Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីណែនាំ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែម ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ស្ថានភាព​នៃ​ការចម្លង​នៃ​វីរុស​កូ​វីដ​-១៩ នៅ​បណ្តា​ប្រទេស​លើ​សកលលោក និង​ក្នុង​តំបន់​មិនទាន់​មានការ​ធូរស្បើយ​នៅឡើយ ជាក់ស្តែង​រហូតមកដល់​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០២១ នៅលើ​ពិភពលោក មាន​ករណី​ជំងឺ​កូ​វីដ​-១៩ ចំនួន ២២០​លាន ៥៦៣​ពាន់ ២២៧​នាក់ ដែល​ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៤​លាន ៥៦៥​ពាន់ ៤៨៣​នាក់ ដែល​បាន​រាយការណ៍​មក​អង្គការ​សុខភាព​ពិភពលោក ឯ​បណ្តា​ប្រទេស​ដែលមាន​ភូមិ​ផង​របង​ជាប់​យើង​វិញ ក៏​នៅតែមាន​ការចម្លង​ខ្ពស់​នៅឡើយ ទោះបីជា​មានការ​ថយចុះ​បន្តិច​ក៏ដោយ​។​

​ចំណែក​កម្ពុជា​យើង ដោយមាន​កិច្ចខិតខំ​ប្រឹងប្រែង ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​ចង្អុល​បង្ហាញផ្លូវ ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់ ដែល​បានធ្វើឱ្យ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ បន្ត​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​ជាទី​មោទនៈ ក្នុងអំឡុង​ខែសីហា​រហូតដល់​ដើមខែ​កញ្ញា​នេះ​។​

​ដោយឡែក​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ យើង​សង្កេតឃើញថា ចំនួន​ករណី​ជំងឺ កូ​វីដ​-១៩ មានការ​ហក់​ឡើង​បន្តិច នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដែល​ក្នុងនោះ​ក្រសួងសុខាភិបាល​បាន​រកឃើញថា ករណី​ផ្ទុះ​ភាគច្រើន​បានកើត​ឡើង នៅ​ទីផ្សារ​លក់ដូរ ដែល​មិនមែនជា​ផ្សារ​ទំនើប គឺ​ផ្សារ​លក់ដូរ នៅតាម​បណ្តា​ខេត្ត ក្រុង ភូមិ ទីប្រជុំជន​នានា​ជាដើម ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង​មានការ​ទៅ​ទិញ​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ ឬ​ជួបជុំគ្នា​បរិភោគ​ជាដើម​។​

​ក្រសួងសុខាភិបាល​បន្ថែ​ម​ថា ដើម្បី​ធានា​ឱ្យបាន​នូវ​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ និង​ឆ្ពោះទៅកាន់​ការរស់នៅ​តាម​បែប​គន្លង​ប្រក្រតីភាព​ថ្មី ក្រសួងសុខាភិបាល​សូម​អំពាវនាវ​ដល់​លោក​អុំ ពូ មីង ពុក ម៉ែ បងប្អូន​ទាំងអស់​កុំ​មាន​អារម្មណ៍​ស្កប់ស្កល់ ដោយមាន​ការពឹងផ្អែក​ទាំងស្រុង ទៅលើ​វ៉ាក់សាំង​ដែល​លោក​អុំ ពូ មីង ពុក ម៉ែ បងប្អូន​ទាំងអស់ បានទទួល​នោះទេ​ពីព្រោះ​តាមរយៈ​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ចុះផ្សាយ​៖ «​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព ការពារ​យើង​មិនឱ្យ​ឈឺធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​សម្រាក​ពេទ្យ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​លទ្ធភាព​ចម្លង​វីរុស​កូ​វីដ​-១៩ ចំពោះ​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច គឺ​នៅតែ​អាច​ឆ្លង​បាន​ប្រសិនបើ​បុគ្គល​នោះ​មិនបាន​អនុវត្ត​នូវ​វិធានការ​បង្ការ​ការចម្លង​វីរុស​កូ​វីដ​-១៩​បាន​ខ្ជាប់ខ្ជួន​ទេនោះ​»​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ដោយ បុគ្គល គ្រួសារ សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង​៣​កុំ តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​យកចិត្តទុកដាក់​ខ្ពស់ តាមដាន​ការអនុវត្តន៍​វិធា​នា​ការ​សុខាភិបាល​នៅតាម​ទីតាំង​នានា ជាពិសេស​ទីតាំង​មាន​ហានិភ័យ​ខ្ពស់ ដូចជា​ទីតាំង ៣ «​ជ​» និង​ចាត់វិធានការ​រដ្ឋបាល​សមស្រប​ចាំបាច់​។ ការចូលរួម​រប​ស់បុ​គ្គល និង​សហគមន៍ ក្នុងការ​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩​នៅតែ​ចាំបាច់​បំផុត និង​ត្រូវអនុវត្ត​ជាប់​ជាប្រចាំ​ទោះជា​បងប្អូន​ទាំងអស់​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន