Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាមទិញវ៉ាក់សាំងពីប្រទេសគុយដើម្បីបង្កើនការចាក់វ៉ាក់សាំងទប់ស្កាត់កូវីដ​១៩

គិតមកទល់ពេលនេះវៀតណាម បានចាក់វ៉ាក់សាំងជូនពលរដ្ឋ បានជាង ៣៣លានដូសហើយ ។ ក្នុងថ្ងៃទី​១៨ខែកញ្ញា វៀតណាមចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៥សែនដូសក្នុងមួយថ្ងៃ។ ចំណែកពលរដ្ឋដែលបានចាក់គ្រប់ចំនួនពីរដូសមាន ជិត ៦លាននាក់ ក្រៅពីនេះគឺចាក់បានមួយដូស។

ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង វៀតណាមបានឲ្យដឹងថា ខ្លួនបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសគុយបា ឈ្មោះថា «អាប់ដាឡា (Abdala)» ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តប្រយុទ្ធតទល់ជាមួយ រលកឆ្លងរាតត្បាតដ៏អាក្រក់។

រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា វ៉ាក់សាំង Abdala ត្រូវបានអនុម័តឲ្យប្រើប្រាស់ ដោយផ្អែកទៅលើ តម្រូវការចាំបាច់របស់ប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19។ កាលពីខែសីហាកន្លងទៅ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា គុយបានឹងផ្គត់ផ្គង់វ៉ាក់សាំង Abdala ក្នុងចំនួនច្រើន ឲ្យវៀតណាម ហើយផ្ទេរបច្ចេកវិទ្យាផលិត មុនដាច់ឆ្នាំ២០២១នេះ។

វ៉ាក់សាំងគុយបា Abdala គឺជាវ៉ាក់សាំងទី៨ហើយ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅវៀតណាម ដែលជាប្រទេសមានអត្រាចាក់វ៉ាក់សាំង COVID-19 ដ៏ទាបបំផុតមួយ នៅក្នុងតំបន់។ មកទល់ពេលនេះ ក្នុងចំណោមប្រជាជនវៀតណាមសរុប ជិត១០០លាននាក់ គឺត្រឹមតែជាង៦ភាគរយប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស។ រីឯករណីឆ្លងសរុបនៅវៀតណាមវិញ គឺបានកើនដល់ ៦៦៧,៦៥០នាក់ និងស្លាប់១៦,៦៣៧នាក់។

គួរបញ្ជាក់ថា វ៉ាក់សាំង Abdala គឺជាវ៉ាក់សាំងប្រភេទចាក់៣ដូស។ បើតាមការអះអាងរបស់គុយបា កាលពីខែមិថុនា ឆ្នាំ២០២១ វាមានប្រសិទ្ធភាព៩២.២៨ភាគរយ ក្នុងលទ្ធផលនៃការធ្វើតេស្តដំណាក់កាលចុងក្រោយ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន