Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប ដុត​កំទេចចោល​ឱសថ​បំប៉ន​សុខភាព​ជាង ១​តោន ដែល​គ្មាន​លេខ​បញ្ជី​ការ​ពី​ក្រសួងសុខាភិបាល

ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០២១ លោក​វេជ្ជបណ្ឌិត អ៊ា​ប ប៊ុន​លឿន អនុប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​មន្ត្រី​ជំនាញ បានរៀបចំ​ការដុត​កំទេចចោល​ឱសថ​បំប៉ន​សុខភាព​គ្មាន​លេខ​បញ្ជី​ការ​ក្រសួងសុខាភិបាល ប្រមាណ​ជាង ១​តោន ក្នុង​បរិវេណ​នៃ​ទីលាន​ចោល​សំរាម​របស់​ក្រុមហ៊ុន​ឯកជន​មួយ នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​សៀមរាប​។​

​លោកស្រី លី វណ្ណៈ ប្រធានការិយាល័យ​និយ័តកម្ម​នៃ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា ឱសថ​បំប៉ន​សុខភាព​ទាំងនេះ ផលិត​នៅ​សហរដ្ឋអាមេរិក និង​បាន​ដឹកជញ្ជូន​តាម​ជើងយន្តហោះ ហើយ​ក្រោយ​ការ​ចាប់បាន​វត្ថុតាង អង្គភាព​ប៉ូលីស​បានប្រគល់​ឲ្យ​ជំនាញ​សុខាភិបាល ផាកពិន័យ​អន្តរកាល​តាមច្បាប់​គ្រប់គ្រង​ឱសថ និង​ស្របតាម​ទម្ងន់​សាលក្រម​ព្រហ្មទណ្ឌ​លេខ​(៦០) របស់​សាលាដំបូង​ខេត្តសៀមរាប​។

​លោកស្រី លី វណ្ណៈ បានបញ្ជាក់​ទៀតថា ការដុត​កំទេច​ឱសថ​បំប៉ន​សុខភាព​នាពេលនេះ មានការ​យឺតយ៉ាវ​ក៏ពិតមែន ប៉ុន្តែ​យ៉ាងហោចណាស់ វា​បាន​ទប់ស្កាត់​ទាន់ពេលវេលា នៃ​ការធ្វើ​ចរាចរណ៍​ឱសថ​ទាំងនេះ​លើ​ទីផ្សារ ដែល​វា​មិន​ប្រាកដថា គុណភាព​របស់​វា​យ៉ាងដូចម្តេច ឬក៏​ថា វា​អាច​បង្ក​គ្រោះថ្នាក់​សុខភាព​ដល់​អ្នក​ប្រើប្រាស់​យ៉ាងណា​នោះទេ បើសិនជា​ឱសថ​ទាំងនោះ វា​បាន​ធ្លាយ​ទៅដល់​ដៃ​អតិថិជន​របស់គេ​នោះ ដូច្នេះ​និយាយ​រួម គឺ​យើង​បាន​ទប់ស្កាត់​ចំពោះ​ហា​នី​ភ័យ​សុខភាព​នៃ​អ្នកប្រើប្រាស់ ។

​ក្នុង​ដីកា​បញ្ជូន​របស់​សាលាដំបូង​ខេត្តសៀមរាប សំណុំរឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ជូន​មក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​វិនិច្ឆ័យ​សេចក្តី​ថា គឺ​ត្រូវបាន​រឹបអូស​ទំនិញ​ចម្រុះ ( អាហារ​បំប៉ន ម្សៅ​ក្រែ​ម ស្ក​គ្រាប់ និង​នំ ) មាន​ចំនួន ៧០​មុខ ស្មើ នឹង​១.២០២.៣៦៦​គ្រាប់ ដែលមាន​ទម្ងន់ ១.៣០១ គីឡូក្រាម ដែល​នាំចូល​ដោយ​គ្មាន​ការអនុញ្ញាត​ពី​សួង​សុខាភិបាល​កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​គោក​ដូង សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដែល​វត្ថុ​ចាប់យក​ទាំងនេះ ត្រូវបាន​រក្សាទុក​នៅ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ហើយ​សាលក្រម​ជំនុំជម្រះ​នេះ ប្រកាស​ជា​សាធារណៈ​កំបាំងមុខ​ជនជាប់ចោទ នឹងត្រូវ​បាន​ទុក​សិទ្ធិ​ប្តឹង​ទាស់ និង​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន