Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្នុង​សប្តាហ៍​នេះ​! ផ្នែក​ខ្លះ ក្នុង​តំបន់​វាលទំនាប​របស់​កម្ពុជា អាចមាន​ជំនន់​ទឹកភ្លៀង

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​ឲ្យ​សាធារណជន បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ ពិសេស​ជំនន់​ទឹកភ្លៀង នៅ​ផ្នែក​ខ្លះ​ក្នុង​តំបន់​វាលទំនាប ដែល​នឹង​អាច​កើតឡើង​ជាយថាហេតុ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១​។ នោះ​គឺ​ក្នុង​សប្តាហ៍​ខាងមុខនេះ កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា ក្នុង​កម្រិត​ខ្លាំង​ជាមួយនឹង​ប្រព័ន្ធ​សម្ពាធ​ទាប​។ នៅ​ថ្ងៃទី​២-៤ និង​ថ្ងៃទី​៧ ខែកញ្ញា មាន​ឥទ្ធិពល​បន្ថែម គឺ​ខ្យល់​សមុទ្រ Breeze​។​

​សេចក្តីប្រកាស​លើកឡើងថា ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ អាច​នៅ​ភូមិសាស្ត្រ​មួយចំនួន ក្នុង​តំបន់​នេះ មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​។​

​ដោយឡែក សេចក្តីជូនដំណឹង​ដដែល លើកឡើងថា បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ក្នុង​សប្តាហ៍​ខាងមុខ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​រីឯ​នៅ​តំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ក្នុង​ផ្ទៃសមុទ្រ ពិសេស​ក្បែរ​បណ្តា​កោះ រលក​សមុទ្រ នឹង​អាច​កើតមានឡើង​ក្នុង​កម្រិត​មធ្យម​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន