Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​វប្បធម៌ នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៥៤ ថ្ងៃ​បង្កើត​អាស៊ាន​» តាមរយៈ​ប្រពន្ធ​អន​ឡាញ

​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី​៥៤​ថ្ងៃ​បង្កើត​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​«​អាស៊ាន​»​តាមរយៈ​ប្រពន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១​ខាងមុខនេះ​។ យោងតាម​ការ​ឱ្យដឹងពី​មន្ត្រី​ជំនាញ ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បានឱ្យដឹងថា លោកជំទាវ ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ប្រទេស​កម្ពុជា និង​ជា​ប្រធាន​រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍ អបអរសាទរ​ខួប​លើក​ទី​៥៤​ថ្ងៃ​បង្កើត​អាស៊ាន​នេះ​។​

​ចំពោះ​ព្រឹត្តិការណ៍​ខាងលើ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​តែងតែ​ប្រារព្ធ​ធ្វើជា​ញឹកញាប់​ទៅតាម​ពេលវេលា ដើម្បី​អបអរសាទរ​ខួប​នៃ​ថ្ងៃ​បង្កើត​អាស៊ាន​ប៉ុន្តែ​នៅពេល​មាន​វិបត្តិ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​មក​យើង​មានការ​អាក់ខាន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ដោយផ្ទាល់ តែ​ទោះជា​យ៉ាងណាក្ដី យើង​នៅតែ​ព្យាយាម​រៀបចំ​តាមរយៈ​អន​ឡាញ​។​

​ក្រោយ​មានការ​ផ្ទុះ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​យ៉ាង​គំហក់​នៅ​ទូទាំង​ពិភពលោក ក៏ដូចជា​នៅក្នុង​តំបន់ ព្រឹត្តិការណ៍​ជាច្រើន​បាន​ប្តូរ​សណ្ឋាន​នៃ​ការរៀបចំ ពី​ការរៀបចំ​ដោយផ្ទាល់ មកជា​ការរៀបចំ​តាមរយៈ​ប្រព័ន្ធ​វីដេអូ ឬ​ប្រភេទ​ហាយ​ប្រី​ដដែល​មាន​អ្នក​អាច​ចូលរួម​ដោយផ្ទាល់​និង​ដោយ​ប្រយោល​តាម​ប្រព័ន្ធ​វីដេអូ ដែល​វា​ជា​បរិបទ​នៃ​ការរៀបចំ​តាម​បែបបទ​គន្លង​ប្រក្រតីភាព​ថ្មី​។​

​ជាក់ស្តែង​កាលពី ឆ្នាំ​២០២០ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ធ្លាប់​បានរៀបចំ​កិច្ចប្រជុំ​លើក​ទី​៩ ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល​បន្ទុប​វប្បធម៌​និង​សិល្បៈ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ ដែល​កម្ពុជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​AMCA សម្រាប់​អាណត្តិ​ឆ្នាំ​២០២០-២០២២​។ ក្នុងន័យនេះ ស្ថិតក្នុង​អាណត្តិ​ជា​ប្រធាន​AMCA ឆ្នាំ​២០២១ ដើម្បី​អបអរ​ខួប​លើក​ទី​៥៤​នៃ​ការបង្កើត​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានគ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ខួប​អបអរសាទរ​នេះ នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២១ តាមរយៈ​ការថត​ជា​វីដេអូ​អបអរសាទរ រួច​ចាក់ផ្សាយ​តាម​ស្ថានីយទូរទស្សន៍​ក្នុងស្រុក និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​មួយចំនួន​។

​សូមបញ្ជាក់ថា អាស៊ាន​បង្កើត គឺ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែលមាន​ប្រទេស​ចំនួន​៥ ជា​ស្ថាបនិក រួមមាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហ​បុរី និង​ថៃ បាន​ព្រមព្រៀងគ្នា​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្តីប្រកាស​រួម​ក្នុង​ការបង្កើត​សមាគមន៍​មួយ​នេះ​ឡើង ហើយ​សព្វថ្ងៃនេះ​អាស៊ាន​បាន​ក្លាយជា​សមាគមន៍​ដែល​កំពុង​ទទួលបាន​ភា​ព​លេចធ្លោ និង​ជោគជ័យ​។ ប្រទេស​កម្ពុជា បាន​ក្លាយជា​ប្រទេស​សមាជិក​អាស៊ាន​ទី​១០ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៩ បន្ទាប់ពី​ប្រទេស​ព្រុយ​ណេ​ដា​រ៉ូ​សេ​ឡឹម វៀតណាម ឡាវ និង​មី​យ៉ាន់​ម៉ា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន