Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ដាក់​ឲ្យ​អនុវត្ត​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា តាម​គន្លង​ប្រក្រតីភាព​ថ្មី ដល់​ប្រភេទ​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន​៤

​ភ្នំពេញ​៖ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ក្រសួងទេសចរណ៍​បានប្រកាស​ដាក់ឱ្យអនុវត្ត​បទដ្ឋាន​គតិយុត្ត «​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​និតិ​វិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (​ហៅ​កាត់​ថា SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​» សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ដែល​កំពុង​ធ្វើ​សកម្មភាព រួមមាន អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។​

​ការប្រកាស​ដាក់ឱ្យអនុវត្ត​បទដ្ឋាន SOP ដ៏​សំខាន់បំផុត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​បទដ្ឋាន​គតិយុត្ត​ដាក់ឱ្យអនុវត្ត​ស្ដង់ដា SOP តាម​គន្លង​ប្រក្រតីភាព​ថ្មី តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ (Zoom Meeting) នា​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ពិសេស​គឺ​ផ្សព្វផ្សាយ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ការធ្វើ​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​និតិ​វិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ​ចំនួន ៤ ខាងលើ បាន​រៀបចំឡើង​ស្របតាម​វិធានការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើ​បច្ចុប្បន្នភាព​លក្ខខណ្ឌ​នៃ​ការអនុវត្ត​មួយចំនួន ឆ្លើយតប​ទៅនឹង​គន្លង​ប្រក្រតីភាព​ថ្មី​តាម​ស្ថានភាព​បច្ចុប្បន្ន​។ វិធាន​សុវត្ថិភាព​នេះ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​កាតព្វកិច្ច និង​ជាល​ក្ខ​ណ្ឌ​បន្ថែម​ក្នុងការ​ស្នើសុំ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​។​

​ឯកឧត្ដម​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ណា បំពេញបាន​តាម​លក្ខណៈ​វិនិច្ឆ័យ​ដូច​បានកំណត់​ក្នុង​វិធាន​សុវត្ថិភាព​ទេសចរណ៍ នឹង​ទទួលបាន​លិខិតបញ្ជាក់​ទទួលស្គាល់​អាជីវកម្ម​ដែលមាន​សុវត្ថិភាព​ប្រឆាំងនឹង​កូ​វីដ​-១៩»​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ស្នើសុំ​រដ្ឋបាល​រាជធានី​-​ខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចុះ​អនុវត្ត ចុះ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​គ្រប់​មូលដ្ឋាន​អាជីវកម្ម និង​ត្រូវ​រាយការណ៍​ជាប្រចាំ ពិសេស​ត្រូវ​អប់រំ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ បុគ្គល​បម្រើការ​នៅតាម​គោលដៅ​ទេសចរណ៍​នីមួយៗ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែលជា​ដៃគូ​សហការ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ និង​ធានា​ឱ្យបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា ការជំរុញឱ្យ​មានការ​អនុវត្ត​បទដ្ឋាន​គតិ​យុត្ត​ខាងលើនេះ គឺ​ដើម្បី​ជួយ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​ទាំង ៤ ប្រភេទ​ធំៗ​ខាងលើ អាចធ្វើ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​បាន​ផង និង​សម្រប​ខ្លួន​រៀន​រស់ក្នុង​ប្រក្រតីភាព​ថ្មី​មួយ​។​ ឯកឧត្ដម​រដ្ឋមន្ត្រី​បន្តទៀតថា នៅពេល​អាជីវកម្ម​ទេសចរណ៍​ទាំង ៤ នេះ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​និតិ​វិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​ទាំងនេះ​បាន​ត្រឹមត្រូវ នឹង​ទទួលបាន​ក្ដី​ទុកចិត្ត​ពី​សំណាក់​ភ្ញៀវទេសចរ​។ យើងទាំងអស់គ្នា​នឹងចូលរួម ប្រែក្លាយ​ការគំរាមកំហែង​ពី​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់​ការលើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ ដើម្បី​ជំរុញ​ការទាក់ទាញ​ទេសចរ​ក្នុងស្រុក និង អន្តរជាតិ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន