Connect with us

Hi, what are you looking for?

កម្សាន្ត

ទីតាំង​ចំនួន​៥​ទៀត ជា​កន្លែង​រក​ចំណី​របស់​សត្វ​ក្រៀល នៅខាងក្រៅ​តំបន់ការពារទេសភាព​ការពារ​អន្លង់​ព្រីង​

​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នក​អភិរក្ស​វ័យក្មេង បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ទីតាំង​ផ្សេងៗ ដែលមាន​វត្តមាន​សត្វ​ក្រៀល និង​ដែល​ត្រូវបាន​គេ​ជឿថា ជា​កន្លែង​ផ្ដល់​ចំណី​បន្ថែម​ដល់​ក្រៀល ក្នុង​រដូវ​មិន​បន្ត​ពូជ​នៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ខេត្តកំពត​។ ​ការសិក្សា​នេះ​បាន​រកឃើញ​ចំនួន​នៃ​សត្វ​ក្រៀល​ដែល​ចូល​ទៅរក​ចំណី នៅ​ទីតាំង​មាន​វាលស្មៅ​លិច​ទឹក និង​វាលស្រែ​ចំនួន​៥​កន្លែង​ខុសៗ​គ្នា​។ ការសិក្សា​នេះ​ក៏បាន​ពិនិត្យមើល​ទៅលើ​សកម្មភាព​របស់​មនុស្ស​ដែលជា​កត្តា​គំរាមកំហែង និង​អាច​ជះឥទ្ធិពល​លើ​ឥរិយាបថ​របស់​សត្វ​ក្រៀល​នៅក្នុង​ការជ្រើសរើស​ទីតាំង​រក​ចំណី​ផងដែរ​។​

​ការប្រមូល​ទិន្នន័យ​តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​ជីវៈចម្រុះ​នៅ​មូលដ្ឋាន បានបង្ហាញ​អំពី​ប្រវត្តិ​នៃ​ការរក​ចំណី​របស់​សត្វ​ក្រៀល​នៅ​ខាងក្រៅ​តំបន់ការពារទេសភាព​អន្លង់​ព្រីង ដែលមាន​ទីតាំង​សំខាន់ៗ​ចំនួន ៥​កន្លែង ដូចជា​ភ្នំ​ទឹក ព្រះ​ត្រ​ហឹ​ង កោះ​ទន្សែ កោះ​តា​យ៉យ និង​កោះ​កណ្ដាល ។ ភ្នំ​ទឺ​ក ព្រះ​ត្រ​ហឹ​ង និង​កោះ​តា​យ៉យ ជា​តំបន់​ដែល​គ្របដណ្តប់​ដោយ​រុក្ខជាតិ​ផ្លុ​ង ដែលជា​ចំណី​របស់​សត្វ​ក្រៀល​។

កោះ​ទន្សែ និង​កោះ​កណ្តោល គឺជា​តំបន់​វាលស្រែ ដែល​អាច​ផ្គត់ផ្គង់​គ្រាប់ស្រូវ​ដែល​ត្រូវបាន​គេ​ដឹងថា​ជា​អាហារ​សំខាន់​របស់​សត្វ​ក្រៀល​ផងដែរ​។ ទោះជា​វត្តមាន​រុក្ខជាតិ​ផ្លុ​ង និង​ស្រូវ​ដែលជា​ចំណី​សំខាន់​របស់​សត្វ​ក្រៀល​ត្រួវបាន​កត់ត្រា​នៅ​តំបន់​ទាំងនេះ​ក៏ដោយ លទ្ធផល​ពី​ការប្រមូល​ទិន្នន័យ​បានបង្ហាញ​ឲ្យ​ឃើញថា​ចំនួន​សត្វ​ក្រៀល​ដែល​ប្រើប្រាស់​ទីតាំង​រក​ចំណី​ទាំង ៥ នេះ មានការ​ថយចុះ​មក​ស្ទើរតែ​គ្មាន​សត្វ​ក្រៀល​នៅ​ឆ្នាំ ២០២១​។

ក្នុងចំណោម​ទីតាំង​ទាំង ៥ ភ្នំ​ទឹកជា​តំបន់​ដែល​ធ្លាប់​កត់ត្រា​វត្តមាន​រប​ស់​សត្វ​ក្រៀល​ប្រហែល ៥០% នៃ​ចំនួន​សត្វ​ក្រៀល​សរុប​ដែល​មាននៅ​តំបន់​អន្លង់​ព្រីង ហើយ​សត្វ​ក្រៀល​នៅតែ​បន្ត​មាន​វត្តមាន​នៅទីនេះ​ក្នុង​ឆ្នាំ​២០២១​នៅឡើយ​។ លទ្ធផល​នេះ​បង្ហាញថា ភ្នំ​ទឹកជា​ទីតាំង​សំខាន់បំផុត​ក្នុងចំណោម​ទីតាំង​ទាំង​៥ ក្នុងការ​ផ្ដល់​ចំណី​ដល់​សត្វ​ក្រៀល​ក្រៅពី​តំបន់ការពារទេសភាព​អន្លង់​ព្រីង​។

​លទ្ធផល​សិក្សា​ក៏បាន​បង្ហាញថា សកម្មភាព​រំខាន​ភាគ​ច្រើន​គឺ​បង្កដោយ​មនុស្ស​នៅក្នុង​តំបន់ និង​នៅ​ជិត​តំបន់​រក​ចំណី ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការជ្រើសរើស​តំបន់​រក​ចំណី​របស់​សត្វ​ក្រៀល (​ធ្វើ​ឲ្យ​សត្វ​ក្រៀល​ឈប់​រក​ចំណី​នៅ​ទីតាំង​ធ្លាប់​រក​ចំណី​កន្លងមក​)​។ សកម្មភាព​រំខាន​រប​ស់មនុស្ស​ត្រូវបាន​កត់​ត្រា​នៅក្នុង​ទីតាំង​រក​ចំណី​របស់​សត្វ​ក្រៀល​ទាំង ៥ រួមមាន​ការនេសាទ ការ​ឃ្វាល​គោក្របី ការអភិវឌ្ឍន៍ ការធ្វើ​ស្រែ​បង្គា និង​ការបាត់បង់​ដី​សើម​ដោយសារ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​លំនៅដ្ឋាន​ជាដើម​។

​ការអប់រំ​ផ្សព្វផ្សាយ​គួរ​ត្រូវបាន​ធ្វើឡើង ដើម្បី​បង្កើន​ការយល់ដឹង​អំពី​សារៈសំខាន់​នៃ​តំបន់ដីសើម​នា​តំបន់ភ្នំ​ទឹក តំបន់​ព្រះ​ត្រ​ហឹ​ង និង​កោះ​តា​យ៉យ​ក្នុងការ​ដើរតួនាទី​ផ្តល់​ជា​ជម្រក និង​ទីតាំង​រក​ចំណី​ដ៏​សំខាន់​ដែល​ទ្រទ្រង់​សត្វ​ក្រៀល​និង​ប្រភេទ​សត្វ​ស្លាប​ដទៃទៀត​។ មុខងារ​របស់​តំបន់ភ្នំ​ទឹក ព្រះ​ត្រ​ហឹ​ង គួរតែ​ត្រូវបាន​ថែរក្សា​ដើម្បី​បន្ត​គាំទ្រ​ដល់​របប​អាហារ​និង​ការរស់រាន​របស់​សត្វ​ក្រៀល និង​របស់​បក្សី​ដទៃទៀត​។

សកម្មភាព​មនុស្ស​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កត្តា​គំរាមកំហែង​ដល់​សត្វ​ក្រៀល​នៅ​តំបន់​ទាំងនេះ​ត្រូវតែ​កាត់បន្ថយ​និង​គ្រប់គ្រង​ឱ្យបាន​ល្អ​ដើម្បី​ធានាថា​សត្វ​ក្រៀល​អាច​បន្ដ រក​ចំណី​នៅ​ទីតាំង​ទាំងនេះ​បានយូរ​អង្វែង ដោយ​មិន​ស្ថិតក្រោម​ការគំរាមកំហែង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន