Connect with us

Hi, what are you looking for?

កម្សាន្ត

ស្ថាន​ភាពសត្វ​ត្មាត បង្ហាញ​សញ្ញាណ​វិជ្ជមាន នៅ​កម្ពុជា

លទ្ធផល​នៃ​ការតាមដាន និង​កត់ត្រា​ស្ថានភាព​ប្រជាសាស្ត្រ​សត្វ​ត្មាត ដែល​បាន​ធ្វើឡើង​ក្នុង​ថ្ងៃ​ផ្សេងគ្នា​ក្នុង​ចន្លោះ​ខែកក្កដា និង​ខែសីហា ឆ្នាំ​២០២១ កន្លងទៅ បាន​បង្ហាញថា សត្វ​ត្មាត​ទាំងបី​ប្រភេទ ដែល​មាននៅ​ប្រទេស​កម្ពុជា​គឺ ត្មាតភ្លើង ត្មាត​ត្នោត និង​ត្មាតផេះ មាន​វត្តមាន​សរុប​ចំនួន ១៤០​ក្បាល នៅក្នុង​អាហារ​ដ្ឋា​ន​ត្មាត​សំខាន់ៗ​ចំនួន ០៤ កន្លែង​នៅ​តំបន់ការពារធម្មជាតិ កម្ពុជា​គឺ​៖ អាហា​រដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង អាហា​រដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ អាហា​រដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​សំបូរ​ក្នុង​ខេត្តក្រចេះ និង​អាហារ​ដ្ឋា​ន​ត្មាត​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ក្នុង​ខេត្តមណ្ឌលគិរី​។

​គួរ​បញ្ជាក់ដែរថា សត្វ​ត្មាត​ទាំងបី​ប្រភេទ​នេះ​សុទ្ធសឹងតែ​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN​។​ ​ជាមួយ លទ្ធផល​រាប់បាន​នៅ​ខែ​ចុងក្រោយ​នេះ យើង​ឃើញថា អាហា​រដ្ឋា​ន​ត្មាត​នៅ​ដែនជម្រកសត្វព្រៃ​សំបូរ​មានការ​កើនឡើង​នូវ​ចំនួន​សត្វ​ត្មាត​គួរឱ្យកត់សម្គាល់​។ អ្នកវិទ្យាសាស្ត្រ​នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា បាន​សម្តែង​ការអបអរសាទរ​ចំពោះ​សញ្ញាណ​វិជ្ជមាន​នៃ​ស្ថានភាព​សត្វ​ត្មាត​ទាំងបី​ប្រភេទ ខណៈ ដែល​ពិភពលោក​តែង​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​ការយល់ដឹង​អំពី​សត្វ​ត្មាត​នៅ​សប្តាហ៍​ទី​១ នៃ​ខែកញ្ញា​ជា​រៀងរាល់ឆ្នាំ​។​

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា នេះ​គឺជា​ដំណឹង​ដ៏​ល្អ សម្រាប់​ក្រុម​អ្នក​អភិរក្ស និង​សម្រាប់​ជីវៈចម្រុះ​នៅ​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​។

​ឯកឧត្តម​មានប្រសាសន៍​ថា «​ក្នុងនាម​ក្រសួងបរិស្ថាន សូម​កោតសរសើរ​ចំពោះ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​ទាំង​អស់នៃ​ក្រុមការងារ​អភិរក្ស​សត្វ​ត្មាត​កម្ពុជា ក៏ដូចជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់ ដែល​កំពុង​បំពេញភារៈកិច្ច​របស់ខ្លួន​នៅតាម​តំបន់ការពារធម្មជាតិ​នានា ដើម្បី​ការពារ​និង​អភិរក្ស​ទីជម្រក​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​ដែលមាន​វត្តមាន​សត្វ​ត្មាត ពោលគឺ​បាននិងកំពុង​ធ្វើឱ្យ​តំបន់​ធម្មជាតិ​នេះ​មាន​សុវត្ថិភាព​កាន់តែខ្លាំង​ឡើង​ថែមទៀត​សម្រាប់​សត្វ​ត្មាត និង​សត្វព្រៃ​ទាំងអស់ ដោយ​ខិតខំ​ប្រឹងប្រែង​ការពារ​ព្រៃឈើ​ជាទី​ជម្រក អាហារ និង​ប្រភពទឹក​សម្រាប់​សត្វព្រៃ និង​ជីវៈចម្រុះ​គ្រប់​ប្រភេទ​។​

​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះដែរ អ្នកវិទ្យាសាស្ត្រ​ក៏បាន​កត់ត្រា​ទុកជា​ពិសេស នូវ​ការវិល​ត្រលប់​របស់​សត្វ​ត្មាត​ត្នោត និង​ត្មាតផេះ មកកាន់​ទ្រនំ​របស់​ពួកវា​វិញ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្តមណ្ឌលគិរី ក្រោយ​អវត្តមាន​ពី​ទីនោះ​អស់​រយៈពេល​ជាង ៥​ឆ្នាំ​។ ទន្ទឹមនឹង​នេះដែរ លទ្ធផល​នៃ​ការរាប់​ចំនួន​សត្វ​ត្មាត​ដោយ​អាហារ​ដ្ឋា​ន​ត្មាត​នៅ​ដែនជម្រកសត្វព្រៃ​សំបូរ​នៃ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​បាន​បង្ហាញថា ចំនួន​សត្វ​ត្មាត​សរុប​ទាំងបី​ប្រភេទ​បញ្ចូល​គ្នា​បាន​កើនឡើង​ទ្វេដង​សម្រាប់​តំបន់​នេះ ពោលគឺ​ពី​ចំនួន ២០​ក្បាល ដល់​ចំនួន ៤១​ក្បាល​សម្រាប់​រយៈពេល​ពី​រ​ខែ​ចុងក្រោយ គឺ​ចន្លោះ​ចុងខែ​មិថុនា ដល់ ចុងខែ​សីហា ឆ្នាំ​២០២១ នេះ​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​អំពាវនាវ​ថា​៖«​សូម​ស្នើ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ត្មាត​ដែលជា​ប្រភេទ​សត្វ​កម្រ​នេះ​បន្ថែមទៀត ដោយ​ចូលរួម​ការពារ​ទីជម្រក លុបបំបាត់​ការបំពុល​នានា បញ្ឈប់​ការដាក់​អន្ទាក់ និង​ការ​បរបាញ់ និង​បញ្ឈប់​សកម្មភាព​រំខាន​ដោយ​មនុស្ស​ផ្សេងៗ​ទៀត ដើម្បី​ផលប្រយោជន៍​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ភាពសម្បូរ​បែប​នៃ​ជីវៈចម្រុះ និង រក្សាបាន​កេរតំណែល​ធម្មជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​បន្តទៀត​»​។​
​សមាជិក​ស្នូល​នៃ​ក្រុម​អភិរក្ស​សត្វ​ត្មាត​កម្ពុជា (CVWG) រួមមាន​ក្រសួងបរិស្ថាន (MoE) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​(MAFF) មជ្ឈមណ្ឌល​អង្គរ​សម្រាប់​អភិរក្ស​ជីវៈចម្រុះ (ACCB) អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (BirdLife in Cambodia) អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​(WCS) អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) ក្រុមហ៊ុន​Rising Phoenix និង​សមាជិក​សាមញ្ញ​រួមមាន សមាគម​មគ្គុទ្ទេសក៍​បក្សី​កម្ពុជា​(CBGA) សំ វាសនា ខន់​សឺ​វេ​សិន​ធួរ (SVC) និង​មជ្ឈមណ្ឌល​អភិរក្ស​ជីវៈចម្រុះ (CBC) នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន