Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុម​យុទ្ធជន​តាលីបង់​ចូល​កាន់​កាប់​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថានហើយ

ទាហាន​ក្រុមតាលីបង់ នៅទីបំផុត បាន​សម្រុក​ចូល​ក្នុង​រដ្ឋធានី​កាប៊ូល នៅល្ងាច​ថ្ងៃ​អាទិត្យ ទី​១៥ សីហានៅបន្ទាប់ពី​មាន​ព័ត៌មាន​ថា ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី និង​អនុប្រធានាធិបតី​របស់លោក​បានធ្វើដំណើរចាកចេញ​ស្ងាត់ៗ​ពីអាហ្វហ្កានីស្ថាន។ នៅពេលអាមេរិក​បន្តជម្លៀស​បុគ្គលិកស្ថានទូត​ទៅប្រមូលផ្តុំ​ធ្វើការ​នៅ​ព្រលាន​យន្តហោះ កាប៊ូល ប្រមុខការបរទេស​អាមេរិក លោក​អង់តូនី​បាន​និយាយ​ការពារ​ជំហរ​ដកទ័ពអាមេរិក​ចេញពីអាហ្វហ្កានីស្ថាន និងបានទាត់ចោល ការនិយាយ​ប្រៀបធៀប​ស្ថានការណ៍​នៅ​អាហ្វហ្កានីស្ថាន​ទៅនឹង​ព្រឹត្តិការណ៍ដកទ័ពអាមេរិក ពី​ទីក្រុង​សៃហ្កន ប្រទេស​វៀតណាម នាឆ្នាំ ១៩៧៥។

_

វេលា​ដែល​ក្រុមទាហាន​តាលីបង់​ចូល​ដល់​ច្រកចូល​រដ្ឋធានី​កាប៊ូល នៅថ្ងៃអាទិត្យ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន លោក​អាស្រាហ្វ ហ្កានី បាន​លួច​ចាកចេញ​ស្ងាត់ៗ​ពី​ទីក្រុង​កាប៊ូល។ នេះបើតាម​ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ​បរទេស។ វិមាន​ប្រធានាធិបតី មិន​បាន​អត្ថាធិប្បាយ​ពីព័ត៌មាន​នេះទេ ដោយ​លើកយកហេតុផល​សន្តិសុខ​ជាតិ។

អតីត​អនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក​អាប់ឌុឡា អាប់ឌុឡា ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជាន់ខ្ពស់​អាហ្វហ្កានីស្ថាន​សម្រាប់​ការចរចាជាមួយ តាលីបង់ បាន​បញ្ជាក់នៅក្នុង​វីដេអូ បង្ហោះតាម​បណ្តាញ​សង្គមហ្វេសប៊ុក ថា លោក​ប្រធានាធិបតី ហ្កានី និង​អនុប្រធានាធិបតី​របស់​លោក​បាន​ធ្វើដំណើរចាកចេញពី​អាហ្វហ្កានីស្ថាន​នៅថ្ងៃអាទិត្យ។

តាមប្រភព​មន្រ្តីក្រសួងមហាផ្ទៃ​អាហ្វហ្កានីស្ថាន ដែលដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters លោក​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ​ដែលក្រុមតាលីបង់​បាន​ទាមទារ​ឲ្យចុះចេញ​ពី​តំណែង ប៉ុន្មាន​ថ្ងៃ​ហើយនោះ បាន​ចាកចេញ​ពី​ក្រុង​កាប៊ូល សំដៅ​ប្រទេស តាហ្ស៊ីគីស្ថាន។ ការរត់ចោល​ប្រទេសរបស់​​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ជា​សញ្ញា​នៃ​ការដួលរលំ​រដ្ឋធានី កាប៊ូល ដែលបាន​​ធ្លាក់​ទៅ​ក្នុង​ដៃ​របស់​ពួកតាលីបង់ ដោយ​គ្មាន​ការប្រយុទ្ធ​បង្ហូរឈាម ធំដុំ​ណាមួយ។

_

ទន្ទឹមគ្នា​ដែល​មានដំណឹង​ប្រធានាធិបតីអាហ្វហ្កានីស្ថាន ចាកចោលប្រទេស អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមតាលីបង់​បាន​និយាយថា គេ​បាន​បញ្ជា​ឲ្យ​ទាហាន​តាលីបង់ សម្រុក​ចូល​រដ្ឋធានី​កាប៊ូល ដើម្បីធានា ការពារ​សន្តិសុខ ទប់ស្កាត់ ការលួចគាស់ ឆក់ប្លន់ ក្នុង​រដ្ឋធានី ដែលលែងមានវត្តមាន​របស់​កងកម្លាំងរក្សា​សន្តិសុខ​អាហ្វហ្កានីស្ថាន។

ក្រុមតាលីបង់​ដែល​គ្រោង​នឹង​ប្រកាស ដណ្តើម​បាន​អំណាច​ទាំងស្រុង នៅ​អាហ្វហ្កានីស្ថាន បាន​បង្ហាញ​ឥរិយាបទ​យោគយល់​ច្រើន ដោយ​សន្យា​ថា ពួកគេ​នឹង​បន្ត​គោរព​សិទ្ធិ​មនុស្សស្រី អ្នកកាសែត និង​មន្រ្តីទូតបរទេស។ នៅទីក្រុង អេរ៉ាត Hérat ក្រុមតាលីបង់​បាន​ផ្តល់លិខិត លើកលែង​ទោស​ដល់​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន រាប់រយនាក់ ដែលបាន​ដាក់អាវុធ ចុះចាញ់ បើកផ្លូវ​ឲ្យ​សកម្មប្រយុទ្ធ​តាលីបង់​វាយចូលកាន់កាប់​ទីក្រុងខេត្ត ដោយ​គ្មានឧបសគ្គ។

នៅទីក្រុង​កាប៊ូល មន្រ្តីជាន់ខ្ពស់​ចុងក្រោយ របស់​អាមេរិក ត្រូវ​បានជម្លៀស​ចេញ​ពីស្ថានទូត ទៅនៅ​ព្រលាន​យន្តហោះ ដែល​ជា​ទីតាំង​ចុងក្រោយ គ្រប់គ្រង រក្សា​សន្តិសុខ​ដោយ​កងទ័ពអាមេរិក ប្រមាណ ៥០០០ នាក់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ អាមេរិកាំង រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក​អង់តូនី ប្លីងកិន​បាន​និយាយ​ការពារ​សាជាថ្មី ជំហរ ដកទ័ពអាមេរិក​ចេញពីអាហ្វហ្កានីស្ថាន ដោយ​ថា អាមេរិក​បានឈ្នះ សង្រ្គាម​នៅអាហ្វហ្កានីស្ថាន ព្រោះ អាមេរិក​បាន​សម្លាប់​អ្នកដែលបាន​វាយប្រហារ​ភេរវកម្ម​ទៅលើ​អគារភ្លោះនៅក្រុង​ញូវយ៉ក កាលពី ២០ឆ្នាំមុន។ ប្រមុខការបរទេស​អាមេរិក​បាន​ទាត់ចោលផងដែរ ការលើកឡើង បែបប្រៀបធៀប​ដែលថា ស្ថានភាព នៅអាហ្វហ្កានីស្ថាន ដូចគ្នា​នឹង​អ្វីដែលបាន​កើតឡើង​នៅ ទីក្រុង​សៃហ្កន ប្រទេស​វៀតណាម​កាលពី ឆ្នាំ ១៩៧៥៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន