Connect with us

Hi, what are you looking for?

អន្តរជាតិ

ស្លាប់ដោយគ្រោះរញ្ជួយដីនៅហៃទី​កើនឡើង ២,១៨៩នាក់ និងជាង ១២,០០០នាក់រងរបួស

ចំនួនមនុស្សស្លាប់បានលោតឡើងយ៉ាងគំហុកដល់ ២,១៨៩នាក់ និងជាង ១២,០០០នាក់ទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសហៃទី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គិតត្រឹមពេលនេះ ការជីកកកាយនៅតាមគំនរអគារបាក់បែក នៅតែកំពុងបន្តនៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន។ នេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយទៀត ដែលបានធ្វើឲ្យលំនៅឋានប្រជាជន និងអគារសាធារណៈនានា រងការបំផ្លិចបំផ្លាញយ៉ាងដំណំ ព្រមទាំងបានធ្វើឲ្យបណ្តាញទ្រទ្រង់មន្ទីរពេទ្យ នៃប្រទេសដីកោះមួយនេះដួលរលំផងដែរ។

កាលពីថ្ងៃពុធសប្តាហ៍នេះ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស បានប្តេជ្ញាជួយសង្គ្រោះហៃទី ក្នុងគ្រាដ៏លំបាកវេទនាបំផុតនេះ។ លោក ហ្គូទែរែស បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានសារមួយជូនដល់ប្រជាជនហៃទី នោះគឺអ្នកមិនឯកោឡើយ, យើងនឹងឈរនៅជាមួយអ្នក និងគាំទ្រអ្នកគ្រប់ជំហាន ដើម្បីដើរចេញពីវិបត្តិមួយនេះ»។

គួររំលឹកថា អ្វីដែលពិភពលោកទាំងមូលចងចាំមិនភ្លេច នោះគឺរដ្ឋធានីព័រអូព្រីន នៃប្រទេសហៃទី បានទទួលរងគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ កាលពីខែមករា ឆ្នាំ២០១០ ដែលបានសម្លាប់មនុស្សរហូតដល់ជាង ២០០,០០០នាក់ ហើយពិតជាសោកនាដកម្មដ៏ធំធេង បង្កឡើងគ្រោះធម្មជាតិរញ្ជួយដី នៅក្នុងប្រទេសក្រីក្រដែលមានប្រជាជនជាង ១០លាននាក់មួយនេះ៕

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...