Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមតាលីបង់ដណ្តើមបានទីក្រុងទី​១៤នៅអាហ្វហ្គានីស្ថាន អាមេរិក បញ្ជូនទាហានការពារពលរដ្ឋខ្លួន

នៅថ្ងៃទី ១៣ខែសីហា ប្រភពព័ត៌មានពីកម្លាំងទាហានក្រុមតាលីបង់ បានបញ្ជាក់ថា ក្រុមតាលីបង់ បានដណ្តើមគ្រប់គ្រង ទីក្រុងដ៏សំខាន់ស្ថិតនៅតំបន់ភាគខាងត្បូង  គឺទីក្រុង Lashkar Gah ។ មកដល់ថ្ងៃនេះក្រុមតាលីបង់គ្រប់គ្រងបាន​១៤ខេត្តក្រុងក្នុងប្រទេសនេះ។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក លោកបៃឌិន បានសម្រេចបញ្ជូកម្លាំងទាហាន ៣ពាន់នាក់ ទៅកាន់រដ្ឋធានីកាប៊ុល ជួយការពារសន្តិសុខដើម្បីជម្លៀសបុគ្គលិកមន្ត្រីស្ថានទូតចេញពីអាហ្វហ្គានីស្ថាន​។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក​  Ned Price នៅថ្ងៃទី ១២ខែសីហា បានបញ្ជាក់ថា​ មន្ទីរបញ្ចកោណនឹងបញ្ជូនកម្លាំងទាហានបន្ថែម ៣ពាន់នាក់ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៤៨ម៉ោងដើម្បីជម្លៀស បុគ្គលិកស្ថានទូតនិងពលរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «យើងកំពុងតែវាយតម្លៃពីស្ថានភាព សន្តិសុខ ដើម្បីធានាដល់សុវត្ថិភាពពលរដ្ឋអាមេរិក និងមន្ត្រីស្ថានទូត។ យើងរក្សាទុកបុគ្គលិក ជំនាញមួយចំនួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ ក្រៅពីនេះនឹងបញ្ជូនចេញពីអាហ្វហ្គានីស្ថានដោយបារម្ភពីសរុវត្ថិភាព»។

ក្រោយការប្រកាសរបស់ លោក​ Ned Price ស្ថានទូតអាមេរិក នៅទីក្រុងកាប៊ុលបានអំពាវនាវដល់ពលរដ្ឋអាមេរិក ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានជាបន្ទាន់​​។ សកម្មភាពខាងកើកើតឡើង​ក្រោយពេលក្រុមតាលីបង់ ដណ្តើមបានការគ្រប់គ្រង ទីក្រុង​ Herat ​នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន  និងខេត្តGhazni ​ដែលជាតំបន់យុទ្ធសាស្ត្រនៅភាគខាងត្បូង រដ្ឋធានីកាប៊ុល​។

អាមេរិក បានព្រមានដល់ក្រុមតាលីបង់ថា ទីក្រុងវ៉ាស៊ីនតោននឹងបើកការវាយប្រហារប្រសិន​បើក្រុមតាលីបង់វាយប្រហារទៅលើជនជាតិអាមេរិក​។ ជាមួយគ្នានេះដែរ អាមេរិកបានបញ្ជូនទាហាន​ចាប់ពី​៣៥០០-៤០០០នាក់ ដើម្បីទៅការពារពលរដ្ឋអាមេរិក ក្នុងទឹកដីអាហ្វហ្គានីស្ថាន​។

នៅថ្ងៃទី​៣១ខែសីហា ជាពេលវេលាចុងក្រោយដែលអាមេរិកត្រូវដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន  ដោយរក្សាទាហាន ៦៥០នាក់ប៉ុណ្ណោះ​ដើម្បីការពារស្ថានទូតនិងអាកាសយានដ្ឋាន។ គិតត្រឹមថ្ងៃទី ១២ខែសីហា អគ្គរដ្ឋទូតអាមេរិក​នៅទីក្រុងកាប៊ុលមានបុគ្គលិក​៤២០០នាក់ ហើយភាគច្រើនក្នុងចំណោមនោះ​ជាជនជាតិអាហ្វហ្គានីស្ថាន៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន