Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា សម្រេចបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជាង​៩០%​ហើយ

​ភ្នំពេញ​៖ កម្ពុជា សម្រេចបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជាង​៩០%​ហើយ ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ ហើយ​ការឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មានការ​ថមថយ ដែលជា​សញ្ញា​ល្អ​មួយ អាច​នឹង​ឈានទៅ​លុបបំបាត់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នាពេល​ដ៏​ខ្លី​ខាងមុខ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នៅតែ​ជា អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​គន្លឹះ និង​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ខិតខំ​ខ្នះខ្នែង​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សម្រេចបាន​ជាង​៩០% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ ១០​លាន​នាក់ និង​បានសម្រេច​ដាក់​ដូ​ស​ទី​៣ (​ដូ​ស​ជំរុញ​)​ជូន​មន្ត្រី​ជួរមុខ ព្រមទាំង​កំពុងបើក​យុទ្ធនា​ការចាក់​ជូន​កុមារ និង​យុវវ័យ ចាប់ពី​អាយុ ១២​ឆ្នាំ ដល់​អាយុ ក្រោម ១៨ ឆ្នាំ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​។​

​ទន្ទឹមនេះ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ប្រកាស​ដាក់ចេញ​នូវ «​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ជំរុញ » ដល់​ប្រជាជន​ទូទៅ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ​ចាប់ពី​ខែសីហា ឆ្នាំ​២០២១​នេះ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២២ អាស្រ័យ​លើ​លទ្ធភាព​នៃ​ការស្វែងរក និង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩​។​

​គិត​មកដល់​បច្ចុប្បន្ន​នេះ ដោយសារ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​មួយចំនួន​ធំ បាន​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វី​ស​កូ​វីដ​-១៩ ធ្វើឱ្យ​ការឆ្លង និង​ការស្លាប់​នៅតាម​បណ្តា​រាជធានី ខេត្ត មានការ​ថយចុះ​ជា​បន្តបន្ទាប់​។

​ទន្ទឹមនឹងនេះ មាន​ខេត្ត​មួយចំនួន បានអនុញ្ញាត​ឲ្យ​ដាក់ពាក្យ​ស្នើសុំ​បើក​អាជីវកម្ម ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន ដើម្បី​ទទួលភ្ញៀវ ព្រោះ​ដោយសារ​ស្ថានភាព​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត​នោះ​មាន​លក្ខណៈ​ធូរស្រាល និង​ល្អប្រសើរ​។​
​ទោះបី​កម្ពុជា​យើង​បាន នឹង​កំពុង​វាយលុក​ដោយ​វីរុស​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ Delta យ៉ាងណាក្តី តែ​ការឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ បាន​បន្ត​ធ្លាក់ចុះ​ជា​លំដាប់ ដែល​ការ​ថមថយ​នេះ ជា​សញ្ញា​ល្អ​មួយ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​ឈានទៅ​លុបបំបាត់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ នាពេល​ដ៏​ខ្លី​ខាងមុខ​ជាក់​ជាមិនខាន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន