Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្ត​កោះកុង បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទី​៣ ជូន​ដល់​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជួរមុខ​

​ខេត្តកោះកុង​៖ កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២១​ម្សិលមិញ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​អញ្ជើញ​ជា​អធិបតី បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង AstraZeneca ដូ​ស​ទី​៣ (​ជា​ដូ​ស​ជំរុញ​) ជូន​ដល់​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជួរមុខ ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី Delta ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​ដ៏​រឹងមាំ​ថែមទៀត នៅក្នុង​ខ្លួន​មនុស្ស ជាពិសេស​ឆ្លើយតប​នឹង​វត្តមាន​មេរោគ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ដែល​កំពុងតែ​រីក​រាលដាល​នៅក្នុង​តំបន់​។​

​ក្នុងឱកាស​នោះ លោកជំទាវ មិថុនា ភូ​ថង បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បានផ្តល់​វ៉ាក់សាំង AstraZeneca សម្រាប់​ចាក់​ដូ​ស​ទី​៣​បន្ថែម ដើម្បី​ជំរុញឱ្យមាន​អង្គ​បក្ខ​ដិ​បក្ខ​ក្នុង​ខ្លួន ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ជូន​ដល់​មន្ត្រី​ជួរមុខ​រួមមាន​៖ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ ក្រុមយុវជន ក្រុមប្រឹក្សាឃុំ មេភូមិ អនុ​ភូមិ មន្ត្រីរាជការ និង​កងកម្លាំង​ជួរមុខ នៅក្នុង​ខេត្ត ជា​បន្តបន្ទាប់​ផងដែរ​។​

​លោកជំទាវ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ ដល់​បុគ្គលិក​ពេទ្យ ក្រុមយុវជន កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ស៊ីវិល​ជួរមុខ ដែល​បាន​លះបង់​អស់កម្លាំង​កាយ​ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន ចូលរួម​យ៉ាងសកម្ម គ្រប់​សកម្មភាព ក្នុង​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ក្នុងពេល​បិទ​ខ្ទប់​នេះ គឺ​ពិតជា​មានការ​លំបាក​ច្រើន​ចំពោះ​មន្ត្រី ក៏ប៉ុន្តែ​វា​ជា​ឱកាស​ក្នុងការ​បម្រើ​ជាតិ និង​បម្រើ​រាស្ត្រ ដែល​មិនអាច​គេចវេស​ពី​តួនាទី ការងារ និង​ភារកិច្ច​នេះ​បានឡើយ​។​

​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ AstraZeneca ត្រូវបាន​ដឹក​មកដល់​ខេត្តកោះកុង ដើម្បី​ចាក់ ជូន​ដល់​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​មន្ត្រី​ជួរមុខ ដែល​ប្រឈម​នឹង​ហានិភ័យ នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី Delta ក្រោយពេល​មាន​ពលករ​ខ្មែរ​ជាច្រើន បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​។​

​ការចាក់​ដូ​ស​ទី​៣​នេះ គឺ​ប្រើប្រាស់​វ៉ាក់សាំង ប្រភេទ​AstraZeneca (​ជា​ដូ​ស​ជំរុញ​) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន Sinopharm ឬ Sinovac​។ ជាមួយនឹង​ការសម្រេច​ចាក់​ដូ​ស​ទី​៣​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​ខិតខំ​ស្វែងរក​ទិញ​វ៉ាក់សាំង AstraZeneca បន្ថែមទៀត​ផងដែរ​៕


​ប្រភព​៖ រដ្ឋបាល​ខេត្តកោះកុង​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន