Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អភិបាលខេត្ត​ព្រះសីហនុ រំសាយ​ក្រុមគ្រូពេទ្យ​ទៅកាន់​មណ្ឌល​សុខភាព ដោយសារ​ករណី​ជំងឺ​កូ​វីដ​-១៩ ថយចុះ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​រសៀល ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ និង​រំសាយ​ទៅកាន់​មណ្ឌល​សុខភាព​វិញ​។

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សូម​កោតសរសើរ​ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល មន្ត្រី​សុខាភិបាល និង​ក្រុមគ្រូពេទ្យ​របស់​យើង​ទាំងអស់ ដែល​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​កន្លងមក​។ ដោយ​ឆ្លងកាត់​ព្រឹត្តិការណ៍ ក្នុង​ក្របខណ្ឌ​ទូទាំង​ខេត្ត ពិសេស​ក្រុមគ្រូពេទ្យ​របស់​យើង បាន​ប្រមូល​ផ្តុំគ្នា​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ ក្រុមគ្រូពេទ្យ​របស់​យើង​បាន​បង្កើន​ការយកចិត្តទុកដាក់ ទាំង​ចំនួន​ក្រុមគ្រូពេទ្យ និង​បណ្តុះបណ្តាល​ក្រុម​ជំនាញ​ក្នុង​ការយក​សំណាក ការព្យាបាល​អ្នកជំងឺ និង​កាត់ផ្តាច់​ការចម្លង​ក្នុង​សហគមន៍​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បន្តថា ក្រោយពី​ការរំសាយ​ក្រុមគ្រូពេទ្យ​នឹង​ទៅ​បំពេញការងារ​តាម​មណ្ឌល​សុខភាព​ដើម​វិញ ម្យ៉ាងទៀត​ក្រុមគ្រូពេទ្យ​យើង​មាន​ជំនាញ​បច្ចេកទេស​ក្នុង​ការយក​សំណាក​កូ​វីដ​-១៩ និង​ការព្យាបាល ដោយសារតែ​សកម្មភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ទើប​យើង​សម្រេច​រំសាយ​ក្រុមគ្រូពេទ្យ​ទៅកាន់​មណ្ឌល​សុខភាព​វិញ​។ រដ្ឋបាលខេត្ត នឹង​ចងចាំ​គុណ​តម្លៃ​ក្រុមគ្រូពេទ្យ ដែល​បំពេញការងារ​នៅ​សមរភូមិ​មុខ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ម្យ៉ាងទៀត​ក្រុមគ្រូពេទ្យ​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កុមារ និង​យុវវ័យ​របស់​យើង ។

​ក្នុងឱកាស​នោះ​ឯកឧត្តម អភិបាលខេត្ត សូម​ចូលរួម​សោកស្តាយ​ចំពោះ​ក្រុមគ្រួសារ​សព​អ្នក​គ្រូពេទ្យ អ៉ឹ​ម ស្រី​និ ដែល​បាន​បាត់បង់​អាយុជីវិត ក្នុង​បុព្វហេតុ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ នេះ​ជាការ​បាត់បង់​នូវ​ធនធានមនុស្ស ដែលជា​វីរភាព​ដ៏​ល្អ​ប្រពៃ​ក្នុង​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត សូមឱ្យ​វិញ្ញាណក្ខន្ធ​អ្នកគ្រូ​ពេទ្យ​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន