Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្ដម ថោង ខុន ចុះ​ត្រួតពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​២០២២ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២១​នេះ បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​-​ស្ថាប័ន ព្រមទាំង​ក្រុមការងារ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​ត្រួតពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​វេទិការ ទេសចរណ៍​អាស៊ាន​លើក​ទី​៤០ ឆ្នាំ​២០២២ (ATF 2022) នៅ​ខេត្ត​ព្រះសីហនុ ពោលគឺ​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបាន​ហ្មត់​មត់​ក្នុង​ការទទួល​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នាពេល​ខាងមុខនេះ​។​

​បន្ទាប់ពី​ដើរ​ត្រួតពិនិត្យ​នៅតាម​ទីតាំង​សំខាន់ៗ​មួយចំនួន​ក្នុង​បរិវេណ​សណ្ឋាគារ​សុខា​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​រាយការណ៍​ជូន​ក្រុមការងារ​ទាំងអស់​ថា វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២២ (ASEAN Tourism Forum 2022) ឬ​ហៅ​កាត់​ថា ATF 2022 នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ក្រោម​ប្រធានបទ «​អាស៊ាន​៖ សហគមន៍​សន្តិភាព និង​វាសនា​តែមួយ (ASEAN – A Community of Peace and Shared Future)» ឆ្ពោះទៅ​ការស្តារ​វិស័យ​ទេសចរណ៍ និង​ការបើក​ឡើងវិញ​នូវ​វិស័យនេះ​ក្នុង​តំបន់​ប្រកបដោយ​ភាព​ធន់ និរន្តរភាព និង​ភាព​ទទួលខុសត្រូវ​នាពេល​អនាគត​។​

​ឯកឧត្ដម ថោង ខុន បាន​បន្តថា វេទិកា​ទេសចរណ៍​អាស៊ាន​នេះ​នឹងមាន​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា កិច្ចប្រជុំ​របស់​ស្ថាប័ន​ទេសចរណ៍​ថ្នាក់ជាតិ (National Tourism Oganizationa) កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំ​អាស៊ាន​បូក​បី (​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​) កិច្ចប្រជុំ​អាស៊ាន​បូក​មួយ (​អាស៊ាន​-​ឥណ្ឌា​) និង​អាចមាន​កិច្ចប្រជុំ​ជាមួយ​អង្គការ​ដៃគូរ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ផ្នែក​ឯកជន (ASEANTA Meetings) និង​សិក្ខាសាលា​នានា​ជាច្រើន និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ «TRAVEX»​។



ការតាំងពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុង​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៩-២០ ខែមករា ឆ្នាំ​២០២២ និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់ (Sellers) និង​អ្នកទិញ ( Buyers)​។​ ​អ្វីដែល​ជាការ​កត់សម្គាល់​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លើក​នេះ​មិនអាច​ធ្វើ​ធំ​ដូច​មុនៗ​បានទេ ដោយសារ​បញ្ហា​កូ​វីដ​នៅមាន​នៅឡើយ ដែល​ចាំបាច់​ត្រូវ​ជំរុញ​ការអនុវត្ត​នូវ​វិធាន​សុវត្ថិភាព វិធាន​សុខាភិបាល​ឱ្យបាន​ហ្មត់ចត់ ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី​។

​លោក​ថា យើង​នឹង​ពិចារណា​កាត់បន្ថយ​ទំហំ​ទាំង​ការប្រជុំ​នានា ពិព័រណ៍ អ្នកសារព័ត៌មាន​ផងដែរ​។ ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ ទាំង​អ្នកចូលរួម ទាំង​ម្ចាស់ផ្ទះ​ត្រូវតែ​ធានាបាន​នូវ​សុវត្ថិភាព​សុខាភិបាល ដោយ​ត្រូវ​ចេះ​អនុវត្តន​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ការ​ស្នាក់នៅ ហូបចុក និង​គ្រប់​សកម្មភាព​នៃ​ព្រិ​ត្តិ​ការណ៍ ត្រូវ​រៀបចំ​យ៉ាង​សាមញ្ញ ក្រៅ​អគារ (outdoors) ក្នុង​បរិវេណ​តែមួយ ដែលមាន​ពហុ​សេវា​គ្រប់គ្រាន់ ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​វិធាន​សុខាភិបាល​ដោយ​ហ្មត់ចត់​។

​កម្មវិធី​ប្រជុំ​ខ្លះ​អាចធ្វើ​តាមរបៀប​កូនកាត់ (Hybrid)​។ កម្មវិធី​ទស្សនកិច្ច​ទីក្រុង ឬ​គោលដៅ​ផ្សេង​ត្រូវតែមាន​ការរៀបចំ​ដោយ​គណៈកម្មការ​។ និយាយ​រួម កន្លែង​ប្រារព្ធ​ពិធី​ត្រូវតែ​ជា​គោលដៅ​សុវត្ថិភាព​ដែល​រៀបចំឡើង និង​ប្រ​ត្តិ​ប​ត្តិ​តាម SOP ដែល​កំនត់ដោយ​រាជ​រដ្ឋ​ភិ​បាល​។ ជាការ​ពិតណាស់ រាជរដ្ឋាភិបាល​បានបញ្ចប់​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​នៅ​ក្រុងព្រះសីហនុ​បានល្អ​ប្រសើរ​រួចរាល់​ហើយ ការគ្រប់គ្រង ឆ្នេរសមុទ្រ ក៏បាន​ល្អ​។ រីឯ​សម្បទា​ទេសចរណ៍​ក៏មាន​គ្រប់គ្រាន់ ដែល​អាច​រៀបចំ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (Travex) ខ្នាតតូច​ល្មម​បាន​។



ម្យ៉ាងវិញទៀត ក្រុងព្រះសីហនុ​អាច​នឹង​បញ្ចប់​ការ​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ (​រួមទាំង​អ្នកផ្តល់​សេវា​ទេសចរណ៍​) ក្នុងពេល​ខាងមុខ ដែល​អាច​នឹង​ផ្ដល់នូវ​សុវត្ថិភាព​ដល់​អ្នកចូលរួម​បាន ហើយ​អាច​រៀបចំ​ជា​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ទៅកាន់​គោលដៅ​ទេសចរណ៍​តាម​កោះ​បាន ពិសេស​ក្រុងព្រះសីហនុ ក៏មាន​ព្រលានយន្តហោះ​អន្តរជាតិ ដែល​អាច​នឹង​មានការ​ហោះហើរ​ត្រង់​ឡើងវិញ​បាន ផងដែរ​។​

​គួរ​ជម្រាប​ថា ដើមឡើយ កម្ពុជា​ត្រូវ​ទទួល​ធ្វើជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ តែដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ដោយ​សារបាន​សម្របសម្រួល​ជាមួយ​ឥណ្ឌូណេស៊ី (​ជា​ប្រធាន និង​ជា​ម្ចាស់ផ្ទះ​បន្តវេន​ពី​កម្ពុជា​) កម្ពុជា​បាន​លើក​ពេល​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១ (ATF 2021) មក​រៀបចំ​នៅ​ដើមឆ្នាំ​២០២២ ហើយ​រាជរដ្ឋាភិបាល​ក៏បាន​ឯកភាព​ឲ្យ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​អន្តរក្រសួង​-​ស្ថាប័ន រួមគ្នា​រៀបចំ​ព្រឹត្តិការណ៍​នេះ​នៅ​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១៦-២២ ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ​វិញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន