Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សហគមន៍​តំបន់ការពារធម្មជាតិ​អន្លង់​ព្រីង រកប្រាក់​ចំណូល​បន្ថែម​ពី​ប្រពៃណី​តម្បាញ​កន្ទេលចចូត​

​ប្រជាពលរដ្ឋ​ក្នុង​តំបន់ការពារទេសភាព​អន្លង់​ព្រីង បាន​បន្ត​រក្សា​ស្នាដៃ​កេរ្តិ៍​ដូនតា ដូចជា​ការធ្វើ​នំ​បញ្ចុក និង​សិប្បកម្ម​ត្បាញ​ចចូត​ជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ សម្រាប់​ទេសចរ​ដែល​ម​ក​កម្សាន្ត​តំបន់ការពារធម្មជាតិ​មួយ​នេះ​។ ប្រជាពលរដ្ឋ​នៃ​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ព្រីង នៅតែ​ថែរក្សា​ប្រពៃណី​តម្បាញ​ចចូត​(​ក​ញ្ចូ​ត​)​នេះ​រហូត មកដល់​បច្ចុប្បន្ន មិនទាន់​បោះបង់​ទាំងស្រុង​ឡើយ​។​

​សូមបញ្ជាក់ថា ប្រជា​សហគមន៍ បាន​ចេះ​របៀប​ត្បាញ​ម៉ូត​ទំនើប​ទាន់សម័យ ជា​គោម តាម​ម៉ូត តាម​ទំហំ​ខ្នាត តាម​តម្រូវការ​អតិថិជន ហើយ​ចំណេះ​ជំនាញ​ទាំងនេះ​បានមកពី​ការបង្ហាត់បង្រៀន​ពី​អង្គការ​មូលនិធិ​សត្វ​ក្រៀល​អន្តរជាតិ ក្រោម​គម្រោង​លើកស្ទួយ​ជីវភាព​សហគម​ន៏​ផ្សារភ្ជាប់​ជាមួយ​ការអភិរក្ស​។​

តំបន់ការពារទេសភាព​អន្លង់​ព្រីង ស្ថិតនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​ត្រូវបាន​បង្កើត ឡើង​ដោយ​អនុក្រឹត្យ លេខ ៨៤ អនក្រ​-​បក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦​។ ​តំបន់ការពារទេសភាព​អន្លង់​ព្រីង​បានផ្តល់​ជាទី​ជម្រក និង​ប្រភព​ចំណី​ដ៏​សំខាន់​សម្រាប់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជាច្រើន​ប្រភេទ ពិសេស​សត្វ​ក្រៀល សត្វ​ខ្វែក​សមុទ្រ​ស្លាប​ឆ្នូត​ស ទាព្រៃ​ក្បាល​ឆ្នូត​ស និង​សត្វ​ស្លាប​កម្រ និង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។​

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពត សហការ​ជាមួយ​ក្រុម​អភិរក្ស​នៃ​អង្គការ​ដៃគូ និង​សហគមន៍​កំពុងធ្វើការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​មួយ​នេះ ដើម្បី​ប្រយោជន៍​កូនចៅ​ត​ជំនាន់​។ ជាមួយគ្នានេះ គណៈកម្មការ​សហគម​ន៍​ប្រជាពលរដ្ឋ មានឱកាស​ទទួល បង្កើន​កិច្ច​ថែរក្សា​តំបន់​វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ និង​រក​ចំណូល​ពី​ការនាំ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត ព្រមទាំង​សិក្សា​ស្វែងយល់ ក៏ដូចជា​ទិញ​ផលិតផល​សហគមន៍​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន