Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួង​ការងារ បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា អាណត្តិ​ទី​២ ឆ្នាំ​ទី​១ លើក​ទី​១

ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ ឈ្នួល​អប្បបរមា អាណត្តិ​ទី​២ ឆ្នាំ​ទី​១ លើក​ទី​១ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​អន​ឡាញ (Zoom)​។

​ថ្លែង​ក្នុងឱកាស​បើក​កិច្ចប្រជុំ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង បាន​លើកឡើងថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បាន​ដើរតួនាទី​ជា​យន្តការ​ត្រីភាគី​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា នឹង​ទទួលបាន​ការទទួលស្គាល់​ដោយ​ទូលំទូលាយ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ថា ជា​យន្តការ​ដ៏​គំរូ​មួយ​ប្រកបដោយ​តម្លាភាព និង​មានការ​ចូលរួម​ពី​គ្រប់ភាគី ជាពិសេស​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​លើកកម្ពស់​សុខ​ដុមរ​មនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​សុខុមាលភាព​របស់​កម្ម​ករ​និយោជិត​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា ទោះបីជា យន្តការ​ត្រីភាគី​នេះ​ទទួលបាន​វឌ្ឍន​ភាពជា​ទី​មោទនៈ​នាពេល​កន្លងមក​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង និង​កែលម្អ​យន្តការ​នេះ​ជាប្រចាំ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ឆាប់រហ័ស​។​

​យោងតាម អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ក្នុង​របាយការណ៍​ស្តីពី “​ប្រាក់​ឈ្នួល​នៅលើ​ពិភពលោក ឆ្នាំ​២០២០-២០២១” បានផ្តល់​អនុសាសន៍​ថា ៖ «​ការកែសម្រួល​ប្រាក់​ឈ្នួល​ទាមទារ​ឲ្យ​មានការ​រក្សា​តុល្យភាព និង​ធានា​ដល់​ការរក្សាបាន​ការងារ និង​ស្ថេរភាព​របស់​រោងចក្រ សហគ្រាស និង​រក្សាបាន​នូវ​ប្រាក់ចំណូល​សម្រាប់​កម្មក​រ​និយោជិត និង​គ្រួសារ​របស់​ពួកគេ​»​។
​ហេតុដូច្នេះ ការពិចារណា​លើ​អនុសាសន៍​របស់ ILO ជាការ​ចាំបាច់​ដើម្បី​រក្សា​ការងារ​របស់​កម្មករ និង​ការបង្កើត​ឱកាស​ការងារ​ដល់​យុវជន ដែល​ដល់​អាយុ​នឹង​ចូល​ទីផ្សារការងារ ពីព្រោះ​ការបញ្ចប់​វិបត្តិ​កូ​វីដ​-១៩ នៅពេល​អនាគត​ខាងមុខ មិនទាន់មាន​ពន្លឺ​នៅឡើយ ស្របពេល មានការ​ផ្ទុះ​ឡើងជា​បន្ត​បន្ទាប់​នូវ​វីរុស បំប្លែង​ខ្លួន​ថ្មី ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ក្នុង​ការចម្លង​។

​គួរ​រំលឹក​ជូន​ផងដែរ​ថា ចាប់ពី​ឆ្នាំ​២០១៩ យោងតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​(​ក​.​ជ​.​ប​.​អ​) ដែលជា​យន្តការ​ត្រីភាគី ដែលមាន​សំឡេង​ស្មើៗ​គ្នា ពី​គ្រប់ភាគី (១៧-១៧-១៧) ត្រូវបាន​បង្កើតឡើង ស្របតាម​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្ប​រប​មា​។ ជា​លទ្ធផល កាលពី​អាណត្តិ​ទី​១ ក​.​ជ​.​ប​.​អ បានរៀបចំ​កិច្ចប្រជុំ​ចំនួន​២០​លើក នៅក្នុង​ឆ្នាំ​២០១៩ និង​ចំនួន​១១​លើក នៅក្នុង​ឆ្នាំ​២០២០ ដោយបាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​ឆ្នាំ​២០២០ ចំនួន​១៩០​ដុល្លារ​អាម៉េរិក​/​ខែ និង​ឆ្នាំ​២០២១ ចំនួន ១៩២​ដុល្លារ​អាម៉េរិក​/​ខែ​។

​ដូចនេះ​នៅក្នុង​ឆ្នាំ​២០២១ ប្រសិនបើ​បូក​នឹង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​បន្ថែម កម្មករនិយោជិត​ម្នាក់​អាច​ទទួលបាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​២០៩ ទៅ ២២០​ដុល្លារ​អាម៉េរិក​ក្នុង​មួយខែ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ការ តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០២១ នៅ​កម្ពុជា​ធ្វើឡើង​នៅពេលដែល​សកលលោក​កំពុង​ជួប​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ផ្សេងទៀត​មិនមាន​ការប្រែប្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នោះទេ​។​

​ជា​ចុងក្រោយ​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បានកំណត់​ថ្ងៃទី​១៤ ទី​២១ និង​ទី​២៨ ខែកញ្ញា សម្រាប់​កិច្ចប្រជុំ​បន្តបន្ទាប់ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ស្របតាម​សំណូមពរ និង​ស្ថានភាព​ជាក់ស្តែង​នៃ​សមាជិក សមាជិកា របស់​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ធ្វើយ៉ាងណា​ត្រូវ​បញ្ចប់​កិច្ចប្រជុំ​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅពេល​ខាងមុខ​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន