Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចុង​សប្តាហ៍​នេះ​! កម្ពុជា ទទួលភ្ញៀវ​ទេសចរ​ជាង ៦​ម៉ឺន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស​

​ភ្នំពេញ​៖ តាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​ដែល​ទទួលបាន​ពី​គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត បានឱ្យដឹងថា ក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែកញ្ញា (​ថ្ងៃទី​១១-១២) នៅ​ទូទាំងប្រទេស កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន ៦៣,៤២១ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ៦២,៤៦២ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៩៥៩ នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* រាជធានី​ភ្នំពេញ​៖ ១៨,៨៤៦ នាក់​
* ខេត្តកំពត​៖ ១៥,៧២១ នាក់​
* ខេត្ត​កែប​៖ ៧,៥៧០ នាក់​
* ខេត្តតាកែវ​៖ ៣,៧៣៦ នាក់​
* ខេត្ត​ព្រះសីហនុ​៖ ៣,៣៨៤ នាក់​
* ខេត្តពោធិ៍សាត់​៖ ៣,២៥៨ នាក់​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់ថា តួលេខ​នេះ​មានការ​កើនឡើង ២៤.២៥% ធៀប​នឹង​សប្តាហ៍​កន្លងទៅ​។ ជាការ​វាយតម្លៃ​បឋម ចរន្ត​ភ្ញៀវ​ទេសចរណ៍​ផ្ទៃក្នុង​នៅ​មិនទាន់មាន​ចំនួន​ច្រើន​នៅឡើយ​ទេ ខណៈ​រាជធានី​-​ខេត្ត​មួយចំនួន​នៅ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដាច់ដោយឡែក ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​បាន​បន្តទៀតថា មន្ទីរ​ទេសចរណ៍​ដែលជា​សេនាធិការ​ឲ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​បាននិងកំពុង​ជំរុញ​ការផ្សព្វផ្សាយ និង​ចុះ​អនុវត្ត​យ៉ាងសកម្ម​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​អប្បបរមា (SOP) ដែល​ក្រសួងទេសចរណ៍​បានដាក់​ឲ្យ​អនុវត្ត​កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១​កន្លងមក នៅតាម​មូលដ្ឋាន​អាជីវកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា ដើម្បី​ធានា​ការបើក​ដំណើរការ​មូលដ្ឋាន​អាជីវកម្ម​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី ប្រកបដោយ​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​-១៩ និង​ធានាបាន​នូវ​គុណភាព​សេវាកម្ម​ប្រកបដោយ​ភាព​ពេញចិត្ត​។​

​ជាងនេះទៀត ក្រសួងទេសចរណ៍​ក៏បាន​ដាក់ចេញ​សារាចរ​ណែនាំ ដើម្បី​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍ សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន