Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជម្ងឺ​ដុំ​ពក​ស្បែក​គោ ក្របី

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ដំណើរ​វិវត្តន៍ និង​វិធានការ​នៃ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅ រួមទាំង​បាន​ជម្រាបជូន​ពីបទ​ពិសោធ​និង​វិធីសាស្ត្រ​ព្យាបាល​ផងដែរ​។



ទន្ទឹមនឹង​ការខិតខំ​ប្រឹងប្រែង​ក្នុងការ​តាម​ពិនិត្យ​និង​ព្យាបាល​សត្វ​គោ​ដែល​បាន​ឆ្លង​ជម្ងឺ​ដុំ​ពក​នៅលើ​ស្បែក​កន្លងមក ក្រសួង​ក៏បាន​ខិតខំ​ប្រឹងប្រែង​ស្វះ​ស្វែងរក​បញ្ជា​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី ក៏បាន​ដំណើរ​ការព្រម​គ្នា​ផងដែរ​។ ប៉ុន្តែ​អ្វីដែល​ក្រសួង​មិន​នឹកស្មាន​ដល់​នោះ ការ​រី​រាលដាល​នៃ​ជំងឺឆ្លង​នេះ​បាន​រាលដាល​យ៉ាង​លឿន​ពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ថៃ មក​តំបន់​ទំនាប​កណ្តាល​នៃ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តព្រៃវែង ដែល​មកទល់ពេលនេះ ជំងឺឆ្លង​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​និង​ធ្វើ​ឲ្យ​សត្វ​គោ​ឈឺ​ចំនួន​ជាង ៣០ ០០០ ក្បាល​ហើយ ជាពិសេស​បាន​ឆ្លង​ទៅលើ​កូន​គោ ដែល​បានធ្វើ​ឲ្យ​សត្វ​គោ​បាន​ងាប់​មួយចំនួន និង​ដែល​ធ្វើ​ក្រសួង​មានការ​ព្រួយបារម្ភ​ជាខ្លាំង ។

​ប៉ុន្តែ​អ្វីដែល​ទទួលបាន​ដំណឹង​ល្អ​នា​ចុង​សប្តាហ៍​នេះ គឺ​ក្រោយពី​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជា​សេនាធិការ​នោះ ដោយមាន​ការគាំទ្រ​ថវិកា​ពី​សប្បុរសជន​ផង​នោះ យើង​ទទួលបាន​វ៉ាក់សាំង​ចំនួន ពីរម៉ឺន ដុស នៅក្នុង​ដៃ​រួចហើយ ដែល​បាន​បង្កលក្ខណៈ​គ្រាប់​គ្រាន់​សម្រាប់​ក្រសួង​មានលទ្ធភាព​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទប់ស្កាត់​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី ដែល​ដឹកនាំ​ដោយ​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គ​នាក​ដ្ឋា​ន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ បានចេញ​ប្រតិបត្តិការ​កាលពី​ថ្ងៃ​ម្សិលមិញ ទី​២៨ ខែសីហា ឆ្នាំ​២០២១ នេះ នៅ​ខេត្ត​ត្បូងឃ្មុំ ។

​ដោយឡែក​ថ្ងៃនេះ ក្រសួង​បាននិងកំពុង​បន្ត​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​នៅក្នុង​ខេត្តកំពង់ចាម​ទៀត ។ ក្រសួង​មាន​ក្តី​សង្ឃឹមថា វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ​ចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹង​មកដល់​កម្ពុជា នៅ​សប្តាហ៍​បន្ទាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន