន​វត្ត​មានតែ​នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ស្ថិតនៅ​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​ក្នុងប្រទេស​កម្ពុជា ប៉ុណ្ណោះ​។ សត្វ​អណ្តើក​ទាំងនេះ​កំពុងតែ​ប្រឈម​ទៅនឹង​ការវិនាស​ផុត​ពូជ​។​

​ក្រុម​អ្នក​អភិរក្ស​ជឿថា អណ្តើក​ហ្លួង​បាន​ផុត​ពូជ​អស់ហើយ​នៅក្នុង​ប្រទេស​កម្ពុជា តែ​រហូត ដល់​ឆ្នាំ ២០០០ រដ្ឋបាល​ជលផល​និង​អង្គការ WCS បាន​រកឃើញ​សាជាថ្មី​នូវ​ប្រភេទ​អណ្តើក​ហ្លួង​នេះ​មួយចំនួន​តូច​នៅ​សេសសល់​តាម​ដងព្រែក​ស្រែអំបិល​។ ចាប់តាំងពី​ពេលនោះ​មក អង្គការ WCS និង​រដ្ឋបាល​ជលផល បាន​សហការគ្នា​ការពារ​ប្រភេទ​សត្វ​អណ្តើក​នេះ​កុំឱ្យ​ផុត​ពូជ ដោយមាន​ការគាំទ្រ​ថវិកា​ពី​ម្ចាស់ជំនួយ​មួយចំនួន​រួមមាន សហភាព​អឺរ៉ុប​តាមរយៈ​គម្រោង​ដៃគូ​ប្រឆាំង​បទល្មើស​សត្វព្រៃ អង្គការ Mandai Nature, និង​អង្គការ Allwetterzoo Münster​។

​សកម្មភាព​ការងារ​អភិរក្ស​សត្វ​អណ្តើក​ហ្លួង​នេះ​រួមមាន ការស្រាវជ្រាវ​និង​ការពារ​ចំនួន​ប្រភេទ​អណ្តើក​ហ្លួង​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ព្រមទាំង​កម្មវិធី​រក្សា និង​បង្កាត់​មេបា​ពេញវ័យ​ក្នុង​មជ្ឈមណ្ឌល និង​កម្មវិធី​ចិញ្ចឹម​ថែទាំ​កូនតូចៗ​ក្រោយពេល​ញាស់ នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​របស់​អង្គការ WCS និង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន