Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្ដម ថោង ខុន ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ បញ្ចប់​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ ជាពិសេស​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ឆ្នាំ​២០២២

ខេត្តកំពង់ធំ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ បាន​ជំរុញ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ក៏ដូចជា​រដ្ឋបាលខេត្ត​កំពង់ធំ​ផងដែរ ត្រូវ​ចូលរួម​សហការគ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ដែល​រួមមាន ១៥ ចំណុច​សំខាន់ៗ ឱ្យបាន​រួចរាល់​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។​

​ការ​ថ្លែង​ជំរុញ​បែបនេះ​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១ និង​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០២១ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ តាម​ប្រព័ន្ធ​វីដេអូ Zoom Meeting នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២១​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ ឯកឧត្ដម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ អង្គភាព កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​រដ្ឋបាលខេត្ត​។​

​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានលើកឡើង​អំពី​លទ្ធផល​ការងារ បញ្ហា​ប្រឈម ក្តីកង្វល់ និង​សំណូមពរ​នានា​ដែល​កើតមានឡើង​នៅ​ខេត្តកំពង់ធំ ដែល​ក្រុមការងារ​ទាំងអស់គ្នា​មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ និង​រួមគ្នា​ទទួលខុសត្រូវ​។ ដើម្បី​សម្រេច​ជោគជ័យ​ជូន​រាជរដ្ឋាភិបាល​ក្នុងការ​គាំទ្រ តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នៅ​ខេត្តកំពង់ធំ និង​ឈានទៅ​សម្រេច​ជោគជ័យ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នាពេលខាងមុខ​។

​ឯកឧត្ដម​រដ្ឋមន្ត្រី បានដាក់​ទិសដៅ​ជំ​រុញឱ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ និង​រដ្ឋបាលខេត្ត​បញ្ចប់​បញ្ហា​ជូន​ពលរដ្ឋ​ឱ្យ ១៥​ចំណុច​ផងដែរ ឱ្យបាន​រួចរាល់​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខ ខណៈ​ការបោះឆ្នោត​នេះ​នៅសល់​រយៈពេល​តែ​ប្រមាណ ១០ ខែ​ទៀត​ប៉ុណ្ណោះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន