Connect with us

Hi, what are you looking for?

កម្សាន្ត

ប្រាសាទបាយក្អែក គ្រោង​នឹង​បញ្ចប់​ការងារ​ជួសជុល នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២១​នេះ​

​ខេត្តសៀមរាប​៖ ប្រាសាទបាយក្អែក មាន​ទីតាំង​ស្ថិតនៅ​ប៉ែក​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត កំពុងធ្វើការ​ជួសជុល​និង​រៀបចំ​លើកកម្ពស់​សោភ័ណភាព​ប្រាសាទ ទេសភាព​វប្បធម៌​សំដៅ​រក្សា​តុល្យភាព​រវាង​ការងារ​អភិរក្ស និង​ការងារ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​លោក ស្រ៊ុន តិច បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹងថា ប្រាសាទបាយក្អែក​បាន​ដួលរលំ​ទាំងស្រុង ដោយសារ​អាយុកាល អាកាសធាតុ សង្គ្រាម និង​កត្តា​មនុស្ស​។ តាំងពី​ខែកុម្ភៈ ឆ្នាំ​២០២១ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដំណើការ​ជួសជុល​ពង្រឹង​និង​លើក​តម្លៃ​រចនា​សម្ពន្ធ​ប្រាសាទ​ឡើងវិញ​។ មកដល់ពេលនេះ​ដំណើរការ​ជួសជុល​បាន​រយៈពេល​ប្រមាណ​៥​ខែ​មកហើយ ដោយ​សម្រេចបាន​ជាង​៦០​ភាគរយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​២​ខែ​ខាងមុខ​។​

​លោក​បន្តថា ចំពោះ​ដំណើរការ​ជួសជុល​ពង្រឹង​សំណង់​នេះ ក្រុមការងារ​បច្ចេកទេស​ប្រកាន់យក​គោលការណ៍​អភិរក្ស គោរព​តាម​អនុសាសន៍​របស់​អ្នកជំនាញ អាយ​ស៊ី​ស៊ី​អង្គរ និង​គោរព​តាម​ធម្មនុញ្ញ​អង្គរ ក្នុង​គោលដៅ​រក្សា​រូបរាង ឬ​ទម្រង់​ស្ថាបត្យកម្ម​ដើម​របស់​ប្រាសាទ​។ ការងារ​ជួសជុល​នេះ ក្រុមការងារ​ព្យាយាម​ប្រើប្រាស់​ថ្ម​ចាស់ៗ​ឡើងវិញ ហើយ​ជំនួស​ថ្ម​ថ្មី​ក្នុង​កម្រិត​១០​ទៅ​១៥​ភាគរយ​។

​សូម​ជម្រាប​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា គាំពារ​កេរមត៌ក​ដូនតា​ខ្មែរ ដែលជា​បេតិកភណ្ឌ​ពិភពលោក​ឱ្យនៅ​គង់វង្ស​យូរអង្វែង​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន