Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជប៉ុន ផ្តល់ជំនួយ​ជាង ៧០​លាន​ដុល្លារ​ទៀត ដល់​កម្ពុជា​

​​ភ្នំពេញ ៖ ប្រទេស​ជប៉ុន បាន​បន្ត​ផ្តល់ជំនួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ៧២ លាន​ដុល្លារ​ទៀត​។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ឯកឧត្តម ប្រាក់ សុខុន និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​នៅ​ភ្នំពេញ នឹង​ចុះហត្ថលេខា​ទទួល​ជំនួយឥតសំណង​និង​ឥណទាន​សម្បទាន​ពី​ប្រទេស​ជប៉ុន​ក្នុង​ចំនួន ៧២,៧២ លាន​ដុល្លារ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ នៅ​ក្រសួងការបរទេស​កម្ពុ​ជា ក្នុង​រាជធានី​ភ្នំពេញ​​។​

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ការបទេស​កម្ពុជា បានឱ្យដឹងថា ជំនួយ​នេះ​នឹង​បែង​ចែកជា​ពីរ គឺ​ជំនួយ​ឥណទាន​សម្បទាន​លើ​គម្រោង​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្តសៀមរាប ដំណាក់កាល​ទី ២ ដែលមាន​ទឹកប្រាក់​សរុប​ជាង ៦ លាន​យ៉េន ឬ​ស្មើនឹង ៥៨,២១ លាន​ដុល្លារ​អាមេរិក ។

​ចំណែក​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​លើ​គម្រោង​ជាច្រើន​ទៀត ក្នុងនោះ​រួមមាន គម្រោង​គាំទ្រ​ដំណើរ​ការកសាង​ផែនការ​បោសសម្អាត​មីន និង​ត្រួតពិនិត្យ​គុណភាព​លើ​ផ្ទៃដី​បោសសម្អាត ដែលមាន​ទឹកប្រាក់​សរុប ២០០ លាន​យ៉េន ឬ​ស្មើនឹង ១,៨ លាន​ដុល្លារ​អាមេរិក​។ គម្រោង​សម្ភារ​បច្ចេកទេស​សម្រាប់​មន្ទីរពិសោធន៍​ជាតិ​សំណង់ ដែលមាន​ទឹកប្រាក់​សរុប ២៥០ លាន​យ៉េន ឬ​ប្រមាណ​ជា ២,២៧ លាន​ដុល្លារ​អាមេរិក ។​

​គម្រោង​សម្ភារ​បច្ចេកទេស​សម្រាប់​ស្ថានីយ​វាស់វែង​អចិន្ត្រៃយ៍ និង​ជ្ឈ​មណ្ឌល​ទិន្នន័យ​ដែលមាន​ទឹកប្រាក់​សរុប ២៥០ លាន​យ៉េន ឬ​ប្រមាណ​ជា​២,២៧ លាន​ដុល្លារ​អាមេរិក គម្រោង​បំពាក់​ឧបករណ៍​សម្ភារ​និង​បរិក្ខារ​បច្ចេកទេស​សម្រាប់​គ្រឹះស្ថាន​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ មាន​ទឹកប្រាក់​សរុប ៤០០ លាន​យ៉េន ឬ​ប្រមាណ ៣,៦៣ លាន​ដុល្លារ​អាមេរិក និង​គម្រោង​បំពាក់​សម្ភារ​បរិក្ខារ​និង​គ្រឿង​ម៉ាស៊ីន​ក្នុង​វិស័យ​ឧស្សាហកម្ម​គ្រឿងយន្ត​អេ​ឡិច ត្រូ​និក និង​មេកា​និក នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ទឹកប្រាក់​សរុប ៥០០ លាន​យ៉េន ឬ​ស្មើនឹង ៤,៥៤ លាន​ដុល្លារ​អាមេរិក ។​

​កម្ពុជា​ចាត់ទុក ជំនួយ​ឥណទាន​សម្បទាន​និង​ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ក៏ដូចជា​ជួយ​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន