Connect with us

Hi, what are you looking for?

អន្តរជាតិ

ឆេះព្រៃបង្កការខូចខាតយ៉ាងខ្លាំង នៅអាមេរិក តួកគី​និងក្រិក

ភ្លើងឆេះព្រៃជាទ្រង់ទ្រាយធំ នៅអាមេរិក តួកគី និងក្រិច​បណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ការដ្ឋានសាងសង់ជាច្រើនត្រូវឆាប់ឆេះខ្ទេច…។

នៅអាមេរិក ភ្លើងឆេះព្រៃតាំងពីថ្ងៃទី ១៤ខែកក្កដា ដែលជាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតក្នុងឆ្នាំនេះ ស្ថិតនៅរដ្ឋ California ​។  គិតមកដល់ថ្ងៃទី ២ខែសីហា ភ្លើងឆេះព្រៃគ្រប់គ្រងបានជាង ៣២ភាគរយហើយ ។ ការដ្ឋានសាងសង់៦៧កន្លែងត្រូវឆេះខ្ទេច និង ៩ការដ្ឋានរងការខូចខាត ។

ជាមួយគ្នានោះនៅក្នុងប្រទេសតួកគី ភ្លើងឆេះព្រៃអូសបន្លាយជាច្រើនថ្ងៃដោយមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់។ គិតត្រឹមថ្ងៃទី ២ខែសីហា​ គឺក្នុងរយៈពេល​៥ថ្ងៃកន្លងមក ភ្លើងឆេះព្រៃដល់ទៅ ១០០កន្លែងក្នុងបរទេសនេះ បណ្តាលឲ្យពលរដ្ឋ៨នាក់ស្លាប់និង​១០នាក់រងរបួស។

ចំណែកនៅក្នុងប្រទេសក្រិចវិញ  ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ដ៏ធំចំនួនពីរនៅប្រទេសក្រិកនៅថ្ងៃចន្ទសប្ដាហ៍នេះ ខណៈនាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) បាននិយាយថា ប្រទេសនេះកំពុងទទួលរងនូវរលកកម្ដៅដ៏អាក្រក់បំផុត ក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ។

បើតាមរូបភាពផ្កាយរណបរបស់សហភាពអ៊ឺរ៉ុប ដែលដកស្រង់ចេញដោយក្រុមអ្នកអង្កេតការណ៍ជាតិនៅទីក្រុង អាតែន (Athens) ប្រទេសក្រិកបានបង្ហាញឱ្យដឹងថា ដីចំការស្រល់ និងអូលីវជាង ៣,០០០ហិកតាត្រូវបានដុតបំផ្លាញដោយអគ្គិភ័យ ដែលបានឆាបឆេះកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន នៅជិតទីក្រុង ប៉ាត្រាស (Patras) ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីភាគខាងលិចទីក្រុង អាតែន (Athens)។

សេវាកម្មអាកាសធាតុរបស់ប្រទេសក្រិក បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANA ថា ភ្លើងឆេះព្រៃនៅជិតទីក្រុង Patras មិនត្រូវបានគ្រប់គ្រងទាំងស្រុងនោះទេ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ សីតុណ្ហភាពកើនឡើងដល់ ៤៥អង្សាសេត្រូវបានគេព្យាករណ៍សម្រាប់តំបន់ក្បែរនោះ ដែលបង្កឱ្យមានហានិភ័យខ្លាំងចំពោះផ្ទៃដី ដែលបានទទួលរងនូវរលកកម្តៅរួចទៅហើយ។

ជុំវិញបញ្ហានេះ លោក Kyriakos Mitsotakis បាននិយាយថា យើងកំពុងប្រឈមនឹងរលកកម្ដៅដ៏អាក្រក់បំផុត គិតចាប់តាំងពីឆ្នាំ១៩៨៧ ដោយបន្ថែមថា អាជ្ញាធរកំពុងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយស្ថានការណ៍នេះ។ លោកក៏បានព្រមានថា រលកកម្ដៅដ៏អាក្រក់នេះ ក៏កំពុងធ្វើឱ្យប៉ះពាល់ដល់បណ្តាញថាមពលអគ្គិសនីផងដែរ ហើយបានសុំឱ្យជនជាតិក្រិក ព្យាយាមកំណត់ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ពួកគេ នៅពេលរសៀល និងពេលយប់។

គួរបញ្ជាក់ថា បើតាមអនុរដ្ឋមន្រ្តីការពារស៊ីវិល លោក នីកូស (Nikos Hardalias) បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០២១នេះ មានភ្លើងឆេះព្រៃចំនួន ១,៥៨៤កន្លែងដែលកើតឡើងនៅទូទាំងប្រទេសក្រិក ខណៈបើប្រៀបធៀបទៅនឹងកាលពីឆ្នាំ២០១៩ មានតែ ៩៥៣កន្លែងប៉ុណ្ណោះ។ ដូច្នេះយើងលែងនិយាយអំពីការបម្រែបម្រួលអាកាសធាតុទៀតហើយ ប៉ុន្តែយើងនិយាយអំពីការគំរាមកំហែងពីអាកាសធាតុវិញម្ដង៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន