Connect with us

Hi, what are you looking for?

អន្តរជាតិ

រដ្ឋប្រហារដោយយោធានៅប្រទេស​ Guinea ប្រធានាធិបតីត្រូវយោធាចាប់ខ្លួន

 លោក​ Mamadi Doumbouya មេបញ្ជាការកម្លាំងទាហាន Guinea ​បានប្រកាសតាមកញ្ចក់ទូរទស្សន៍​ជាតិនៅថ្ងៃទី ៥ខែកញ្ញាថា «​ក្រោយការចាប់ខ្លួន​ប្រធានាធិបតី​ Alpha Conde ​យើងបានសម្រេចរំលាយរដ្ឋាភិបាល»​។ មេទ័ព Mamadi Doumbouyaបញ្ជាក់ទៀតថា ផ្លូវគោក​ផ្លូវអាកាសត្រូវបានបិទ។ លោកមិនបានបញ្ជាក់ថាប្រធានាធិបតី​ Alpha Conde  ពេលនេះនៅទីណានោះឡើយ។

មុនពេលចាប់ខ្លួនប្រធានាធិបតី​ Alpha Conde ​ក៏មានការប៉ះទង្គិចគ្នានៅជិតវិមានប្រធានាធិបតី ​ Guinea ​នៅរដ្ឋធានី​ Condakry  នាព្រឹកថ្ងៃទី ៥ខែកញ្ញា (ពេលវេលាក្នុងតំបន់)។ ប៉ុន្មានម៉ោងក្រោយមក​ក៏មានឃ្លីបវីដេអូ​ដែលបានបង្ហោះលើបណ្តាញសង្គម​បង្ហាញឲ្យឃើញថា ប្រធានាធិបតីត្រូវបានយោធាចាប់ខ្លួន​។

មន្ត្រីយោធាដែលដឹកនាំធ្វើរដ្ឋប្រហារបានលើកឡើងថា «ភាពក្រីក្រ និងអំពើពុករលួយរីករាយដាននៅក្នុងជួររដ្ឋាភិបាល » ។ កតាទាំងនោះហើយបង្ខំឲ្យយោធា ត្រូវធ្វើរដ្ឋប្រហារ ចាប់ខ្លួនប្រធានាធិបតីនឹងរំលាយរដ្ឋាភិបាល ដើម្បីរៀបចំរដ្ឋាភិបាលថ្មីឡើងវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតី​ Conde  ត្រូវបានយោធាបញ្ជូនទៅកាន់ទីតាំងមួយដែលគេមិនឲ្យដឹងនោះឡើយ​។ តាមប្រភពព័ត៌មាន ក្រៅពីប្រធានាធិបតី នៅមានមន្ត្រីរដ្ឋាភិបាលជាច្រើនទៀត ក៏ស្ថិតនៅក្នុងការចាប់ខ្លួនពីកម្លាំងយោធាផងដែរ។

នៅពេលនេះគេមិនទាន់ដឹងថា មេដឹកនាំយោធាធ្វើរដ្ឋប្រហារឧត្តមសេនី​ Doumbouya បានគ្រប់គ្រង់ប្រទេសទាំងស្រុងហើយឬនៅ ។ ក្រសួងការពារជាតិGuinea  បានបញ្ជាក់ថា មានការវាយប្រហារសំដៅទៅលើវិមានប្រធានាធិបតី  ប៉ុន្តែត្រូវបានកម្លាំងទាហានពិសេស តទល់ហើយបណ្តេញចេញពីទីនោះ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន